ជាតិ
វីដេអូ
អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧គ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៤
19, Nov 2023 , 7:59 am        
រូបភាព
អគាសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧
អគាសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧
សៀមរាប៖​​ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសាងសង់នាដើមឆ្នាំ២០២៤ខាងមុខនេះ។ អគារនេះជាផ្នែកមួយ សម្រួលដល់ផ្នែកសម្ភពនៃមន្ទីរពេទ្យ ដែលកន្លងមកខ្វះខាតគ្រែសម្រាប់គេងនៅក្រោយសម្រាល។



សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា បានឱ្យដឹងថា មន្ទីរពេទ្យសម្រេចសាងសង់ អគារសម្ភពមួយបន្ថែមទៀតកម្ពស់៣ជាន់ ដើម្បីសម្រួលដល់ផ្នែកនេះដែលខ្វះខាតគ្រែសម្រាកសម្រាប់ស្រ្តី និងទារក ក្រោយសម្រាល។ លោក យ៉ៃ ចន្ទនា បន្ថែមថា អគារថ្មីនេះមាន១២០គ្រែ ក្នុងនោះ៤០គ្រែសម្រាប់ដាក់ទារកក្រោយសម្រាល និងទារកដែលបញ្ជូនពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យផ្សេងៗ ដែលមានភាពមិនប្រក្រតី ឬជំងឺក្រោយសម្រាល។ បច្ចុប្បន្នផ្នែកសម្ភពមាន ១៨៤គ្រែ។ 
 
លោក យៃ ចន្ទនា លើកឡើងដូច្នេះថា៖« យើងខ្វះកន្លែង ពេលខ្លះគាត់នៅហ្នឹងឥដ្ឋអ៊ីទៅ វាអត់ត្រឹមត្រូវ វាអត់ល្អ យើងអត់ចង់ឃើញ ជួលកាលសម្រាលហើយក៏នៅលើឥដ្ឋទៀត ហើយគ្រែបច្ចុប្បន្ននៅមន្ទីរពេទ្យ មាន១៨៤គ្រែ តែអត់គ្រប់»។
 
បើតាមការបញ្ជាក់ពីលោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា ក្នុងមួយថ្ងៃ​ជាមធ្យមស្រ្តីមានផ្ទៃពោះ​ពី៣០០ទៅ៥០០នាក់ បានចូលមកពិនិត្យសុខភាពក្នុងមន្ទីរពេទ្យ។ ស្រ្តីសម្រាលកូនជាមធ្យមមាន​៧០នាក់ ក្នុងនោះសម្រាលដោយការវះកាត់មានពី១០ទៅ១៥នាក់។ ក្រៅពីអ្នកខេត្តសៀមរាប មន្ទីរពេទ្យនេះក៏ទទួលអ្នកជំងឺមកពីបណ្ដាខេត្តរាជធានីផ្សេងៗទៀតដែរ ដូចជាបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ រាជធានីភ្នំពេញ រតនគិរី និងមណ្ឌលគិរី។ល។ 
 
សូមបញ្ជាក់ថា អគារថ្មីនេះនឹងរួចរាល់ជាស្ថាពរនៅក្នុងខែ កុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមសាងសង់​នៅខែ មីនា ឆ្នាំ២០២៣៕

Tag:
 មន្ទីរពេទ្យជ័យវរ្ម័នទី៧
  យ៉ៃ ចន្ទនា
© រក្សាសិទ្ធិដោយ thmeythmey.com