ជាតិ
បាក់ឌុប
«សេពគប់គ្នាត្រូវ» នាំឱ្យយុវជន៦នាក់ ជាប់និទ្ទេស A ដូចគ្នា
23, Nov 2023 , 5:12 pm        
រូបភាព
 (រាប់ពីឆ្វេង) គង់ តារាវិសាល
(រាប់ពីឆ្វេង) គង់ តារាវិសាល
«សេពគប់អ្នករៀន ក្លាយជាបណ្ឌិត» ។ នេះជាពាក្យចាស់បុរាណ ដែលប្រៀនប្រដៅអប់រំកូនចៅ ឱ្យសេពគប់មនុស្សល្អ ដើម្បីដើរលើមាគាត្រឹមត្រូវ ក្នុងវិថីជីវិត។ ពាក្យទាំងនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់តាំងពីជំនាន់មុន មកដល់សម័យបច្ចុប្បន្ន។ ជាក់ស្ដែងយុវជន៦រូប ដែលតែងតែចំណាយពេលសិក្សាស្វ័យតជុំគ្នានោះ សម្រេចបានលទ្ធផលនិទ្ទេស A ដូចគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣។



យុវជនប្រុសស្រីទាំង៦រូបនេះ មានឈ្មោះ  កែវ ផ្លីនា ,គង់ តារាវិសាល, កៅ ប៊ូលីហេង, ចាន់សុខរក្សា , ជំនិត សុធាវី និង ទឹម ច័ន្ទបូរមី។ ពួកគេទាំង៦រូបនេះ ជាសិស្សនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក។
 

ហេតុអ្វីអាចសម្រេចបាននិទ្ទេស A ទាំងអស់គ្នា? យុវជន កែវ ផ្លីនា បានឆ្លើយតបទាំងអារម្មណ៍ត្រេកអរ លាយឡំជាមួយភាពក្រមិចក្រមើមផងថា «ខិតខំរៀន! រៀនពីដើមឆ្នាំ ដល់ចុងឆ្នាំ» ។ កែវ ផ្លីនា ក៏បានឆ្លៀតរំឭកគុណ ដល់លោកគ្រូរបស់ខ្លួន ជាពិសេសមុខវិជ្ជាគណិតវិទ្យា។ ជាមួយគ្នានេះ ផ្លីនា ក៏បានអរគុណដល់ កៅ ប៊ូលីហេង ដែលជាមិត្តភក្តិជិតស្និទរបស់ខ្លួនផងដែរ។
 
យុវជន កែវ ផ្លីនា មកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក ប្រឡងជាប់និទ្ទេស A

លើសពីមិត្តភក្តិ កៅ ប៊ូលីហេង ត្រូវបានមិត្តភក្តិទាំង៥នាក់នោះ ចាត់ទុករូបគេ ជាគ្រូបង្រៀនទី២ បន្ទាប់ពីនៅក្នុងថ្នាក់។ នោះក៏ព្រោះ កៅ ប៊ូលីហេង ជាសិស្សពូកែម្នាក់ ដែលពួកគេគោរព។ 
 
ក្រៅពីនេះ ការប្រឡងប្រកួតប្រជែងក្នុងថ្នាក់ ដើម្បីបានចំណាត់ថ្នាក់ល្អនោះ ក៏ជាចំណុចមួយ ដែលជួយឱ្យពួកគេទាំង៦រូប ខិតខំរៀនសូត្ររហូតបាននិទ្ទេស A នេះដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃប្រកាសលទ្ធផលប្រឡង នៅវិទ្យាល័យបាក់ទូក នារសៀលថ្ងៃទី២៣ វិច្ឆិកានេះ យុវតី ជំនិត សុធាវី បាននិយាយដូច្នេះថា៖«រៀនគួរ រៀននៅក្រៅជាមួយគ្នា មួយទៀតឃើញមិត្តភក្តិរៀនជាមួយគ្នា (ពូកែ) ក៏ជំរុញចិត្តខ្ញុំ»។

យុវតី ជំនិត សុធាវី មកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក ប្រឡងជាប់និទ្ទេស A

«គាត់ឃើញខ្ញុំរៀន ពួកគាត់ខំរៀនដែរ»។ យុវជន កៅ ប៊ូលីហេង ដែលត្រូវបានមិត្តភក្តិចាត់ទុកជាគ្រូបង្រៀនទី២របស់ខ្លួននេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ កៅ ប៊ូលីហេង បន្ថែមថា ខ្លួនតែងតែបង្រៀន និងពន្យល់មិត្តភក្តិ នូវចំណុចណា ដែលពួកគេមិនចេះ ឬមិនយល់។


យុវជន កៅ ប៊ូលីហេង មកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក ប្រឡងជាប់និទ្ទេស A 
  

អ្នក​ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០២៣ នេះ មាន​ ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩ភាគរយ ក្នុងចំណោម​បេក្ខជន​សរុប។ សិស្ស​ដែល​ទទួលបាននិទ្ទេស A មាន​១៦៧៣នាក់ និទ្ទេស B មាន ៦៩៦៤នាក់ និទ្ទេស C មាន​១៨ ៣០៨នាក់ និទ្ទេស D មាន៣៤ ២៤៦នាក់ និងនិទ្ទេស E មាន​៣៧ ២៦៩នាក់។ នេះបើតាមរយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន ក្រសួងអប់រំ យុវជន និងកីឡា។
 
យុវតី ចាន់ សុខរក្សា មកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក ប្រឡងជាប់និទ្ទេស A

យុវជន គង់ តារាវិសាល មកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក ប្រឡងជាប់និទ្ទេស A

Tag:
 បាក់ឌុប
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com