អន្តរជាតិ
លោក គីស៊ីដាថា ចិន-ជប៉ុនមានការទទួលខុសត្រូវលើសន្តិភាព និងវិបុលភាពសកល
17, Nov 2023 , 5:24 pm        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្រៅកិច្ចប្រជុំ APEC ក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១៦ ខែវិច្ឆិកា។ រូបភាព X_Hua Chunying
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្រៅកិច្ចប្រជុំ APEC ក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១៦ ខែវិច្ឆិកា។ រូបភាព X_Hua Chunying
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៦ ខែវិច្ឆិកា បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង ក្នុងក្រុង San Francisco ដោយបានជំរុញឱ្យភាគីទាំងពីរចូលរួមចំណែកចំពោះសន្តិភាព និងវិបុលភាពក្នុងតំបន់។ ជំនួបដ៏សំខាន់នេះ ធ្វើឡើងស្របពេលប្រទេសជិតខាងទាំងពីរ មានបញ្ហាចម្រូងចម្រាសជាច្រើន។

 
ពីទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីងជាថ្មី ស្របពេលប្រទេសជិតខាងទាំងពីរ  មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ពាក់ព័ន្ធនឹងការនាំចូលគ្រឿងសមុទ្រ ការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ និងជម្លោះដែនទឹកក្នុងសមុទ្រចិនខាងកើតជាដើម។ 
 
ក្នុងពាក្យសម្តីដំបូង លោកគីស៊ីដា បានប្រាប់មេដឹកនាំចិនថា ប្រទេសទាំងពីរ ចាំបាច់កសាងទំនាក់ទំនងប្រកបដោយការស្ថាបនា និងស្ថិរភាព។
 
«ក្នុងបរិបទនេះ ចិន និងជប៉ុន ដែលជាប្រទេសជិតខាង មានប្រវត្តិសាស្រ្តរួមគ្នា មានអនាគតរយៈពេលវែងជាមួយគ្នា និងជាប្រទេសមហាអំណាច មានការទទួលខុសត្រូវក្នុងការរួមចំណែកចំពោះសន្តិភាព និងវិបុលភាពសកល»។ លោក គីស៊ីដា បានថ្លែងបែបនេះ នៅក្នុងជំនួបថ្ងៃទី១៦ ខែវិច្ឆិកា។ 
 
ដោយកត់សម្គាល់ពីចំណុចរបត់ក្នុងសហគមន៍អន្តរជាតិ ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្តថា ការប្រឈមមុខ និងកិច្ចសហប្រតិបត្តិការ បានចាក់ស្រេះជាមួយគ្នាយ៉ាងស្មុគស្មាញ។ ជំនួបរយៈពេលជាង ១ម៉ោងនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ដែលលោកស៊ី បានស្នាក់នៅ អំឡុងកិច្ចប្រជុំមេដឹកនាំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkia Asia។ 
 
ជាការឆ្លើយតប ប្រមុខរដ្ឋចិន បានទទូចឱ្យជប៉ុន គោរពទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសាកសមក្នុងយុគថ្មី។ ស្របគ្នានេះ លោកស៊ី យល់ឃើញថា ប្រទេសជិតខាងទាំងពីរ គួរដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ដោយផ្អែកលើផលប្រយោជន៍រួមរបស់ប្រជាជន។ 
 
ស្របគ្នានេះ លោកស៊ី បានបង្ហាញពីការពេញចិត្តចំពោះជំនួបជាមួយមេដឹកនាំជប៉ុនផងដែរ ហើយថែមទាំងលើកឡើងថា ប្រជាជនចិន និងជប៉ុន គឺមានទិសដៅក្នុងការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព មិត្តភាពពីមួយជំនាន់ទៅមួយជំនាន់ កិច្ចសហប្រតិបត្តិការទៅវិញទៅមក និងការអភិវឌ្ឍរួម។ 
 
ជុំវិញការរំដោះទឹកចម្រោះសារធាតុវិទ្យសកម្ម មេដឹកនាំចិន និងជប៉ុន បានឯកភាព ក្នុងការរៀបចំកិច្ចពិភាក្សារបស់មន្រ្តីជំនាញ។ យ៉ាងណាមិញ លោកស៊ី និងលោកគីស៊ីដា មិនបានឯកភាពលើការលើកចោលគ្រឿងសមុទ្រ និងការរំដោះជនជាតិជប៉ុន រួមទាំងសកម្មភាពយោធានៅច្រកសមុទ្រតៃវ៉ាន់ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ទាក់ទិននឹងបញ្ហាខាងលើ នាយករដ្ឋមន្រ្តីជប៉ុន បានជំរុញឱ្យចិនលើកចោលវិធានរឹតត្បិតការនាំចូលគ្រឿងសមុទ្រពីជប៉ុនភ្លាមៗ និងដោះលែងប្រជាជនជប៉ុន ដែលត្រូវបានឃុំខ្លួននៅចិន។ 
 
ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ មេដឹកនាំចិន និងជប៉ុន បានយល់ស្របលើការរៀបចំកិច្ចសន្ទនានៅគ្រប់កម្រិត។
 
ក្រៅពីបញ្ហាខាងលើ  ប្រមុខរដ្ឋាភិបាលជប៉ុន បានបង្ហាញក្តីបារម្ភពីការកើនឡើងសកម្មភាពយោធារបស់ចិន នៅក្នុងសមុទ្រចិនខាងកើតក្បែរប្រជុំកោះSenkaku នៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ីផងដែរ។ បើតាមលោកគីស៊ីដា សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជារឿងសំខាន់សម្រាប់ជប៉ុន និងពិភពលោក៕ 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com