ជាតិ
សង្គមជាតិ
កម្ពុជា-ចិន ពង្រឹងការផ្លាស់ប្តូរវប្បធម៌ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ 
×![]()
ភ្នំពេញ៖ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដើម្បីបង្ហាញសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមរយៈប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ។ កម្ពុជា និងចិន ឯកភាពគ្នាជំរុញការបង្កើតល្បឿនបំពេញបន្ថែមក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងដឹកនាំសហគមន៍ជោគវាសនារួមកម្ពុជាចិនឱ្យចូលក្នុងយុគសម័យថ្មីប្រកបដោយការអភិវឌ្ឍគុណភាពខ្ពស់។
វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣នេះ រៀបចំឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ ចូលរួមដោយភាគីពាក់ព័ន្ធក្រសួងព័ត៌មាន អគ្គស្ថានីយវិទ្យុមជ្ឈិមចិន ស្ថានទូតចិន អ្នកទទួលខុសត្រូវមកពីប្រព័ន្ធផ្សព្វផ្សាយធំៗជាង៤០នៅកម្ពុជា តំណាងសហគ្រាសចិន និងមន្រ្តីតំណាងស្ថាប័នផ្សេងៗសរុបជាង១២០នាក់។
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកឡើងពីតួនាទីប្រព័ន្ធផ្សព្វផ្សាយថា ជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពលដល់មតិសាធារណៈប្រកបដោយប្រសិទ្ធភាព។ហើយកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនមានលទ្ធផលល្អ និងមូលដ្ឋានទូលំទូលាយ ដើម្បីចូលរួមចំណែកជាជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា។
លោករដ្ឋមន្រ្តី បានរម្លឹកពីសម្ព័ន្ធមិត្តរវាងកម្ពុជា-ចិន ដែលគិតមកដល់បច្ចុប្បន្នមានរយៈពេល៦៥ឆ្នាំហើយ ហើយក៏បានបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ចាប់ផ្តើមពីវិស័យធំៗ ចំនួន៦មាន នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីផ្តល់កម្លាំងចលករថ្មី និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព លោក នេត្រ ភក្រ្តា ចង់ឱ្យអគ្គស្ថានីយវិទ្យុមជ្ឈិមចិន ដែលជាស្ថាប័នដឹកនាំផ្សព្វផ្សាយអន្តរជាតិ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពព័ត៌មានស្របច្បាប់នៅកម្ពុជា លើវិស័យផ្សេងៗទៀត ដូចជា នវានុវត្តន៍បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហការផលិត និងចាក់ផ្សាយ និងការផ្លាស់ប្តូរវប្បធម៌ជាដើម។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជាចិនបន្តទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ដែលបរិមាណពាណិជ្ជកម្មកម្ពុជា-ចិនមានលើសពី១ម៉ឺនលានដុល្លារអាមេរិក កើនឡើង៤,៦ភាគរយនារយៈពេល១០ខែនេះ។ សហគ្រាសចិន បោះទុនវិនិយោគនៅកម្ពុជាជិត៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ស្មើ៨០ភាគរយនៃទុនវិនិយោគបរទេស និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ សមិទ្ធផលទាំងអស់នេះបង្ហាញពីភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងលើវិស័យនានា។
ឯកអគ្គរដ្ឋទូតចិនបានរម្លឹកថា កន្លងមកថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រកាសរួមគ្នាថា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិន ដើម្បីការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ យុគសម័យថ្មី ចំណុចចាប់ផ្តើមថ្មី អនាគតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ប្រទេសទាំងពីរទូលំទូលាយ និងមានក្តីសង្ឃឹម។ នេះជាការបញ្ជាក់របស់លោក Wang Wentian។
លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា កន្លងមកភាគីទាំងអស់ ប្ដេជ្ញាបន្តរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ដោយរួមគ្នារៀបចំព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាសិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-ចិន កម្មវិធីសម្ពោធចាក់ផ្សាយភាពយន្តឯកសារស្នាមញញឹមកម្ពុជាព្រឹត្តិការណ៍ និងដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមជាដើម។
លោកបញ្ជាក់ទៀតថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអនុវត្តការទូតប្រព័ន្ធផ្សព្វផ្សាយ បន្ត កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជិត៣០០ក្នុងប្រទេស ដោយរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវសរុបមានគម្រោងចំនួន១៤ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសមិទ្ធផលកិច្ចសហប្រតិបត្តិការពហុភាគី និងបញ្ជីគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣៕

Tag:
វេទិកាប្រព័ន្ធផ្សព្វផ្សាយ
កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com