កីឡាជាតិ
ជាតិ
៤ឆ្នាំហើយ ដែលអភិបាលស្រុកល្វាឯម រៀបចំពិធីប្រណាំងទូក ដើម្បីរក្សាប្រពៃណីអ្នកស្រុកទន្លេ
22, Nov 2023 , 8:59 am        
រូបភាព
ឆ្នាំទី៤ហើយ ដែលអ្នកស្រុកល្វាឯម ខេត្តកណ្ដាល រៀបចំពិធីប្រណាំងទូក។ ពិធីប្រណាំងទូកនេះ មានហេតុផល២យ៉ាង ទី១ គឺដើម្បីរក្សាប្រពៃណីរបស់អ្នកស្រុកទន្លេ និងទី២ ជាការដកស្រង់បច្ចេកទេស សម្រាប់ត្រៀមលក្ខណៈ មកប្រកួតប្រជែងនិងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅតាមដងទន្លេចតុមុខ មុខព្រះបរមរាជវាំង ។



ទូកជាច្រើន នៅក្នុងស្រុកល្វាឯម នឹងឡើងមកប្រណាំងនៅទន្លេចតុមុខ ៣ថ្ងៃ នៃពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៦ ដល់២៨ វិច្ឆិកា ។ មុនឡើងមកប្រកួតនៅភ្នំពេញនេះ អភិបាលស្រុកល្វាឯម ក៏បានរៀបចំពិធីប្រណាំងទូក ដើម្បីឱ្យកីឡាករចំណុះទូកទាំងអស់ បានកម្ដៅសាច់ដុំ និងត្រៀមលក្ខណៈឱ្យបានល្អផងដែរ។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង លោក ជា យូគៀង នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក កន សុខកាយ អភិបាលស្រុកល្វាឯម ដូចតទៅ៖


លោក កន សុខកាយ បានបន្ថែមថា ការរៀបចំពិធីប្រណាំងទូកនេះ ដើម្បីដកស្រងបច្ចេកទេស តាមទំនៀមទំលាប់របស់អ្នកស្រុកល្វាឯម ដែលរស់នៅតាមដងទន្លេមេគង្គក្រោម។  អភិបាលស្រុកល្វាឯមរូបនេះ ប្រាប់កាន់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«សម្រាប់ឆ្នាំនេះស្រុកល្វាឯមរបស់ខ្ញុំបានរៀបចំពិធីបុណ្យអុំទូក ប្រចាំឆ្នាំដែលអ្នកស្រុកធ្លាប់លេង។ បុណ្យអុំទូកនៅទីនេះគឺជាប្រពៃណីរបស់អ្នកទន្លេ និងដើម្បីជាការដកស្រងបច្ចេកទេសល្បឿនទូក ក្នុងការត្រៀមខ្លួនទៅប្រលងប្រណាំងនៅព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ»។ 
 
មែនទែនទៅ អ្នកស្រុកល្វាឯម តែងតែរៀបចំពិធីប្រណាំងទូកនេះ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ប៉ុន្តែក្រោយមកសកម្មភាពប្រណាំងទូក ក៏បានស្ងប់ស្ងាត់ទៅវិញ។ លោក កន សុខកាយ ដែលទើបឡើងកាន់តំណែងជាអភិបាលស្រុកល្វាឯម បាន៤ឆ្នាំមកនេះ ក៏ចាប់ផ្ដើមរៀបចំពិធីប្រណាំងទូកឡើងវិញ តាំងពីឆ្នាំ២០២០ គ្រាដែលផ្ទុះជំងឺកូវីដ-១៩ មក ដើម្បីរក្សាប្រពៃណីអ្នកស្រុកទន្លេ។
  
លោក កន សុខកាយ អភិបាលស្រុកល្វាឯម

សម្រាប់ការប្រណាំងទូកនៅស្រុកល្វាឯមឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២-២៣ វិច្ឆិកា ។ បើតាមអភិបាលស្រុកល្វាឯម ពិធីប្រណាំងទូកឆ្នាំនេះ នៅក្នុងភូមិទឹកឃ្លាំង ឃុំថ្មគរ ដែលជាទីតាំងភូមិសាស្ត្រថ្មីដ៏ល្អមួយ ស្ថិតចំកណ្តាលស្រុកល្វាឯមតែម្តង។ ដោយឡែកកាលពីឆ្នាំ ២០២០ ដល់ ២០២២ លោក កន សុខកាយ បានរៀបចំកម្មវិធីប្រណាំងទូក នៅក្នុងឃុំពាមឧកញ៉ាអុង ដែលបច្ចុប្បន្នបានកាត់ចូលក្រោមរដ្ឋបាលក្រុងអរិយក្សត្រ។
 
បើតាមការអះអាងរបស់លោក កន សុខកាយ ទូកខ្នាតអន្តរជាតិចំនួន ៣០ទូក និងទូក ង ប្រពៃណីខ្នាតវែង ២០ទូក នឹងត្រៀមខ្លួនប្រណាំងនៅក្នុងស្រុកល្វាឯម។ ដោយឡែកសម្រាប់ព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ទូកពីស្រុកល្វាឯម នឹងចូលរួមច្រើនជាងគេ ក្នុងចំណោមស្រុកទាំងអស់ នៅក្នុងខេត្តកណ្តាល៕
 

Tag:
 ស្រុកល្វាឯម
  ពិធីប្រណាំងទូក
  លោក កន សុខកាយ
© រក្សាសិទ្ធិដោយ thmeythmey.com