កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024 ៖ ព័រទុយហ្កាល់ បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងវគ្គជម្រុះ ក្រោយឈ្នះ១០ប្រកួតជាប់គ្នា
20, Nov 2023 , 3:09 pm        
រូបភាព
ក្រុមព័រទុយហ្កាល់ បំបាក់ក្រុមអ៊ីស្លង់លទ្ធផល ២-០ នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2024 ដើម្បីរក្សាកំណត់ត្រាជាក្រុមកំពូលតារាងមិនដែលចាញ់ការប្រកួតមួយលើកសោះ ។ ព័រទុយហ្កាល់ ឈ្នះ ១០លើកជាប់ៗគ្នា សម្រាប់ការប្រកួតក្នុងពូល J នាថ្ងៃទី១៩ ខែវិច្ឆិកា។



ព័រទុយហ្កាល់ បង្ហាញភាពខ្លាំងរបស់ខ្លួន ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Roberto Martinez ដោយបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល J ជាមួយ ៣០ពិន្ទុក្នុងដៃ ព្រមទាំងទទួលបានកៅអី សម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។ 
 
ស្លូវ៉ាគី ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ មានគម្លាត ៨ពិន្ទុ ពីក្រុមព័រទុយហ្កាល់ ហើយក៏ជាក្រុមត្រូវរួមដំណើរជាមួយនឹងព័រទុយហ្កាល់ចាកចេញពីពូល J ។ 
 
ជ័យជម្នះចំនួន ២គ្រាប់ លើអ៊ីស្លង់ ជាគ្រាប់បាល់ធ្វើបានដោយកីឡាករ Bruno Fernandes នៅក្នុងនាទី ៣៧ ដែលជាការបញ្ជូនបាល់ពីសំណាក់ខ្សែប្រយុទ្ធ Bernardo Silva មុនពេលដែលកីឡាករ Ricardo Horta សម្រេចបានគ្រាប់បាល់ទី២ នៅនាទី៦៦ និងជាគ្រាប់បាល់បញ្ជូនពីខ្សែប្រយុទ្ធ Cristiano Ronaldo។ 
 
ពូល J ដែលមានព័រទុយហ្កាល់ជាក្រុមលំដាប់កំពូលតារាង និងស្លូវ៉ាគី លេខ ២ ដណ្តើមបានកៅអីរួចស្រេច ក្រុមលុចសំបួ លេខ ៣, អ៊ីស្លង់ លេខ​ ៤, បូស្នី លេខ ៥ និងលិចតិនស្តាញ ស្ថិតនៅបាតតារាង ត្រូវឆ្លងកាត់ទៅប្រជែងដណ្តើមឱកាសលេងនៅព្រឹត្តិការណ៍ Euro 2024 នៅជុំដទៃផ្សេងទៀត។
 
បន្ទាប់ពីក្រុមព័រទុយហ្កាល់ ក្រុមជើងខ្លាំងបារាំង ក៏ជាក្រុមមួយដែលត្រូវបានគេរំពឹងថា នឹងអាចបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង ដោយមានកំណត់ត្រាឈ្នះ ១០០ភាគរយដូចគ្នា ប្រសិនបើបារាំងអាចយកឈ្នះលើក្រុមក្រិក នាការប្រកួតថ្ងៃទី២១ ខែវិច្ឆិកា។ 
 
ការប្រកួតរបស់ក្រុមដទៃផ្សេងទៀត នារាត្រីឈានចូលទី២០ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)
 
ពូល A
ស្កុតឡែន ស្មើ ៣​-៣ ន័រវែស
អេស្ប៉ាញ ឈ្នះ​ ហ្សក់ហ្ស៊ី ៣-១។
ពូល F
បែលហ្ស៊ិក ឈ្នះ អាស៊ែបៃហ្សង់ ៥-០
ស៊ុយអែត ឈ្នះ អេស្តូនី ២-០។
ពូល J 
បូស្នី ចាញ់ ស្លូវ៉ាគី ២-១
លិចតិនស្តាញ ចាញ់ លុចសំបួ ១-០៕

Tag:
 Euro 2024
  ព័រទុយហ្កាល់
© រក្សាសិទ្ធិដោយ thmeythmey.com