កីឡាអន្តរជាតិ
អន្តរជាតិ
Maguire ទទួលយកការសុំទោស ពីសមាជិកសភាហ្គាណា ដែលចំអកឱ្យខ្លួនថាលេងអន់
23, Nov 2023 , 5:59 pm        
រូបភាព
​Harry Maguire ខ្សែការពារក្រុម Manchester United នាថ្ងៃទី២២ ខែវិច្ឆិកា បានទទួលយកការសុំទោសរបស់សមាជិកសភាសញ្ជាតិហ្គាណាមួយរូប ដែលបាននិយាយចំអកលើខ្លួន អំឡុងស្ថិតក្នុងកម្មវិធីកិច្ចពិភាក្សាសភាសស្តីពីថវិកាជាតិ កាលពីឆ្នាំ​ ២០២២ កន្លងទៅ។



លោក Isaac Adongo សមាជិកសភាប្រទេសហ្គាណា បានប្រៀបធៀបការគ្រប់គ្រងសេដ្ឋកិច្ចរបស់អនុប្រធានាធិបតី Mahamadu Bawumia របស់ប្រទេសហ្គាណា ដែលស្ថិតនៅទ្វីបអាហ្រ្វិក ទៅនឹងទម្រង់លេងមិនល្អរបស់កីឡាករខ្សែការពារ Maguire កាលពីឆ្នាំ ២០២២។ 
 
ប្រទេសហ្គាណាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ដែលបាននាំមកដោយការជំពាក់បំណុលសាធារណៈ ដែលបង្កឱ្យមានអតិផរណាដ៏ខ្លាំងក្លានិងធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុកប្រទេសតំបន់អាហ្រ្វិកមួយនេះចុះខ្សោយថែមទៀត។ លោក Adongo បានប្រៀបធៀបការគ្រប់គ្រងថវិកាជាតិរបស់អនុប្រធានាធិបតី Bawumia ដែលគំរាមកំហែងដ៏ធំបំផុតផ្នែកសេដ្ឋកិច្ចជាតិដូចទៅនឹង ដូចទៅនឹងទម្រង់លេងដ៏អាក្រក់របស់ខ្សែការពារអង់គ្លេស Maguire។
 
យ៉ាងណាក្តីមកដល់ពេលថ្មីៗនេះ សមាជិកសភាប្រទេសហ្គាណារូបនេះ បានចេញមុខសុំទោសចំពោះការនិយាយដែលចំអកទៅកាន់ខ្សែការពារក្រុមបិសាចក្រហម។ «ពេលនេះខ្ញុំសុំទោសទៅកាន់ Harry Maguire ពេលនេះគេជាកីឡាករម្នាក់ដែលបានកែប្រែខ្លាំងគួរឱ្យកត់សម្គាល់ ហើយពេលនេះគេក៏បានរកគ្រាប់បាល់ទៀតសម្រាប់ក្រុម Manchester United។»។ លោក Adongo បាននិយាយបែបនេះ។
 
កីឡាករវ័យ ៣០ឆ្នាំ ថ្ងៃទី២២ ខែវិច្ឆិកា បានបង្ហោះសារនៅលើបណ្តាញសង្គម X អតីត Twitter ដោយគេបានទទួលយកការសុំទោសរបស់សមាជិកសភាប្រទេសហ្គាណារូបនោះ។ បន្ទាប់ពីទទួលយកការសុំទោស Maguire ក៏បានបង្ហោះភ្ជាប់ជាមួយនឹងពាក្យជួបគ្នាឆាប់ៗរវាងរូបគេនឹងលោក Adongo នៅក្នុងទឹកដី Old Trafford៕

Tag:
 Harry Maguire
© រក្សាសិទ្ធិដោយ thmeythmey.com