ជាតិ
ក្រោយបាក់ស្រុតជាច្រើនឆ្នាំ បង្កាន់ដៃនាគខាងត្បូងអង្គរ ឈររឹងមាំឡើងវិញ ដោយអ្នកជំនាញខ្មែរ
25, Nov 2023 , 10:07 am        
រូបភាព
ការជួសជុលបង្កាន់ដៃនាគផ្នែកខាងត្បូងប្រាសាទអង្គរវត្ត។
ការជួសជុលបង្កាន់ដៃនាគផ្នែកខាងត្បូងប្រាសាទអង្គរវត្ត។
សៀមរាប៖ ក្រោយបាក់ស្រុត និងដួលរលំផ្នែកខ្លះ នៃខឿនជណ្ដើរ និងបង្កាន់ដៃនាគឡើងទៅកាន់ប្រាសាទអង្គរវត្តផ្នែកខាងត្បូង អស់ជាច្រើនឆ្នាំរួចមក បច្ចុប្បន្នទីតាំងនេះត្រូវបានជួសជុលឡើងវិញ កាលពីខែកក្កដា កន្លងមក។ បុរាណវិទូ លោក សយ សុភារិន្ទ លើកឡើងថា ទីតាំងខឿន និងបង្កាន់ដៃនាគនេះ នឹងរួចរាល់នៅបំណាច់ខែវិច្ឆិកានេះ។

ដើម្បីជ្រាបច្បាស់ពីដំណើរការនៃការជួសជុលស្ពាននាគ និងខឿនជណ្ដើរ ផ្នែកខាងត្បូងប្រាសាទអង្គរវត្តនេះ​ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោម។ 


ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅទីតាំងការដ្ឋាន លោក សយ សុភារិន្ទ អ្នកដឹកនាំការជួសជុល បានពន្យល់ថា មូលដ្ឋានដែលនាំឱ្យខឿនជណ្ដើរខាងត្បូងបាក់ស្រុត គឺបណ្ដាលមកពីការបិទផ្លូវទឹកហូរ ដែលជាប្រព័ន្ធរំដោះទឹកបុរាណ។ ការណ៍នេះ បណ្ដាលឱ្យទឹកហូរច្រោះមក ជ្រាបតាមប្រលោះថ្ម បណ្ដាលឱ្យថ្មផ្នែកខាងក្នុងពុកផុយ និងញែកថ្មចេញពីគ្នា។ 
 
លោកអធិប្បាយទៀតថា នៅពេលដែលថ្មទាំងនោះបាក់ស្រុត បណ្ដាលឱ្យបង្កាន់ដៃនាគទាំងនោះរលំ និងមួយផ្នែកទៀត បណ្ដាលមកពីអាយុកាលនៃថ្មទ្របង្កាន់ដៃនាគនោះពុកផុយ ដែលមិនអាចទ្រនឹងទម្ងន់ដ៏ធ្ងន់បាន។ 
 
បើតាមអ្នកជំនាញមានបទពិសោធន៍ជាង២០ឆ្នាំរូបនេះ ការជួសជុលត្រូវបានបែកចែកជា៣ដំណាក់កាលធំៗ ដើម្បីស្ដារខឿន និងបង្កាន់នាគនេះឡើងវិញ។ ដំណាក់កាលទី១ គឺការពង្រឹងគ្រឹះនៃខឿនជណ្ដើរ, ដំណាក់កាលទី២ ជួសជុលក្បាលនាគ និងដំណាក់កាលទី៣ គឹជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ។ 
 
គួរជម្រាបផងដែរថា បង្ហាន់ដៃនាគផ្នែកខាងត្បូងប្រាសាទអង្គរវត្ត ត្រូវបានអ្នកជំនាញជួសជុលបានផ្នែកខាងកើត ដែលទ្រុឌទ្រោមខ្លាំង។ ចំណែកឯមួយផ្នែកខាងលិចវិញ ដែលទ្រងុទ្រាយនាគនៅរក្សាបានល្អនោះ នឹងបន្តជួសជុលបន្តទៀត នៅថ្ងៃអនាគត ក្រោយបញ្ចប់ផ្នែកខាងកើតនេះ៕
 

Tag:
 អង្គរវត្ត
  ស្ពាននាគខាងត្បូង
  សៀមរាប
  អភិរក្ស
  ជួសជុល
© រក្សាសិទ្ធិដោយ thmeythmey.com