កីឡាជាតិ
ជាតិ
គ្រូគុនខ្មែរ សេង ប៊ុនសុង ធ្លាប់ផ្តួលកីឡាករថៃតាមជាយដែន ច្រើននាក់ នៅទសវត្សរ៍៨០
17, Nov 2023 , 4:43 pm        
រូបភាព
លោក សេង ប៊ុនសុង ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក សេង ប៊ុនសុង ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាអតីតកីឡាករប្រដាល់ខ្មែរ ដែលធ្លាប់ផ្ដួលអ្នកគុននិយមក្បាច់គុនថៃជាច្រើននាក់ នៅជាយដែន ក្នុងទសវត្សរ៍ទី៨០។



ក្រៅពីជំនាញគុនខ្មែរ លោក សេង ប៊ុនសុង បានហាត់ហាប់គីដូ អស់រយៈពេល២ឆ្នាំ។ មុនពេល កម្ពុជា ស្ថិតក្រោមរបបខ្មែរក្រហម  លោកបានហាត់ប្រដាល់សេរី (ប្រដាល់គុនខ្មែរបច្ចុប្បន្ន) នៅប៉ៃលិន ជាមួយគ្រូប្រដាល់ ឈ្មោះ ឈិត សារឹម។ នៅចន្លោះ ឆ្នាំ១៩៧២-១៩៧៥ លោក សេង ប៊ុនសុង បានហាត់ក្បាច់គុន ២ផ្សេងគ្នាទៀត គឺយូដូ និងប្រដាល់សកល។
 
នៅឆ្នាំ១៩៧៩ នាចុងសម័យប៉ុលពត លោក ប៊ុនសុង ទៅរស់នៅជាយដែនកម្ពុជា-ថៃ។ ការចាកចេញពីប៉ៃលិន ទៅរស់នៅជំរំខាវអ៊ីដាង ដែលនៅជាយដែននោះ អ្នកហាត់គុនរូបនេះ មិនមានគោលបំណង និងនិន្នាការអ្វីទេ គឺគ្រាន់តែរត់ភៀសខ្លួន ពីរបបផ្ដាច់ការប៉ុណ្ណោះ។ អំឡុងពេលរស់នៅជំរំ លោក ប៊ុនសុង បានស្គាល់ព្រឹទ្ធាចារ្យចាស់ៗ ដែលមានក្បាច់គុនខ្លាំងជាច្រើនអ្នក។ នៅក្នុងឆ្នាំ១៩៨០ លោកបានស្គាល់ លោក សាន គឹមស៊ាន ដែលជាព្រឹទ្ធាចារ្យគុនល្បុក្កតោសព្វថ្ងៃ។ ដោយឡែក ការជួបស្គាល់នោះ លោក ប៊ុន សុង បានហាត់រៀន ក្បាច់ហាប់គីដូ បន្ថែមពី លោកព្រឹទ្ធាចារ្យ។

ដោយឡែកល្បុក្កតោ គឺជាក្បាច់មួយ ដែលលោក បានហាត់ក្រោយក្បាច់គុនផ្សេងទៀត ព្រោះក្បាច់គុននេះ បានបាត់បង់យូរហើយ ប៉ុន្ដែ បានមានកំណើតវិញ នៅឆ្នាំ១៩៩២ រហូតមកដល់ពេលនេះ ដោយសារ ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានស្រាវជ្រាវ និងប្រមូលគ្រូចាស់ៗ ជាច្រើន មករៀបរៀងឡើងវិញ។
 
ក្នុងឆ្នាំ១៩៨២ លោក សេង ប៊ុនសុង បានធ្វើមាតុភូមិនិវត្តន៍ ពីជំរំ ខាវអ៊ីដាង មកស្រុកខ្មែរវិញ ប៉ុន្ដែមិនបានសម្រេច ហើយក៏បានទៅនៅជំរំថ្មី ឬជំរំឬទ្ធិសែន រហូតដល់ឆ្នាំ១៩៨៤។ ការរស់នៅក្នុងជុំរំថ្មី លោក សេង ប៊ុនសុង បានបង្ហាត់ក្បាច់ហាប់គីដូ ដែលធ្វើឲ្យប្រជាជននៅទីនោះ មានការចាប់អារម្មណ៍ពីលោកយ៉ាងខ្លាំង ហើយក៏ធ្វើឲ្យអ្នកហាត់ក្បាច់គុនជាច្រើន ចង់សាកថ្វីដៃ ហើយចង់ឲ្យលោក ឡើងសង្វៀនប្រកួត។
 
លោក សេង ប៊ុនសុង លើពានហាប់គីដូ រូបពី សេង ប៊ុនសុង
 
លោក ប៊ុនសុង ស្ទើតែមិនជឿថារូបលោក អាចប្រដាល់បាន ព្រោះលោកមិនធ្លាប់មានបទពិសោធន៍នេះ ពីមុនមក ដោយគ្រាន់តែជាអ្នកធ្លាប់ហាត់ក្បាច់គុនច្រើនប្រភេទប៉ុណ្ណោះ។ នៅឆ្នាំ១៩៨២ រូបលោក បានប្រកួតប្រដាល់សេរីឈ្នះ ជើងខ្លាំងប្រចាំប្រទេសកម្ពុជា ឈ្មោះថា​ សឹម ម៉ីស៊ី។ ក្រោយពីការឈ្នះ អ្នកគុននិយមកំពូលរបស់កម្ពុជារូបនេះ លោក ប៊ុនសុង ត្រូវបានអ្នករៀបចំការប្រកួត ផ្គូរផ្គងឲ្យជួបជាមួយអ្នកប្រដាល់ថៃ។
 
«ខ្មែរយើង មានទម្លាប់១ ថាកាលណាយើងលេចធ្លោ គឺគេចង់សាកយើងតែម្ដង។ គេ ចង់សាក ហៅយើងឡើងសង្វៀន។ អ្នកនៅជំរំថ្មី​ (ជំរំឬទ្ធិសែន) បានមកមើល។ កាលនោះ គេបញ្ឈប់ នូវទឹកទី២ ដោយសារខ្ញុំ មានប្រៀបច្រើនលើ សឹម ម៉ីស៊ី ដើម្បីកុំឲ្យខូចកីឡាករ ហើយក៏ចាប់ផ្ដើមរៀបចំឲ្យខ្ញុំប្រកួតជាមួយថៃ។»។ អ្នកប្រដាល់ឆ្នាំទសវត្សរ៍ទី ៨០ រូបនេះ និយាយដូច្នេះ។ លោក ត្រូវបានគេស្គាល់ និងដាក់ឈ្មោះក្រៅថា ហៀវ អ៊ីពៅ។
 
ការប្រកួតជាមួយថៃលើកដំបូង អ្នកគុននិយមរូបនេះ បានចាញ់ ដោយសារការមើលស្រាលដៃគូ ឈ្មោះអាដាំ។ លោក បានទម្លាក់ដៃ ឲ្យគេវាយ ព្រោះយល់ថាខ្លួនធ្លាប់ប្រកួតឈ្នះជើងខ្លាំងស្រុកខ្មែរ ដូច្នេះ ថៃមិនមានអ្វីអស្ចារ្យទេ។ មួយខែក្រោយ អ្នកគុននិយមកម្ពុជារូបនេះ បានប្រកួតសងសឹកជាមួយកីឡាថៃ ដដែលនោះ ហើយក៏បានយកឈ្នះវិញ ហើយលោក ប៉ុនសុង ក៏សុំគេវាយជាលើកទី៣ ជាមួយ អាដាំ ដោយគោលបំណងវាយកីឡាករថៃរូបនោះ ឲ្យបាក់ស្បាត ប៉ុន្ដែ គេបដិសេធ មិនហ៊ានប្រកួត។ 
 
ភាពល្បីល្បាញរបស់លោកគ្រូ សេង ប៊ុនសុង ឬហៀវ អ៊ីពៅ (ឈ្មោះហៅក្រៅ) ត្រូវបានល្បីទៅដល់ប្រទេសថៃ ហើយសូម្បីតែ អ្នកប្រដាល់ឈ្មោះ ឆារៈវ៉ាន់ ជាអ្នកខ្លាំងប្រចាំប្រទេសថៃ ក៏ចង់ប្រកួតជាមួយដែរ។ អ្នករៀបចំការប្រកួតនាពេលនោះ ក៏បានរៀបចំការប្រកួត ហៀវ អ៊ីពៅ ជាមួយ ឆារៈវ៉ាន់។ បន្ទាប់ជ័យជម្នះលើ ឆារៈវ៉ាន់ ឈ្មោះ ហៀវ អ៊ីពៅ ត្រូវបានប្រជាជន ដែលធ្លាប់រស់នៅជំរំ និងជាយដែន ចងចាំមិនភ្លេចពីភាពខ្លាំងរបស់លោក។
 
មុនពេលចាកចេញទៅទឹកដីរដ្ឋ Massachusetts នៃសហរដ្ឋអាម៉េរិក នាឆ្នាំ១៩៨៨ លោក ប៊ុនសុង ធ្លាប់ សាងកេរ្ដ៍ឈ្មោះឲ្យកម្ពុជា នៅទឹកដីហ្វីលីពីន ដោយបានឈ្នះចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួត Asian Martial Art Competition ដែលមាន ១៩ក្រុមចូលរួម មកពីសហព័ន្ធជាសមាជិកកីឡារបស់ហ្វីលីពីន។ ការប្រកួតនោះ គឺជាការសម្ដែងពីសមត្ថភាពក្បាច់គុនផ្ទាល់ខ្លួន របស់លោក។ 
 
ទៅដល់ទឹកដីសហរដ្ឋអាម៉េរិក នាឆ្នាំ១៩៨៨ លោក ប៊ុនស៊ុក បានបើកសាលាគុនហាប់គីដូ ដែលមានឈ្មោះ Master Song’s Martial Arts Academy។ នៅឆ្នាំដដែរនោះ លោក បានពង្រីកសាខាក្លិបក្បាច់គុន រហូតបានដល់ ៣កន្លែង។ លោក សេង ប៊ុនសុង នាអំឡុងទសវត្ស៍ដដែល ត្រូវបានសហរដ្ឋអាម៉េរិកទទួលស្គាល់ថា ជាគ្រូបង្វឹកក្បាច់គុនខ្លាំង ១នាក់ ក្នុងចំណោមគ្រូខ្លាំង ៥០នាក់ផ្សេងទៀត។
 
ក្រៅអំពីក្បាច់គុន ដូចជា ហាប់គីដូ អៃគីដូ យូដូ ប្រដាល់សកល និងប្រដាល់សេរី រូបលោក ក៏ចេះ កីឡាកាយសម្ព័ន្ធផងដែរ។ បច្ចុប្បន្ន ប្រធានសហព័ន្ធជឺជិតស៊ូរូបនេះ មានតួនាទីជាច្រើន ក្នុងស្ថាប័នកីឡា ដោយសារពហុជំនាញ និងក្បាច់គុន ដ៏សម្បូរបែបរបស់ខ្លួន។ តួនាទីទាំងនោះ មានដូចជា ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ប្រធានសហព័ន្ធកីឡាជឺជិតស៊ូ, ​ អនុប្រធានកីឡាគុនចម្រុះកម្ពុជា (MMA) និងជាអនុប្រធានគុនខ្មែរអន្ដរជាតិ ក្រៅពីនេះ លោក ប៊ុនសុង ក៏ជាគ្រូបង្វឹកហាប់គីដូ ដែលមានខ្សែក្រវ៉ាត់ខ្មៅ ៩ដាន់ផងដែរ៕

Tag:
 សេង ប៊ុនសុង
© រក្សាសិទ្ធិដោយ thmeythmey.com