កីឡាជាតិ
ជាតិ
ជើងឯកយុវជន U14៖ សៀមរាប យូណាយធីត និង Chonburi FC ឈ្នះរៀងខ្លួននៅជំនួបបើកឆាក 
×![]()
ក្រុមយុវជន សៀមរាប យូណាយធីត (Siem Reap United FC) និងក្រុមថៃ Chonburi FC អាយុក្រោម១៤ឆ្នាំ រកបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតបើកឆាកជើងឯកយុវជនអន្តរជាតិ U14 Xo Siem Reap International Youth Cup ឆ្នាំ ២០២៣ ដែលរៀបចំនៅទឹកដីសៀមរាប។
នាជំនួបបើឆាក នៅកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប រសៀលថ្ងៃទី១៧ ខែវិច្ឆិកា Siem Reap United FC បានយកឈ្នះ វិសាខា អេវស៊ី ក្នុងលទ្ធផល ២-០។ ទាំងពីរគ្រាប់របស់ក្រុមម្ចាស់ផ្ទះសម្រេចបានដោយកីឡារកពាក់ស្លាកលេខ៧ សាត ឡុង។
ដោយឡែក ក្រុមបាល់ទាត់យុវជនពីប្រទេសថៃ Chonburi FC បានយកឈ្នះក្រុមសិង្ហបុរី Lion City Sailor FC ក្នុងលទ្ធផល ២-០ ដូចគ្នា។

ឆ្លងកាត់ការប្រកួតដំបូងនេះ Chonburi FC ឈរកំពូលតារាងបណ្តោះអាសន្ន មាន៣ពិន្ទុ ស្មើក្រុមលេខ២ Siem Reap United FC ហើយ Lion City Sailor FC និង វិសាខា អេវស៊ី ឈរលេខរៀងបន្តបន្ទាប់។
ពានរង្វាន់ជើងឯកយុវជនអន្តរជាតិ U14 Xo Siem Reap International Youth Cup ឆ្នាំ ២០២៣ មាន៤ក្រុមចូលរួម រួមមានសៀមរាប យូណាយធីត, វិសាខា អេវស៊ី, Chonburi FC និង Lion City Sailor FC ដែលធ្វើឡើងពីថ្ងៃទី១៧ ដល់១៩ ខែវិច្ឆកា នៅកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប។

ទាំង៤ក្រុមនេះ នឹងជួបគ្នាវិលជុំសរុបទាំងអស់៦ប្រកួត ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេពីការប្រកួត៣លើករៀងខ្លួន នឹងក្លាយជាម្ចាស់ជើងឯកពានយុវជនអាយុក្រោម១៤ឆ្នាំនេះតែម្តង។
ការប្រកួតលើកទី២ នឹងធ្វើនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា នេះ ដោយ Chonburi FC ជួប Visakha FC (ម៉ោង ២រសៀល) មុនពេល Siem Reap United FC ស្វាគមន៍ Lion City Sailor FC (ម៉ោង ៤ និង១៥នាទីល្ងាច)៕

© រក្សាសិទ្ធិដោយ thmeythmey.com