ជាតិ
កម្ពុជា គ្រោងបញ្ឈប់ការនាំចូលគ្រឿងអេឡិចត្រូនិកណា ដែលប្រើថាមពលអគ្គិសនីហួសហេតុ
22, Nov 2023 , 5:39 pm        
រូបភាព
គ្រឿងអេឡិចត្រនិកមួយទឹក។ រូបពី Slលក់របស់របរឡៃឡុងនិងមួយទឹក
គ្រឿងអេឡិចត្រនិកមួយទឹក។ រូបពី Slលក់របស់របរឡៃឡុងនិងមួយទឹក
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល អះអាងថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធ លើគម្រោងលុបបំបាត់ការនាំចូលគ្រឿងអេឡិចត្រូនិក ដែលប្រើប្រាស់ថាមពលច្រើនហួសហេតុ(ស៊ីភ្លើងថាមពលអគ្គិសនីខ្លាំង) មិនឱ្យមានលើទីផ្សារកម្ពុជា។



ការលើកឡើងរបស់លោក កែវ រតនៈ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» រៀបចំឡើងនាថ្ងៃទី២១វិច្ឆិកា នៅសណ្ឋាគារសុខា។ 


 
 
រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានធ្វើការជាមួយដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍអាស៊ី UNDP រួមជាមួយប្រទេសអូស្រ្ដាលី ក្នុងការជំរុញគោលនយោបាយប្រសិទ្ធភាពថាមពល ដើម្បីការពារបរិស្ថាន និងបំពេញតាមការប្ដេជ្ញារបស់កម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុលើពិភពលោក តាមគោលដៅសន្សំថាមពល។ 
 
លោក កែវ រតនៈ បញ្ជាក់ថា កម្ពុជា ប្ដេជ្ញាជំរុញការប្រើប្រាស់អគ្គិសនីឱ្យបានគ្រប់គ្រាន់ តាមតម្រូវការប្រទេសជាតិ។ លើសពីនេះ លោកសង្កត់ធ្ងន់លើការអន្ដរាគមន៍ការសន្សំសំចៃថាមពល យ៉ាងដូច្នេះ៖ «នាពេលខាងមុខនេះ ក្រសួងរ៉ែ នឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់មិនឱ្យនាំចូលឧបករណ៍ណា ដែលប្រើប្រាស់ថាមពលច្រើនហួសហេតុ ជាក់ស្ដែងដូចជាម៉ាស៊ីនត្រជាក់ ឬទូទឹកកក ដែលប្រើប្រាស់ថាមពលច្រើន ត្រូវតែបញ្ចប់ពីទីផ្សារកម្ពុជា ដើម្បីសន្សំសំចៃថាមពល ក្នុងការឈានទៅសម្រេចគោលដៅ»។
 
គោលដៅពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ កម្ពុជាត្រូវសន្សំថាមពល ក្នុងកម្រិតប្រហាក់ប្រហែលជិត ២ពាន់ម៉េហ្គាវ៉ាត់ ។ រាជរដ្ឋាភិបាល ក៏មានផែនការពីឆ្នាំ២០២៣-២០៣០ ចង់បង្កើតចលនាឱ្យ ប្រជាពលរដ្ឋយល់ដឹង និងចូលរួមក្នុងការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី។ នេះបើតាមលោក កែវ រតនៈ ដោយស្នើឱ្យពលរដ្ឋចូលរួមសន្សំសំចៃថាមពលអគ្គិសនីទាំងអស់គ្នា៕ 
 

Tag:
 ថាមពល
© រក្សាសិទ្ធិដោយ thmeythmey.com