កីឡាជាតិ
ជាតិ
វីដេអូ
លោក កែវ រ៉េមី៖ ពីអ្នកវាយគ្នាដណ្ដើមបាយក្ដាំង ក្លាយជាអ្នកខ្លាំងតេក្វាន់ដូ ITF នៅទឹកដីអាម៉េរិក
18, Nov 2023 , 9:29 am        
រូបភាព
លោក កែវ រ៉េមី ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក កែវ រ៉េមី ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បាននិយាយប្រាប់ពីប្រវត្តិខ្លះៗ របស់ខ្លួន ដែលធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើន អំឡុងទសវត្សរ៍ទី៧០ និង៨០ នៅលើទឹកដីកម្ពុជា និងសហរដ្ឋអាម៉េរិក។ ធ្លាប់ឆ្លងកាត់ការវាយគ្នាយកបាយក្ដាំក្នុងរបបប៉ុលពត ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឲ្យអ្នកហាត់តេក្វាន់ដូ ITF ទសវត្សរ៍ទី៨០ នៅទឹកដីអាម៉េរិក ខ្លាចរអា។



ក្នុងបទសម្ភាសជាវីឌីអូ ជាមួយសារព័ត៌មានថ្មីៗ លោក កែវ រ៉េមី ផ្តើមហាត់ក្បាច់គុនតាំងពីឆ្នាំ១៩៧២ ពោលអំឡុងរបបលន់ នល់។ សិល្បៈរឿងកុនហុងកុង ពេញនិយមខ្លាំង ដូចជា ក្បាច់គុន លី ស៊ាវឡុង, ជៀង តាវេ, ឈិន វ៉ាន់ថៃ បានជះឥទ្ធិពលទៅលើយុវជន នៅសម័យនោះ ដែលជាហេតុ ធ្វើឲ្យយុវជន នាពេលនោះ ចាប់អារម្មណ៍ពីការហាត់ក្បាច់គុន។
 

លុះចូលមកដល់របបប៉ុលពត នៅឆ្នាំ១៩៧៥ លោក កែវ រ៉េមី ត្រូវជម្លៀសទៅខេត្តបាត់ដំបង។ ប្រជាជន ជម្លៀសពីភ្នំពេញ ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ចាត់ទុកថា ជាប្រជាជនមូលដ្ឋានថ្មី ខណៈ ដែលអ្នករស់នៅទីនោះជា ប្រជាជនមូលដ្ឋានចាស់។ លោក កែវ រ៉េមី ត្រូវបានខ្មែរក្រហម បង្ខំឲ្យវាយជាមួយ ប្រជាជនមូលដ្ឋានចាស់ ដើម្បីបានបាយក្ដាំង យកទៅបរិភោគ។ នោះ ក៏ជាពេល ដែលប្រជាពលរដ្ឋជម្លៀសរូបនេះ បានប្រកួតជាក់ស្ដែង ដើម្បីតែការចង់រស់បន្ដ និងចង់ឲ្យគេចផុត ពីការធ្វើបាប នាពេលនោះ។
 
«គេបង្ខំខ្ញុំ ឲ្យប្រកួតគ្នា ដើម្បីឲ្យបាយក្ដាំង ហើយបើយើង មិនប្រកួតទេ គេធ្វើបាបយើង ព្រោះគេមានការរើសអើងយើង ដោយយើងជាប្រជាជនមូលដ្ឋានថ្មី។ យើង ជាជនជម្លៀសពីភ្នំពេញ។ អ៊ីចឹង គេបង្ខំឲ្យខ្ញុំវៃ។ ខ្ញុំ តែងទទួលបានបាយក្ដាំង។ នោះ គឺដើម្បីរស់ផង ហើយបើយើងមិនធ្វើតាមគេ ខ្លាចគេធ្វើបាប។ អ៊ីចឹង នេះ គេហៅថាអនុវត្តជាក់ស្ដែង។»។ លោក កែវ រ៉េមី បាននិយាយដូច្នេះ។
 
អំឡុងពេល ៣ឆ្នាំកន្លងផុតទៅ ចាប់ពីឆ្នាំ១៩៧៩ លោក រ៉េមី បន្ដហាត់ដោយខ្លួនឯង រហូតដល់ឆ្នាំ១៩៨២ និង ១៩៨៣ ទើបទទួលបានឱកាសទៅរៀននៅសាលាកម្រិតសិក្សាភូមិភាគបាត់ដំបងកម្រិត៣។ នៅទីនោះលោក កែវ រ៉េមី បានហ្វឹកហាត់តេក្វាន់ដូ និងយូដូ។
 
នៅក្នុងអំឡុងទសវត្សរ៍ដដែល លោក កែវ រ៉េមី បានធ្វើចំណាកស្រុកទៅ រដ្ឋអារីហ្ស៊ូណា ទឹកដីអាម៉េរិក។ នៅទីនោះ គេតម្រូវឲ្យ រូបលោក ពាក់ខ្សែក្រវ៉ាត់ និងមិនខ្វល់ពីកម្រិត ដែលរូបលោក ធ្លាប់បានហាត់នៅខ្មែរឡើយ។ ដោយមិនអស់ចិត្ត លោក កែវ រ៉េមី បានចំណាយថិវការបន្ថែមទៀត ដើម្បីហាត់តេក្វាន់ដូបន្ថែម។ ការហាត់តេក្វាន់ដូ នៅសហរដ្ឋអាម៉េរិក គឺមានលក្ខណៈពិសេស ដោយសារតែហាត់ទាំងមេគុនផង និងប្រកួតជាក់ស្ដែងផង។ នៅក្រៅស្រុក លោក កែវ រ៉េមី ត្រូវបានសហព័ន្ធតេក្វាន់ដូអន្ដរជាតិ ITF ទទួលស្គាល់ថាជាអ្នកខ្លាំង ដោយសារតែការប្រកួតឈ្នះ ជាមួយសិស្សនៅសហរដ្ឋអាម៉េរិក ដែលមានមាឌធំជាងខ្លួន។ អ្វី ធ្វើឲ្យសិស្សនៅទីនោះ ភ្ញាក់ផ្ញើល និងមានសម្ពាធ នោះ ការដឹងថាគូប្រកួតរបស់គេ គឺលោក កែវ រ៉េមី ដែលមានប្រវត្តិធាក់គូប្រកួតស្រាំឆ្អឹងជំនី។
 
អ្នកខ្លាំងរូបនេះ ប្រាប់ពីយុទ្ធសាស្ដ្រថា កាយសម្បទា គ្រាន់តែជាផ្នែក១ប៉ុណ្ណោះ ប៉ុន្ដែ អ្វីដែលគួបផ្សំបន្ថែមឲ្យជោគជ័យ គឺជាបញ្ញា។ «រាងកាយ គឺជារឿង១ ប៉ុន្ដែត្រូវប្រើបញ្ញា។ អ្នកតូចវៃមួយអ្នកធំ មិនអាចឈរវៃទល់មុខបានទេ គឺត្រូវចេះវៃសង។ នៅពេលប្រកួត យើងត្រូវបញ្ឆោតគាត់ ដើម្បីឲ្យគាត់ទាត់ ២ ៣លើកមក យើងទៅគៀកចាប់ឱកាសទាត់តែម្ដង។ ចាប់ផ្ដើមឈ្នះ ហើយមិនមានភ័យ ហើយកាន់តែជឿជាក់។ ក្នុងសាលាគុន គេចាប់ផ្ដើមខ្លាច ដោយសារធាក់គូប្រកួតស្រាំឆ្អឹងជំនី។»។  លោក កែវ រ៉េមី និយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក កែវ រ៉េមី ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វ កម្ពុជា ដែលមានខ្សែក្រវ៉ាត់ខ្មៅ ៧ដាន់៕

Tag:
 កែវ រ៉េមី
  តេក្វាន់ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com