ជាតិ
ឥណ្ឌានឹងផ្ដល់ពូជខ្លាធំ ៤ក្បាលដល់កម្ពុជានៅឆ្នាំក្រោយ
17, Nov 2023 , 9:29 pm        
រូបភាព
សត្វខ្លាធំ ឬខ្លាដំបង។ រូបភាព៖ លោក Allan Michaud
សត្វខ្លាធំ ឬខ្លាដំបង។ រូបភាព៖ លោក Allan Michaud
ភ្នំពេញ៖ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានបញ្ជាក់ថា នៅឆ្នាំក្រោយ ឥណ្ឌានឹងផ្ដល់ពូជខ្លាធំ ឬខ្លាដំបង ចំនួន៤ក្បាលដល់កម្ពុជា ក្នុងទិសដៅជំរុញឱ្យមានការស្ដារឡើងវិញ នូវប្រភេទសត្វកម្រនេះ ក្នុងព្រៃធម្មជាតិ។



នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរ នៅល្ងាចថ្ងៃទី១៦ វិច្ឆិកា លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា កំពុងធ្វើការងារយ៉ាងជិតស្និតជាមួយឥណ្ឌា ក្នុងការនាំយកពូជសត្វខ្លាធំចំនួន៤ក្បាលពីប្រទេសនេះ មកលែងនៅក្នុងតំបន់ជួរភ្នំក្រវាញ។ ក្នុងចំណោម៤ក្បាលនោះ មានញី៣ និងឈ្មោល១។ 
 
តាមការគ្រោងទុក រដ្ឋាភិបាលឥណ្ឌា នឹងប្រគល់សត្វខ្លាធំដល់កម្ពុជា​នៅឆ្នាំក្រោយ ព្រោះថា កម្ពុជាបានបញ្ចប់កិច្ចការងាររដ្ឋបាល និងឯកសារសំខាន់ទាំងអស់ដោយជោគជ័យ។ 
 
លោកស្រី ស៊ូវណ្ណា ហ្គោនឡែត ថ្លែងដូច្នេះថា៖«ឥឡូវនេះ រដ្ឋាភិបាលកម្ពុជា​និងសាធារណរដ្ឋឥណ្ឌា កំពុងតែធ្វើការរួមគ្នា លើកិច្ចការងារនាំយកសត្វខ្លាធំនេះ។ ដូច្នេះ យើងកំពុងតែរៀបចំ ដើម្បីឱ្យមានវត្តមានសត្វខ្លាធំនៅក្នុងតំបន់ជួរភ្នំក្រវាញជាថ្មីនៅឆ្នាំក្រោយ»។ 
 
ការស្ដារសត្វខ្លាធំឡើងវិញ មិនងាយស្រួលនោះទេ ប៉ុន្តែ កម្ពុជាបានតាំងចិត្តនាំយកប្រភេទសត្វកម្រនេះឱ្យលេចវត្តមានឡើងវិញ ដើម្បីជាប្រយោជន៍ជួយដល់ប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី។
 
ហេតុអ្វីបានតំបន់ជួរភ្នំក្រវាញត្រូវបានជ្រើសរើសជាជម្រកនៃការស្ដារឡើងវិញនូវប្រភេទខ្លាធំ?

កាលពីជាង២០ឆ្នាំមុន ព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវាញនេះ បានរងការកាប់បំផ្លាញយ៉ាងសន្ធឹក ហើយសត្វព្រៃជាច្រើនត្រូវបានគេបរបាញ់ដោយគ្មានការអើពើ។ ដោយឃើញពីការកាប់បំផ្លិចបំផ្លាញយ៉ាងគគ្រឹកគគ្រេងនេះ រដ្ឋាភិបាលកម្ពុជា ​បានស្នើឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជួយចូលរួមក្នុងការអភិរក្សនៅតំបន់ជួភ្នំក្រវាញ។
 
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ដៃជាមួយរដ្ឋាភិបាលកម្ពុជារយៈពេល២០ឆ្នាំមកហើយ ទៅលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ។ តាមរយៈសកម្មភាពនៃកិច្ចខិតខំជាច្រើនឆ្នាំមកនេះ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត មើលឃើញថា បច្ចុប្បន្ន​ តំបន់ជួរភ្នំក្រវាញ បានក្លាយជាកន្លែងមានសុវត្ថិភាពជាងគេ និងមានសក្ដានុពលគ្រាប់គ្រាន់ សម្រាប់ស្ដារប្រភេទសត្វខ្លាធំនេះឡើងវិញ។ 
 
លោកស្រី បន្ថែមដូច្នេះថា៖«២០ឆ្នាំនៃកិច្ចការងារការពាររបស់ពួកយើង ខ្ញុំមើលឃើញថា តំបន់ជួរភ្នំក្រវាញ បានក្លាយជាកន្លែងដែលមានសុវត្ថិភាព និងសក្ដានុពលគ្រាប់គ្រាន់ សម្រាប់ការស្ដារឡើងវិញនូវប្រភេទសត្វខ្លាធំនេះ»។ 
 
តំបន់ជួរភ្នំក្រវ៉ាញមានទំហំជាង១,៥លានហិកតា ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលគ្របដណ្តប់ដោយធនធានធម្មជាតិ​ និងថនិកសត្វដែលរងការគំរាមកំហែងជាច្រើនប្រភេទដូចជា ដំរីអាស៊ី និងខ្លា។  
 
បើតាម លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាពេលកន្លងមក ការលែងសត្វខ្លាធំ ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការល្បាតដល់ឧទ្យានុរក្សការផ្តល់ជំនួយបច្ចេកទេស ដូចជាការបំពាក់វិទ្យុទាក់ទងទៅលើ ករបស់សត្វខ្លា។ ការតាមដានដំណើរសត្វខ្លាពីផ្កាយ រណប ហើយទិន្នន័យដែលប្រមូលបានគឺគ្រប់គ្រងដោយក្រសួងបរិស្ថាន។
 
តំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនេះត្រូវបានកំណត់នៅឆ្ងាយពីភូមិអ្នកស្រុកប្រហែល២៥គីឡូម៉ែត្រ ប៉ុន្តែក្នុងករណីសត្វខ្លាធំដើរទៅប៉ះ និងចាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋជាចំណីនឹងត្រូវទទួលសំណង។
 
សូមជម្រាបថា សត្វខ្លាធំ បានបាត់វត្តមានពីព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៧ ដោយសារតែការបរបាញ់ និងដាក់អន្ទាក់ យ៉ាងអាណាធិបតេយ្យ។ នៅឆ្នាំ២០១០ សត្វប្រភេទនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល៣២០០ក្បាលប៉ុណ្ណោះ នៅលើពិភពលោក។ 
 
ខ្លាធំ​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី ១ នៃ​អនុសញ្ញា​សាយ​តេស។ ខ្លា​ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់​ដោយសា​រការ​បរបាញ់ យក​ឆ្អឹង ស្បែក ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​ការយកទៅ​ប្រើប្រាស់​ធ្វើជា​ឱសថ​បុរាណ។ ខ្លាធំ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ (EN)៕ 

Tag:
 ខ្លាធំ
  ជួរភ្នំក្រវាញ
  Wildlife Alliance
  Suwanna Gauntlett
© រក្សាសិទ្ធិដោយ thmeythmey.com