ជាតិ
១០ឆ្នាំទៅមុខ ការអភិវឌ្ឍអង្គរ នឹងផ្តោតលើបម្រែបម្រួលអាកាសធាតុ ប្រាង្គប្រាសាទ និងបរិស្ថាន…
20, Nov 2023 , 2:39 pm        
រូបភាព
រូបភាពអាជ្ញាធរជាតិអប្សរា និង UNESCO។
រូបភាពអាជ្ញាធរជាតិអប្សរា និង UNESCO។
សៀមរាប៖ ៣០ឆ្នាំក្រោយមក គណៈកម្មាធិការ ICC-Angkor (International Coordination Committee for the Safeguarding and Development of Historic Site of Angkor) នៅបន្តជួយអភិវឌ្ឍន៍ និងអភិរក្សរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានសំបូរព្រៃគុក។ នេះជាលទ្ធផល នៃសន្និសីទអន្តររដ្ឋាភិបាលើកទី៤ ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស។



១០ឆ្នាំទៅមុខ ការងារអភិវឌ្ឍប្រកបដោយចីរភាព របស់អាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក នឹងយកចិត្តទុកដាក់លើបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថាន ការពារទេសភាពវប្បធម៌ ការថែរក្សាធនធានធម្មជាតិ(ទឹកនិងព្រៃឈើ) ការអភិវឌ្ឍសហគមន៍មូលដ្ឋាន លើកកម្ពស់ការថែរក្សា ប្រាង្គប្រាសាទ និងសកម្មភាពទេសចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវ (ផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយអាជ្ញាធរជាតិអប្សរា)។ 
 
ចំណុចទី២ គឺការបង្កើនសមត្ថភាពអ្នកជំនាញខ្មែរ ដើម្បីឆ្លើយតបនឹងតម្រូវការពហុជំនាញនៃការគ្រប់គ្រងបេតិកភណ្ឌពិភពលោក ក្រោមការបណ្ដុះបណ្ដាល សិក្ខាសាលា អាហារូបករណ៍នៅបរទេស ការសិក្សានៅនឹងកន្លែង ការបំពេញភារកិច្ចជាក្រុម និងការគ្រប់គ្រងស្ថាប័នដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវិធីសាសាស្ត្រថ្មីៗ។ 
 
ក្រោពីចំណុចសំខាន់ខាងលើនេះ ភាគីពាក់ព័ន្ធក៏ស្នើសមាជិកគណៈកម្មាធិការអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក ផ្ដួចផ្ដើមយន្តការ កិច្ចសហប្រតិបត្តិការ និងច្បាប់នានាទៀតផងដែរ លើកិច្ចការពាររមណីយដ្ឋានអង្គរ។ 
 
ក្នុងរយៈពេល៣០ឆ្នាំ តើអាយស៊ីស៊ីអង្គរ ជោគជ័យអ្វីខ្លះ? 

បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ គណៈកម្មាធិការ ICC-Angkor (International Coordination Committee for the Safeguarding and Development of Historic Site of Angkor) បាន​ដើរតួនាទី​យ៉ាងសំខាន់​លើ​ការងារ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ដោយមាន​ការចូលរួម​ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន បារាំង អង្គការ​យូណេស្កូ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
 
ជាង៣០ឆ្នាំមកនេះ គណៈកម្មាធិការ បានសម្រេចការអភិរក្ស និងអភិវឌ្ឍន៍ ក្នុងរមណីយដ្ឋានអង្គរជាច្រើន។ នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣ អាយស៊ីស៊ីអង្គរ បានជួយសង្គ្រោះរមណីយដ្ឋានអង្គរ អនុម័តក្នុងសេចក្ដីប្រកាសរួមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ ការរស់ឡើងវិញនៃរមណីយដ្ឋានអង្គរ អនុម័តក្នុងសេចក្ដីប្រកាសរួមនៅទីក្រុងប៉ារីស។  
 
នៅឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ អាយស៊ីស៊ីអង្គរ បានអនុម័តសេចក្ដីប្រកាសរួមនៅទីក្រុងសៀមរាប គឺការគ្រប់គ្រងរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ ក្នុងអំឡុង១០ឆ្នាំនេះ ពោលគឺនៅឆ្នាំ២០១៩ គណៈកម្មាធិការនេះ បានសម្រេចបញ្ចូលតំបន់សំបូរព្រៃគុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបន្ថែម។ 
 
តាមរយៈលទ្ធផលជាង៣ទស្សវត្សរ៍នេះ អង្គការយូណេស្កូចាត់ទុកគណៈកម្មាធិការអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក ជាស្ថាប័នគំរូ និងជោគជ័យមួយ ក្នុងចំណោមគម្រោងថែរក្សាការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌរបស់យូណេស្កូ ដែលមានសមាជិកប្រទេសជាង៣០។  
 
គួរជម្រាបផងដែរថា ក្នុងរយៈពេលជាងទស្សវត្សរ៍ ពោលគឺចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ អាយស៊ីស៊ីអង្គរ បានចំណាយថវិកា ៦០០លានដុល្លារអាម៉េរិក លើការជួសជុល និងអភិរក្សតំបន់អង្គរ៕ 
 

Tag:
 ThmeyThmey
  រមណីយដ្ឋានអង្គរ
  អាយស៊ីស៊ីអង្គរ
  សំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com