ជាតិ
ព័ត៍មានសុខភាព
សុខភាព
អ្នកដែលមានជំងឺតាអកធ្ងន់ធ្ងរអាចប្រឈមខ្ពស់នឹងជំងឺបេះដូង
18, Nov 2023 , 6:59 am        
រូបភាព
យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Guardian បានឲ្យដឹងថា វាមានទំនាក់ទំនងមួយរវាងជំងឺតាអកធ្ងន់ធ្ងរ និងបញ្ហាបេះដូង។ ការសិក្សាដ៏ធំមួយរបស់ប្រទេសអង់គ្លេសបានរកឃើញថា អ្នកដែលមានជំងឺតាអកធ្ងន់ធ្ងរ ទំនងជាអាចកើតជំងឺបេះដូងជាច្រើនដូចជា ឈឺដើមទ្រូងដោយសារបេះដូង គាំងបេះដូង និងខ្សោយបេះដូងជាដើម។

 
អ្នកស្រាវជ្រាវបានកំពុងតែពិនិត្យទៅលើប្រភេទនៃជំងឺតាអកដែលកើតឡើងញឹកញាប់បំផុត នោះគឺ Atopic Eczema ដែលវាធ្វើឲ្យស្បែកទៅជារមាស់ ក្រហម ស្ងួត និងប្រេះបែក។ ការសិក្សាបានប្រើប្រាស់កំណត់ត្រារបស់ NHS សម្រាប់មនុស្សពេញវ័យប្រមាណ ៣៨៧៤៣៩នាក់ដែលមានជំងឺតាអក និងផ្គូរផ្គងជាមួយអ្នកដែលមិនមានជំងឺនេះ ១៥២៨៤៧៧នាក់ផ្សេងទៀត។ រយៈពេលជាមធ្យមនៃការតាមដាន៥ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានជំងឺតាអកទំនងជាមានជំងឺឈឺទ្រូងដោយសារតែបេះដូង ឬហៅថា Unstable Angina (ដែលអ្នកជំងឺអាចមានរោគសញ្ញាជាច្រើនដែលមិនអាចដឹងទុកជាមុន និងក៏មិនគ្រាន់តែកើតឡើងក្នុងពេលធ្វើសកម្មភាពរាងកាយនោះទេ) ខ្សោយបេះដូង បេះដូងលោតខុសចង្វាក់ ឬដាច់សរសៃឈាមខួរក្បាល។ 
 
យ៉ាងណាមិញ ភាពខុសគ្នានេះភាគច្រើនបង្កឡើងដោយសារលទ្ធផលបានពី ៥ភាគរយនៃអ្នកដែលស្ថិតក្នុងការសិក្សាមានជំងឺតាអកធ្ងន់ធ្ងរ។ សម្រាប់អ្នកដែលស្ថិតក្នុងសភាពតិចតួច វាក៏មានតិចតួចដែរក្នុងការបង្កើនបញ្ហាលើបេះដូង។ 
 
យើងក៏មិនអាចនិយាយបានថាអ្វីនៅពីក្រោយការប្រឈមមុខនេះដែរ។ វាអាចដោយសារតែ ការរលាករយៈពេលវែងបង្កឡើងដោយជំងឺនេះធ្វើឲ្យខូចខាតដល់បេះដូង និងសរសៃឈាម ខណៈពេលដែលការប្រើថ្នាំព្យាបាលជំងឺនេះអាចបង្កើនការប្រឈមនឹងបញ្ហាបេះដូងដែរ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com