កីឡាជាតិ
ជាតិ
ប្រដាល់គុនខ្មែរ មាន២ផ្លូវ ដើម្បីអាចដាក់ចូលក្នុងកីឡាអូឡាំពិក ឆ្នាំ២០៣២
18, Nov 2023 , 4:39 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បាននិយាយថា មានច្រកទ្វារ២ សម្រាប់ស្នើដាក់គុនខ្មែរចូលក្នុងកីឡាអូឡាំពិក ប៉ុន្ដែត្រូវរង់ចាំរហូតដល់ ព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសអូស្ដា្រលី ឆ្នាំ២០៣២។ រង់ចាំដល់ទៅជិត៩ឆ្នាំទៀត ដោយសារ អូឡាំពិកនៅបារីស ឆ្នាំ២០២៤ និងនៅកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឆ្នាំ២០២៨ បានកំណត់ប្រភេទកីឡារួចរាល់។ មធ្យោបាយទាំង ២នោះ គឺទី១ អូស្ដ្រាលី ជាប្រទេសសមាជិកគុនខ្មែរ ហើយជាម្ចាស់ផ្ទះអូឡាំពិក ឆ្នាំ២០៣២ និងទី២ ការទទួលបានការគាំទ្រ ៥១ភាគរយ ពីសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC Members) នៃចំនួនសរុប ១០៥ប្រទេស។



លោក វ៉ាត់ ចំរើន បានផ្ដល់បទសម្ភាសមកកាន់សារព័តមានថ្មីៗថា ប្រដាល់គុនខ្មែរ ជោគជ័យក្នុងជំហានទី១ ដោយបានដាក់គុនបុរាណនេះ ជាកីឡាក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាកម្រិតអាស៊ាន ដែលមាន១០ប្រទេសចូលរួម។ អគ្គលេខាធិការូបនេះ បន្ថែមទៀតថា ជំហានទី២ គឺកម្ពុជា ដាក់ប្រដាល់គុនខ្មែរ ឲ្យក្លាយជាកីឡាក្នុងការប្រកួតកីឡាអាស៊ី ជាកម្រិតទ្វីប មាន ៤៥ប្រទេស និងគោលដៅចុងក្រោយ ដាក់គុនខ្មែរ ក្នុងអូឡាំពិកហ្គេម ជាកម្រិតពិភពលោក។ 
 
ដោយឡែក ក្នុងការដាក់ប្រដាល់គុនខ្មែរឲ្យជាកីឡាកម្រិតអូឡាំពិក លោក វ៉ាត់ ចំរើន ប្រាប់ថា ត្រូវរង់ចាំរហូតដល់ ជាង ៨ឆ្នាំទៀត ពោល គឺឆ្នាំ២០៣២ ពេលប្រទេសអូស្ដ្រាលី ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក លើកទី៣៥។ ការរង់ចាំដល់ទៅ ៨ឆ្នាំនោះ គឺដោយសារប្រភេទកីឡា សម្រាប់ប្រកួតកីឡាអូឡាំពិក លើកទី៣៣ នៅប្រទេសបារាំង ឆ្នាំ២០២៤ និង លើកទី៣៤ នៅសហរដ្ឋអាមេរិក គឺបានកំណត់ឈ្មោះ និងប្រភេទរួចរាល់ ដោយឡែក នៅតែលើកទី៣៥ នៅអូស្ដ្រាលី ប៉ុណ្ណោះ។
 

អគ្គលេខាធិការរូបនេះ បន្ថែមក៏បានប្រាប់ទៀតថា មានមធ្យោបាយ ២យ៉ាង ដែលអាចដាក់ក្បាច់គុននេះ ចូលជាក្នុងអូឡាំពិក។ លោក វ៉ាត់ ចំរើន ពន្យល់ថា ច្រកទី១ គឺអូស្ដ្រាលី ដែលជាម្ចាស់ផ្ទះ កីឡាអូឡាំពិកហ្គេម ឆ្នាំ២០៣២ គឺជាសមាជិក នៃសហព័ន្ធប្រដាល់គុនខ្មែរអន្ដរជាតិ។ ដូច្នេះ កម្ពុជា នឹងបញ្ចុះបញ្ចូលធ្វើយ៉ាងណា ឱ្យអូស្ដ្រាលី ដាក់ គុនខ្មែរ ក្នុងព្រឹត្តិការណ៍នោះ។
 
«យើង មាន ២ផ្លូវ គឺគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បានដាក់គោលការណ៍ ១ថា ប្រទេសជាសមាជិក ជាម្ចាស់ផ្ទះរៀបចំអូឡាំពិក មានសិទ្ធក្នុងការជ្រើសរើស ប្រភេទកីឡាប្រពៃណីផ្សេងទៀត ដាក់ចូលប្រកួត បាទ។ អ៊ីចឹង អូឡាំពិក នៅទីក្រុងបារីស គឺគេបានកំណត់កីឡាហើយ ហើយអូឡាំពិក កាលីហ្វូញ៉ា ឆ្នាំ២០២៨ ក៏គេរៀបចំកំណត់ហើយដែរ។ អ៊ីចឹង ឆ្នាំ២០៣២ នៅ អូស្ដ្រាលី គឺយើង នឹងដាក់ចូល។ ឥឡូវយើង មានសមាជិក នៅអូស្ដ្រាលី ហើយគេក៏មកប្រកួតដែរ។ យើង កំពុងធ្វើការជាមួយគាត់ថា គោលដៅ ឆ្នាំ២០៣២ យើង នឹងដាក់គុនខ្មែរ ឲ្យចូល អូឡាំពិកនៅអូស្ដ្រាលី។»។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិយាយដូច្នេះ។
 
ចំណែកមធ្យោបាយទី២ លោក វ៉ាត់ ចំរើន បានពន្យល់ថា គឺជាសហការ ឬការទទួលបានការគាំទ្រ យ៉ាងហោចណាស់ ៥១ភាគរយ ពីសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ នៃចំនួនសរុប ១០៥នាក់។ «យើង ត្រូវធ្វើការជាមួយសមាជិករបស់អូឡាំពិកអន្ដរជាតិ ដែលយើងហៅថា IOC Members ដែលមាន ១០៥នាក់ ក្នុង១០៥នាក់ ទទួលបានការគាំទ្រតែ ៥១% គឺ៥៥នាក់ យើង នឹងបានចូលដោយស្វ័យប្រវត្តិ។»។ លោក វ៉ាត់ ចំរើន បានប្រាប់បែបនេះ។
 
បន្ថែមជាងនេះ អគ្គលេខាធិការរូបនេះ បន្ដថា កម្ពុជា ក៏ត្រូវមានសមាជិកគុនខ្មែរ យ៉ាងហោចណាស់ ៧៥ប្រទេស ផងដែរ ចំពោះការឈានទៅដល់កម្រិតអូឡាំពិក។
 
«ទៅដល់អូឡាំពិកហ្គេម បាន គឺត្រូវ មាន៧៥ប្រទេសឡើង។ អ៊ីចឹងយើង គៀកទៅដល់ ៧៥ប្រទេសហើយ។ ឲ្យតែបាន ៧៥ប្រទេសក្នុងពិភពលោក គាំទ្រគុនខ្មែរ ជាសមាជិកគុនខ្មែរ គឺយើង អាចដាក់ស្នើទៅអូឡាំពិកហ្គេម ដើម្បីឲ្យគេទទួលស្គាល់។ អ៊ីចឹងចាប់ពីឆ្នាំ ២០៣០ ទៅ យើង មានមហិច្ឆិតា ធ្វើឲ្យសមាជិករបស់យើង ឡើង ពី៧៥ ទៅ១០០ ប្រទេស។»។ មន្ដ្រីជាន់ខ្ពស់ NOCC រូបនេះ បានប្រាប់ដូច្នេះ។
លោក វ៉ាត់ ចំរើន ក៏បានអំពាវនាវ ផងដែរ ដើម្បីការជោគជ័យ ក្នុងការដាក់គុនខ្មែរ ជាកីឡាអូឡាំពិក លុះត្រា តែប្រជាពលរដ្ឋកម្ពុជាទាំងអស់ រាជរដ្ឋាភិបាល និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ជួយជ្រោមជ្រែង ដើម្បីឧត្តមភាព នៃវិស័យកីឡាគុនខ្មែរ លើពិភពលោក៕
 
 

Tag:
 វ៉ាត់ ចំរើន
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com