កីឡាអន្តរជាតិ
អន្តរជាតិ
លោក ស៊ី ជីនភីង ថា គុណភាព​ក្រុមចិនមិនច្បាស់លាស់ ទោះឈ្នះការប្រកួតជម្រុះ World Cup
20, Nov 2023 , 9:59 pm        
រូបភាព
លោក ស៊ី ជីងភីង ប្រធានាធិបតីចិន បាននិយាយថាគុណភាពរបស់ក្រុមជម្រើសជាតិចិន​ មិនទាន់មានភាពច្បាស់លាស់ខ្លាំងនៅឡើយ បើទោះជាការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 តំបន់អាស៊ី កន្លងមក បានយកឈ្នះលើថៃ ក្តី។



តាមរយៈវីដេអូអំពីកិច្ចសន្ទនាក្រៅផ្លូវការរវាងលោក ស៊ី ជីនភីង និងនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន ដែលបានផ្សាយរបស់គណនីរដ្ឋាភិបាលថៃ នៅលើបណ្តាញសង្គម X អតីត Twitter បង្ហាញអំពីសម្តីដែលលោក ស៊ី ជីនភីង ជជែកអំពីការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិចិន យកឈ្នះលើក្រុមថៃ។
 
ក្រោយពេលឮដំណឹងអំពីក្រុមចិន យកឈ្នះលើថៃ លទ្ធផល ២-១ លោក ស៊ី បានចាត់ទុកថាក្រុមចិន ប្រកួតឈ្នះលាយឡំជាមួយនឹងសំណាង ខណៈលោកបានអះអាងថា គុណភាពក្រុមចិន បច្ចុប្បន្នគឺមានកម្រិតមិនច្បាស់លាស់។
 
«ខ្ញុំគិតថាមានសំណាងច្រើនចូលរួម ព្រោះឥឡូវនេះអំពីក្រុមជម្រើសជាតិយើង ខ្ញុំមិនប្រាកដពីកម្រិតរបស់ពួកគេនោះទេ។ កម្រិតពួកគេតែងមានឡើងមានចុះ។»។ លោក ស៊ី ជីនភីន បាននិយាយបែបនេះក្នុងកិច្ចសន្ទនាជាមួយនឹងលោក ថាវីស៊ីន មុនកិច្ចប្រជុំរបស់មេដឹកនាំ APEC នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។
 
ទាក់ទងនឹងវិស័យបាល់ទាត់ លោកប្រធានាធិបតីចិន ធ្លាប់បានពណ៌នាថា លោក ជាអ្នកគាំទ្របាល់ទាត់ដ៏ខ្លាំងមួយរូប ហើយលោកក៏មានក្តីសុបិនចង់ឱ្យប្រទេចិន ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក​ World Cup នៅថ្ងៃណាមួយ។ មានត្រឹមតែក្តីស្រម៉ៃ ប៉ុន្តែមហិច្ឆតាក្នុងការអភិវឌ្ឈក្រុមបុរសចិន ឱ្យក្លាយជាក្រុមដ៏ខ្លាំងមួយនៅក្នុងបាល់ទាត់ពិភពលោក គឺនៅមិនទាន់បានសម្រេចឡើយ។
 
កាលពីខែកញ្ញា ម្ចាស់ផ្ទះចិនបានចាញ់ក្រុមស៊ីរី ១-០ ក្នុងការប្រកួតមិត្តភាពនៅក្នុងទឹកដីចិន ។ ចាញ់ការប្រកួតនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រខកចិត្តខ្លាំង ក៏ដូចជារិះគន់ខ្លាំងនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយ។
 
ដោយឡែកសម្រាប់ក្រុមចិន បច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងពូល C ដ៏ខ្លាំងមួយ សម្រាប់ការប្រកួតជម្រុះតំបន់អាស៊ី ។ ក្នុងពូលជាមួយគ្នានេះមានក្រុមខ្លាំង កូរ៉េខាងត្បូង ដែលឈរនៅកំពូលតារាង ក្រោយយកឈ្នះការប្រកួតលើក្រុមសិង្ហបុរីលទ្ធផល ៥-០ កន្លងមក។ យកឈ្នះលើថៃ ធ្វើឱ្យចិនឡើងឈរលេខ ២ ហើយថៃនៅចំណាត់ថ្នាក់លេខ ៣ បណ្ដោះអាសន្ន៕

Tag:
 ស៊ី ជីនភីង
  ចិន
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com