កីឡាអន្តរជាតិ
អន្តរជាតិ
អំពើហិង្សាក្នុងជំនួបប្រេស៊ីល-អាហ្សង់ទីន! Messi ចាត់ទុកជាសោកនាដកម្ម
22, Nov 2023 , 4:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi ចោទប្រកាន់ក្រុមមន្ត្រីប៉ូលិសប្រេស៊ីលពីបទប្រើអំពើហិង្សាដ៏ឃោរឃៅលើអ្នកគាំទ្រអាហ្សង់ទីន និងចាត់ទុកអំពើហិង្សានៅមុនការប្រកួតរវាងប្រេស៊ីលទល់នឹងអាហ្សង់ទីន ក្នុងការប្រកួតជម្រុះ World Cup 2026 តំបន់អាម៉េរិចខាងត្បូង (CONMEBOL) ជាសោកនាដកម្មមួយផងដែរ នៅក្នុងកីឡដ្ឋាន Maracana ប្រទេសប្រេស៊ីល នាថ្ងៃទី២២ ខែវិច្ឆិកា។



រឿងហេតុដំបូង កើតចេញពីបញ្ហារបស់អ្នកគាំទ្រប្រេស៊ីល និងអាហ្សង់ទីន ដោយអ្នកគាំទ្រក្រុមសងខាងបានចាប់ផ្តើមការវាយតប់គ្នានៅត្រង់កន្លែងឈរក្រោយសំណាញ់ទី អំឡុងពេលក្រុមទាំងពីរកំពុងគោរពភ្លេងជាតិរៀងៗខ្លួនមុនប្រកួត។ ​វាយប្រតាយប្រតប់គ្នា​ បានជំរុញឱ្យប៉ូលិសចូលទៅបញ្ឈប់ហិង្សារវាងអ្នកគាំទ្រ រហូតឈានដល់ហិង្សារវាងមន្ត្រីប៉ូលិសជាមួយនឹងក្រុមអ្នកគាំទ្រវិញ។
 
មន្ត្រីប៉ូលិសប្រដាប់ដោយដំបងដៃ ចូលទៅបំបែក និងបង្រ្កាបអំពើហិង្សា ខណៈដែលអ្នកគាំទ្រអាហ្សង់ទីនមួយចំនួនបានដោះកៅអីអង្គុយគប់សំដៅទៅលើក្រុមប៉ូលិស ហើយភាគច្រើនអ្នកគាំទ្របានព្យាយាមភាសខ្លួនចេញពីកន្លែងកើតហេតុ និងអ្នកគាំទ្រខ្លះបានចូលក្នុងទីលានប្រកួត។ កីឡាករក្រុមទាំងសង ជាពិសេសមាន Messi ប្រធានក្រុមអាហ្សង់ទីន ក៏ដូចជា Marquinhos ប្រធានក្រុមប្រេស៊ីល ក៏បានទៅជួយអន្តរាគមន៍ និងសម្របសម្រួលរង្ងាប់ចិត្តអ្នកគាំទ្រនិងមន្ត្រីប៉ូលិស អំឡុងពេលកើតហេតុ។ ​ក្រោយក្រុមទាំងសងខាងជួយសម្រួលដល់ស្ថានកាលរួច និងបានវិលត្រឡប់ទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។ 



Messi ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានចាត់ទុកអំពើហិង្សារវាងអ្នកគាំទ្រប្រេស៊ីល និងអាហ្សង់ទីន ព្រមទាំងរវាងក្រុមមន្ត្រីប៉ូលិស ជារឿងដ៏គួរឱ្យសោកស្តាយ និងជាសោកនាដកម្មមួយក្នុងបាល់ទាត់ប្រទេសស្ថិតក្នុងទ្វីបអាម៉េរិកខាងត្បូង។ ប្រធានក្រុមរូបនេះ ក៏បានចោទប្រកាន់អំពីអាកប្បកិរិយាដ៏ឃោរឃៅរបស់មន្ត្រីប៉ូលិសថែមទៀត។
 
«វាពិតជាអាក្រក់ ព្រោះតែយើងបានឃើញពួកគេបានវាយលើមនុស្សដែលជាអ្នកគាំទ្រយើង ពីក្រុមប៉ូលិស។ ដូចដែលវាបានកើតឡើងរួចហើយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Libertadores ជាថ្មីម្តងទៀតត្រូវបានបង្រ្កាបមនុស្សដោយដំបង ហើយថែមទាំងលាយឡំជាមួយនឹងក្រុមគ្រួសាររបស់កីឡាករមួយចំនួនស្ថិតនៅទីនោះថែមទៀត។ យើងបានវិលត្រឡប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ព្រោះវាជាផ្លូវដ៏ល្អដែលធ្វើឱ្យគ្រប់គ្នាស្ងប់ចិត្ត និងបញ្ហាថយចុះ ហើយវាប្រៀបបានទៅនឹងសោកនាដកម្មមួយរួចទៅហើយ។»។ Messi បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
សម្រាប់ប្រធានក្រុមប្រេស៊ីល Marquinhos ក៏បានលើកឡើងអំពីក្តីបារម្ភពីក្រុមគ្រួសាររបស់ពួកគេអំឡុងមានបញ្ហាកើតឡើង ក៏ដូចជាក្តីបារម្ភពីសុវត្ថិភាពរបស់អ្នកគាំទ្រដូចទៅនឹងខ្សែប្រយុទ្ធ Messi។ ​​
 
ទោះជាមានបញ្ហាកើតឡើងក្តី ប៉ុន្តែការប្រកួតរវាងប្រេស៊ីលនិងអាហ្សង់ទីន ក៏បានបញ្ចប់ទៅដោយលទ្ធផល ១-០ ដែលក្រុមសាំបាម្ចាស់ពាន World Cup ៥សម័យ ចាញ់ការប្រកួតជាលើកទី៣ ជាប់គ្នាក្នុងវគ្គជម្រុះ World Cup 2026 ហើយអាហ្សង់ទីនឈ្នះការប្រកួតឡើងវិញ ក្រោយចាញ់ក្រុមអ៊ុយរ៉ូហ្កាយ ២-០ កាល ២សប្តាហ៍មុន៕

Tag:
 អាហ្សង់ទីន
  ប្រេស៊ីល
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com