ជាតិ
ទេសចរ មិនគួររំលងចម្លាក់ទាក់ទងព្រះបាទជ័យវរម៌្មទី៧ នៅជញ្ជាំងខាងក្នុងប្រាសាទបាយ័ន
25, Nov 2023 , 6:20 pm        
រូបភាព
សៀមរាប៖ ប្រាសាទបាយ័ន ជាប្រាសាទដ៏ល្បីល្បាញខាងផ្នែកចម្លាក់លើជញ្ជាំងប្រាសាទ ដែលព្រះបាទជ័យវរម៌្មទី៧ (ព្រះបាទជ័យរវ្ម័នទី៧) បានរំលេចឡើងអំពី ការធ្វើសង្រ្គាមជាមួយចាម និងជីវភាពប្រជាជនតាមរយៈចម្លាក់​ក្រឡោតទាប។ ទេសចរ ភាគច្រើនមិនរំលងចម្លាក់តាមរោងទងខាងក្រៅនេះនោះទេ។

 
 
ប្រាសាទបាយ័ន មានចម្លាក់ក្រឡោតទាបនៅជញ្ជាំងរោងទងខាងក្រៅ និងខាងក្នុង។ ទេសចរជាតិ មិនសូវចាប់អារម្មណ៍ជាមួយចម្លាក់ខាងក្នុង ទេ។ ប៉ុន្តែ ទេសចរអន្តរជាតិ តែងតែទស្សនាចម្លាក់លើជញ្ជាំងខាងក្នុង តាមរយៈការរៀបរាប់ពី មគ្គទេសក៍។  
 
 

ប្រាសាទបាយ័ន មានចម្លាក់អំពីចម្បាំងខ្មេរ-ចាម, ចម្បាំងក្នុងស្រុក, សង្រ្គាមជើងទឹក, ជីវភាពប្រជាជន, ការព្យាបាលអ្នកជំងឺ, និងរឿងរ៉ាវទាក់ទងព្រះបាទជ័យវរ្ម័នទី៧ ជាច្រើន។ ចម្លាក់ក្រឡោតទាបនៅប្រាសាទបាយ័ន មាន២ផ្នែក គឺខាងក្រៅ និងខាងក្នុង។ ចម្លាក់ផ្នែកខាងក្នុងភាគច្រើន ឆ្លាក់អំពីកិច្ចការរបស់ព្រះមហាក្សត្រ និងមានពិធីដង្ហែសពព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ថែមទៀតផង។
 
បើតាមការសង្កេត ប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ តែងតែមានចម្លាក់ ដែលនិទានអំពីរឿងព្រេង។ ប៉ុន្តែព្រះបាទជ័យវរ្ម័នទី៧ បានយករឿងព្រេងនិទាន បង្កើតជាប្រាសាទវិញ ហើយតាមជញ្ជាំងឆ្លាក់អំពី ការធ្វើសឹកសង្គ្រាម, របៀបរស់នៅរបស់ប្រជាជន, និងសេវាសាធារណៈ ក្នុងរាជ្ជកាលរបស់ព្រះអង្គ។
 
 
ប្រាសាទបាយ័ន មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ ប្រាសាទបាយ័ន មានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤ ដែលអ្នកស្រុកអង្គរហៅថា ព្រហ្មបាយ័ន។ ស្នាមញញឹម នៃមុខរូបចម្លាក់ព្រហ្មមុខ៤នេះ ជាការបង្កើតថ្មីក្នុងវិស័យសិល្បៈ និងស្ថាបត្យកម្ម នាសម័យអង្គរ ដែលមិនមានពីមុនមក៕ 

Tag:
 (ព្រះបាទជ័យរវ្ម័នទី៧
  ប្រាសាទបាយ័ន)
© រក្សាសិទ្ធិដោយ thmeythmey.com