ជាតិ
ធនាគាពិភពលោក ផ្តល់ថវិកា១៦៣លានដុល្លារ លើគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា
22, Nov 2023 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុកធនាគារពិភពលោកប្រចាំកម្ពុជា។
រូបពីហ្វេសប៊ុកធនាគារពិភពលោកប្រចាំកម្ពុជា។
ធនាគារពិភពលោក បានយល់ព្រមផ្ដល់ថវិកាលើ​​គម្រោងមួយ​ ដែល​មាន​តម្លៃ​ ១៦៣លានដុល្លារ សម្រាប់​ជួយ​​កម្ពុជា ​នៅ​ក្នុងការ​ពង្រឹង​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង ​​អនាម័យ ។ គម្រោងនេះ នឹងផ្ដល់ប្រយោជន៍​ដល់​ប្រជាជនជាង ១៧៥ ០០០​នាក់​ នៅក្នុង​ខេត្តចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។



ធនាគារពិភពលោក បានលើកឡើងថា ទោះបីជា​​កម្ពុជា​មាន​វឌ្ឍនភាព​ច្រើន ​នៅ​ក្នុង​ការ​បង្កើន​លទ្ធភាពទទួល​បាន​ទឹក​ស្អាត និង ​​អនាម័យ​គួរ​ឱ្យ​កត់​សម្គាល់​​ក្តី ប៉ុន្តែ​នៅ​​មានកិច្ចការ​ចាំបាច់​ត្រូវ​ធ្វើ​ថែម​ទៀត ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ទី៦ នៃ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព របស់​អង្គការ​សហ​ប្រជាជាតិ (SDG 6) ស្តីពីទឹក​ស្អាត​ និង​អនាម័យ​សម្រាប់ទាំងអស់គ្នា ត្រឹម​ឆ្នាំ​២០៣០។ 
 
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ «កិច្ច​គាំ​ទ្រ​នេះ​នឹង​ជួយ​រដ្ឋា​ភិបាលក្នុង​ការ​កសាងគ្រឹះរឹងមាំមួយ សម្រាប់​ផ្តល់​សេវា​ចាំ​បាច់​ទាំងនេះទៅដល់​ប្រ​ជា​ជន​កម្ពុជា ហើយ​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និង​អ្នក​ក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្ន​មិនទាន់ទទួលបានសេវាទាំងនេះ»។
 
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍  ជា​ភាគីអនុវត្តន៍​សកម្មភាព​ពាក់​ព័ន្ធ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត។ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​បញ្ជាក់ថា ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជា​វិស័យ​អាទិភាពមួយ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយភាពធន់ និង​​ចីរភាព និងសម្រាប់​ការ​ពង្រឹង​សេដ្ឋកិច្ច។ ​«គម្រោងនេះនឹង​ជួយ​រដ្ឋា​ភិបាល​ក្នុង​ការ​អនុវត្តចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍រួមរបស់ខ្លួន ហើយ​យើង​ប្តេជ្ញាថា​និង​ធានា​ឱ្យ​មាន​កំណើន​ប្រកបដោយចីរភាព នៅ​ក្នុង​វិស័យនេះ ក៏ដូចជា​ក្នុង​ការឈានទៅសម្រេចគោលដៅ SDG 6ឱ្យ​បាន​ផងដែរ»។ នេះបើតាមលោក វណ្ណឌី។
 
ដោយឡែក​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ក៏ជា​ភាគី​អនុវត្ត​សកម្មភាព​សេវា​អនាម័យ​ទីក្រុង នៅ​ក្រោម​គម្រោងនេះ។ គម្រោងនេះ នឹងផ្ដល់ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តចំនួន៤ រួម​មាន ខេត្ត​បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង​ កណ្តាល។ 
 
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន បានបន្ថែមថា៖« រាជរដ្ឋា​ភិបាល​កម្ពុជា ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​ទៅលើ​ការ​គ្រប់​គ្រង​សំណល់​ទឹក​កខ្វក់ និង​ភក់សំណល់​បង្គន់ ដូច្នេះ ការវិនិយោគ​ទៅលើ​ប្រព័ន្ធ​អនាម័យ​ក្រោ​ម​គម្រោងនេះ ពិត​ជា​មាន​សារៈសំខាន់ខ្លាំងណាស់​សម្រាប់​ធានាឱ្យ​បាន​នូវនិរន្តរភាព​​របស់​សេវា​អនា​ម័យ ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​មាន​ការ​វិវឌ្ឍ​ប្រែ​ប្រួល​ជា​វិជ្ជមានទៅថ្ងៃមុខ»។
 
គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (Water Supply and Sanitation Acceleration Project) មានរយៈពេល៦ ឆ្នាំនេះ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាត និងអនាម័យនាពេលបច្ចុប្បន្ន ។ គម្រោងនេះ ក៏ជួយដល់ការបង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា។ ជាពិសេសកៀរគរធនធានប្រមាណ ១៧,៦លានដុល្លារបន្ថែមទៀត ពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។
 
គិត​ត្រឹម​ឆ្នាំ២០២២ ប្រជាជនកម្ពុជា​ មិនដល់១ភាគ៣ផងទេ ដែល​មានលទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក ​​ដែល​មាន​ការ​គ្រប់​គ្រង​ដោយ​សុវត្ថិភាព ហើយ​មានលើសមួយភាគបីបន្តិចប៉ុណ្ណោះ​ ដែល​មាន​លទ្ធ​ភាពប្រើ​ប្រាស់សេវា​​អនាម័យ ​ដែល​មាន​ការ​គ្រប់​គ្រង់​បាន​ល្អ។ នេះបើតាមធនាគារពិភពលោក៕

Tag:
 ធនាគារពិភពលោក
  ទឹកស្អាត
  អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com