ជាតិ
ហេតុអ្វីកម្ពុជា នៅតែបន្តទិញថាមពលអគ្គិសនី ពីប្រទេសជិតខាង?
22, Nov 2023 , 8:59 pm        
រូបភាព
រូបពី ក្រសួងរ៉ែ និងថាមពល
រូបពី ក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតថាមពលអគ្គិសនីដោយខ្លួនឯង ប៉ុន្តែ កម្ពុជានៅតែបន្តទិញថាមពលអគ្គិសនីពីប្រទេសជិតខាង។ នោះក៏ព្រោះតែកម្ពុជាចង់បង្កើតជម្រើស ដើម្បីទាញយកថាមពលអគ្គិសនីស្អាត សម្រាប់ទាក់ទាញការវិនិយោគ និងបន្តភ្ជាប់ខ្សែបណ្ដាញអគ្គិសនី ទុកពេលមានតម្រូវការចាំបាច់។ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពន្យល់បែបនេះ នៅវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» កាលពីថ្ងៃទី២១ វិច្ឆិកា។

 
សូមអញ្ជើញស្ដាប់ការលើកឡើងរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ 



 
តាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញជប៉ុន កម្ពុជាមានសមត្ថកិច្ចភាពផលិតថាមពលអគ្គិសនី ប្រមាណ២ម៉ឺនមេហ្កាវ៉ាត់។ ប៉ុន្តែ ដោយសារមិនចង់ឱ្យមានផលប៉ះពាលធ្ងន់ធ្ងរពីការទប់ទំនប់វារីអគ្គិសនី ទើបមកដល់សព្វថ្ងៃ កម្ពុជាបន្តទិញប្រភពថាមពលអគ្គិសនីស្អាតពីឡាវ ប្រមាណ៣០ភាគរយ។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលើឡើងបែបនេះ។
 
លោក កែវ រតនៈ បន្តទៀតថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាទិញថាមពលអគ្គិសនីពីវៀតណាម ត្រឹមតែ១ភាគរយប៉ុណ្ណោះ ។ កម្ពុជា មិនមានការបន្តទិញថាមពលអគ្គិសនី ពីថៃទៀតឡើយ។ 
 
ជាគោលដៅទៅថ្ងៃមុខ លោក កែវ រតនៈ អះអាងថា កម្ពុជានៅតែបន្តពង្រឹងការផលិតថាមពលអគ្គសនីនៅក្នុងស្រុកឱ្យអស់លទ្ធភាព ដោយមានតុល្យភាព និងការអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នាដែរ កម្ពុជានៅតែទិញថាមពលអគ្គិសនីស្អាតពីប្រទេសជិតខាងបន្តិចបន្តួច ដើម្បីបំពេញផលប្រយោជន៍យុទ្ធសាស្រ្ត ប្រើប្រាស់ថាមពលអគ្គិសនីស្អាត សម្រាប់ទាក់ទាញការវិនិយោគ៕ 
 
 

Tag:
 ថាមពលអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com