ជាតិ
ជប៉ុន ផ្តល់ថវិកា ២៥ម៉ឺនដុល្លារសាងសង់អគារនៅខេត្តព្រៃវែង និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
18, Nov 2023 , 8:09 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ២៥២ ១៣៦ ដុល្លារ ក្រោមគម្រោងជំនួយឥតសំណងសម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។

 
ក្នុងនោះ គម្រោងទី១ គឺសាងសង់អគារស្នាក់នៅនិងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង  និងគម្រោងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។ 
 
គម្រោងសាងសង់អគារស្នាក់នៅនិងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែងនេះមានថវិកាចំនួន ១២៨ ៣០១ ដុល្លារ ។ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែងនឹងដំឡើងឧបករណ៍ចំនួន១៣ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទានិងដើម្បីសាងសង់អគារស្នាក់នៅផងដែរ។ 
 


តាមរយៈគម្រោងនេះ ជប៉ុនរំពឹងថា ជារៀងរាល់ឆ្នាំអ្នកជំងឺប្រមាណ ៨៥០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងសេវាកម្មមានភាពប្រសើរជាងមុន។
 
ចំណែកឯគម្រោងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប  មានថវិកាចំនួន ១២៣ ៨៣៥ ដុល្លារ ដែលនឹងអាចផ្តល់ប្រយោជន៍ដល់កុមារប្រមាណ ៦ ៣០០នាក់ ជារៀងរាល់ឆ្នាំ។ 
 
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុននេះ ត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៩លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨៧ គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

Tag:
 ជប៉ុនផ្តល់ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com