ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក៣ថ្ងៃនៅភ្នំពេញ មានកម្មវិធីប្រគុំតន្ត្រី​ គុនខ្មែរ ចំនួន១២ទីតាំង
23, Nov 2023 , 8:19 pm        
រូបភាព
ក្នុងពិធីបុណ្យអុំទូក​​ បណ្តែកប្រទីប សំពះព្រះខែ និងអកអំបុក ពីថ្ងៃទី២៦ដល់២៨វិច្ឆិកា នៅរាជធានីភ្នំពេញ មានកម្មវិធីគុនខ្មែរ និងការប្រគំតន្រ្តីរហូតដល់១២កន្លែង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ដោយបានបញ្ជាក់ថា កម្មវិធីគុនខ្មែរ នឹងរៀបចំឡើងក្នុងបរិវេណសួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។​

 
រដ្ឋបាលរាជធានីភ្នំពេញបន្តរៀបរាប់ថា សម្រាប់កម្មវិធីប្រគំតន្ត្រីនានា ត្រូវបានរៀបចំឡើងនៅសួរច្បារមុខវត្តបុទុមវតី, នៅរមណីយដ្ឋានវត្តភ្នំ , សួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សួនច្បារមាត់ទន្លេទល់មុខផ្សាររាត្រី, សួនរង្វង់មូលនាងទេពមច្ឆា ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ។ ក្នុងពេលជាមួយគ្នានេះ ក៏មានការរៀបចំការប្រគំតន្ត្រីនៅ​ សួនច្បារកោះពេជ្រ, មាននៅមុខសាលមហោស្រពកោះពេជ្រ  និងតំបន់ទីក្រុងរណបកោះនរា​ ស្ថិតក្នុងសង្កាត់និរោធ  ខណ្ឌច្បារអំពៅ។ 
 
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ក៏មានការរៀបចំកម្មវិធី«ទីជលគុណ» ដែលស្ថិតនៅសួរច្បារមុខវត្តបុទុមវតីផ្នែកខាងជើង ​និងការរៀបចំស្តង់តាំងលក់ផលិតផល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ កោះពេជ្រ ផងដែរ។ ​បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅតាមទីតាំងនីមួយៗមានស្តង់ក្រុមគ្រូពេទ្យ ឡានសង្គ្រោះបន្ទាន់​ ដើម្បីត្រៀមជួយសង្រ្គោះពលរដ្ឋ​ពេលជួបឧបទ្ទវហេតុនានា ​រួមទាំងមានកម្លាំងអាវុធហត្ថ​ ដើម្បីការពារសុខសុវត្ថិភាព និងរក្សាសណ្តាបធ្នាប់ ដល់ពលរដ្ឋដែលមកចូលរួមកម្សាន្តនាឱកាសក្នុងពិធីបុណ្យអុំទូនេះ៕ 
 

Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com