កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី មានមោទកភាពចំពោះអត្តពលិកថ្នាល កីឡាតេក្វាន់ដូ ITF
21, Nov 2023 , 7:39 pm        
រូបភាព
កីឡាករក្មេងៗ សម្ដែងតេក្វាន់ដូ អាយ ធី អេហ្វ រូបពីសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា
កីឡាករក្មេងៗ សម្ដែងតេក្វាន់ដូ អាយ ធី អេហ្វ រូបពីសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា យល់ឃើញថា គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ នឹងមិនមានស្ថិរភាពទេ ប្រសិនជាគ្មានធនធានកីឡាករ-កីឡាការិនីថ្នាល ដែលមានគុណភាព និងសមត្ថភាព គ្រប់គ្រាន់ក្នុងការបន្ដវេន។ ប្រធានរូបនេះ លើកឡើងដូច្នេះ បន្ទាប់ពីទស្សនាការសម្ដែង របស់ កុមារា-កុមារីកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់ ហ៊ុន ម៉ានី លើកទី១ ឆ្នាំ២០២៣។



ប្រធានសហព័ន្ធរូបនេះ មានមោទកភាពជាខ្លាំង បន្ទាប់ពីទស្សនា ការសម្ដែងតេក្វាន់ដូ អាយ ធី អេហ្វ របស់កីឡាករ-កីឡាការិនីថ្នាល់កម្ពុជា ដែលមានវ័យ ចន្លោះពី ៧-១០ឆ្នាំ ជាង ១០រូប ក្នុងពិធីបិទការប្រកួតពានរង្វាន់ ហ៊ុន ម៉ានី លើកទី១ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 
 
លោក កែវ រ៉េមី ចាត់ទុកថា កីឡាករ-កីឡាការិនីថ្នាលទាំងនេះ ជាអ្នកបន្ដវេន ដ៏ល្អ ហើយធ្វើឲ្យកីឡាមួយនេះ មានចីរភាព និងមានសក្ដានុពល នៅកម្ពុជា។ ថ្នាក់ដឹកនាំសហព័ន្ធរូបនេះ បន្ថែមថា ជាសហព័ន្ធ នៃកីឡាដែលកម្ពុជា មានសក្ដានុពលក៏ដោយ ប្រសិនជាគ្មានធនធានថ្នាល អាចបន្ដវេនបានទេ នោះ សហព័ន្ធនោះ នឹងមិនមានភាពយូរអង្វែងទៅថ្ងៃអនាគតឡើយ។ លោក រ៉េមី ជឿថាការបណ្ដុះថ្នាល ជារឿងចាំបាច់បំផុតសម្រាប់សហព័ន្ធកីឡាជាតិនីមួយៗ។
 
«សហព័ន្ធមួយៗ បើមិនមានថ្នាល់ទេ គឺមិនមានចីរភាព។ កាលណាមានថ្នាល ហើយថ្នាលល្អ នោះបង្ហាញថាសហព័ន្ធ គឺខ្លាំង ហើយនិងមានភាពយូរអង្វែង។ សហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា មិនខ្លាំងតែកម្រិតជម្រើសជាតិទេ ប៉ុន្ដែមានកម្រិតមធ្យមសិក្សា កម្រិតបឋម ជាពិសេសកូនក្មេងតូចៗទាំងនោះ។ ខ្ញុំ ពិតជាមោទកភាពណាស់។»។ លោក កែវ រ៉េមី បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ថា ការប្រកួតនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានក្លិប សមាគម និងសាលាចូលរួមចំនួន ១៨។ ក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប២២ ក្នុងនោះមាស៦ ប្រាក់៧ និងសំរិទ្ធ៩ និងលេខ២ ក្លិបក្ដីចាស់ មេដាយសរុប១៣ មាស៦ ប្រាក់៤ និងសំរិទ្ធ៣ តាមពីក្រោយដោយស.ស.យ.ក ខេត្តកំពង់ស្ពឺ មេដាយមាស៥ ប្រាក់៣ និងសំរិទ្ធ៦។ ចំណែកលេខ៤ ខេត្តកោះកុង ដណ្ដើមបានមេដាយមាស៤ ប្រាក់៣ និងសំរិទ្ធ៣ និងលេខ៥ សាលាអន្ដរជាតិអេផល មេដាយមាស ៤ និងសំរិទ្ធ៣។
វិទ្យាល័យសេរីភាព ចំណាត់ថ្នាក់លេខ៦ មេដាយមាស១ ប្រាក់៥ និងសំរិទ្ធ៣ និងលេខ៧ បានទៅលើខេត្តស្ទឹងត្រែង ដោយបានមេដាយមាស១ ប្រាក់២ និងសំរិទ្ធ៥។ លេខ៨ បានទៅលើវិទ្យាល័យជា ស៊ីម ព្រែកអញ្ជាញ មេដាយមាស១ និងសំរិទ្ធ១។ ដោយឡែកសមាគម និងក្លិបផ្សេងទៀត មិនទទួលបានមេដាយមាសទេ៕

Tag:
 កែវ រ៉េមី
  តេក្វាន់ដូ អាយ ធី អេហ្វ
© រក្សាសិទ្ធិដោយ thmeythmey.com