ជាតិ
អត្តពលិកឈ្នះមេដាយមាសស៊ីហ្គេម ២៦នាក់ នឹងជាប់បាក់ឌុបស្វ័យប្រវត្តិ
18, Nov 2023 , 3:28 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ សម្តេច  ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឱ្យអត្តពលិក ចំនួន ២៦នាក់ ដែលទទួលបានមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ តាមការស្នើសុំរបស់រដ្ឋមន្រីក្រសួងអប់រំ លោកហង់ ជួនណារ៉ុន ។

ក្នុងពិធីជប់លៀងអបអរសាទរជោគជ័យការរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅថ្ងៃទី១៧ ខែវិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា  សម្ដេចពេញចិត្តនឹងផ្ដល់ឱ្យអត្តពលិកឈ្នះមេដាយ ឱ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់អត្តពលិក។  
 
សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ៖ « បងប្អូនបានខិតខំប្រឹងប្រែង ដើម្បីយកមេដាយ ជូនជាតិ ហើយខិតខំរៀនផង អ៊ីចឹងខ្ញុំគិតថា វាសមណាស់ហើយ»។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ការស្នើសុំឱ្យអត្តពលិកទាំង២៦នាក់ ជាប់ដោយស្វ័យប្រវត្តិនេះគឺស្នើសុំតាំងពីមុនពេលប្រឡងបាក់ឌុបមកម្ល៉េះ។  លោក វ៉ាត់ ចំរើន បានលើកឡើងដូច្នេះ៖ «ការផ្តល់ជូននេះ សាកសមណាស់ ដោយសារពួកគាត់បានលះបង់ និងខិតខំហាត់ យ៉ាងតិច ៤ ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដោយប្រកួតទទួលបានមេដាយទៀតផង»។  
 
គួរជម្រាបថា កាលពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម សម្ដេច ហ៊ុន សែន ក៏បានផ្ដល់ឱ្យអត្តពលិក ឈ្នះមេដាយមាស ចំនួន៨នាក់ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិដែរ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com