ជាតិ
ដើម្បីសម្រេចផែនការជាតិ ប្រមុខរដ្ឋាភិបាល ប្រាប់មន្ត្រីឱ្យចេះរៀបចំផ្ទះខ្លួនឯងឱ្យស្អាតសិន
20, Nov 2023 , 10:43 am        
រូបភាព
ផែនការ និងគោលនយោបាយមានហើយ នៅឡើយតែការអនុវត្តជាក់ស្ដែង។ ប៉ុន្ដែដើម្បីសម្រេចបានផែនការទាំងនេះ មន្ត្រីទាំងអស់ត្រូវចេះរៀបចំផ្ទះខ្លួនឯងឱ្យបានស្អាតសិន។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦» របស់រដ្ឋាភិបាលអណត្តិទី៧ ដែលផ្តោតលើវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ វិច្ឆិកា។



«យើងត្រូវរៀបផ្ទះយើងឱ្យស្អាតសិន ឱ្យមានលំដាប់លំដោយ ទើបធ្វើអ្វីចេញ(សម្រេច)»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលជំរុញឱ្យមន្ត្រីទាំងអស់ យកចិត្តទុកដាក់បំពេញការងារតាមគោលនយោបាយ និងផែនការសកម្មភាព។
 
ផែនការ និងគោលនយោបាយទាំងនេះ គឺមានភាពប្រទាក់ក្រឡាគ្នា ជាអន្តរក្រសួង និងភាគីពាក់ព័ន្ធ។ ដូច្នេះសម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យមន្ត្រីចេះសហការគ្នា អនុវត្តផែនការ ដោយមិនត្រូវមើលស្រាលការងារ និងប្រចាំគ្នា ដូចពាក្យចាស់ពោលថា «គ្នាច្រើន អន្សមខ្លោចនោះទេ»។
 
ដើម្បីសម្រេចគោលដៅរួមនេះ នាយករដ្ឋមន្រ្តី បានពន្យល់ដោយលើកជាឧទាហរណ៍ថា បើការងារនោះ ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺរដ្ឋមន្រ្តីកសិកម្ម ត្រូវដឹកនាំក្បាលម៉ាស៊ីនរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធដូចជា ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទជាដើម ក្នុងការពិភាក្សាគ្នារកចំណុចរួមមួយ ដាក់ចេញសកម្មភាព និងដំណោះស្រាយឱ្យចំគោលដៅ ទើបផែនការការងារមានប្រសិទ្ធភាព។
 
«គន្លឹះសំខាន់ យើងឱ្យកសិករគាត់បង្កើតសហគមន៍កសិកម្មទំនើប ដើម្បីឱ្យគាត់ចូលគ្នាជាធ្លុងមួយធ្វើការ ប៉ុន្តែស្ថាប័នរដ្ឋរបស់យើង អត់សហការគ្នា អត់និយាយជាមួយគ្នា អត់ធ្វើការជាមួយគ្នា ។ នេះជាបញ្ហា»។ សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែម។
 
បើតាមប្រមុខរដ្ឋាភិបាល ការបំពេញការងារទៀតសោត ក៏មិនអាស្រ័យលើការចំណាយច្រើន ទើបមានប្រសិទ្ធភាពដែរ។ ត្រង់ចំណុចនេះ សម្ដេច បានរំឭកជាថ្មី ឱ្យមន្ត្រី ចេះប្រើប្រាស់ថវិកាតិច តែចំគោលដៅវិញ ។ លោកនាយករដ្ឋមន្រ្តី ក្រើនរំលឹកឱ្យមន្ត្រីឱ្យធ្វើការដោយចេញពីបេះដូង ។ ចំណែកមន្ត្រីដែលប្រឡងចូលក្របខណ្ឌកសិកម្ម ត្រូវមានឆន្ទៈពិតប្រាកដ ដោយមិនត្រូវយកតែក្របខណ្ឌ និងតួនាទីឡើយ ៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com