RFI
អន្តរជាតិ
កូរ៉េខាងត្បូង៖ការងារជិត ៤លានការងារកំពុងប្រឈមនឹងការជំនួសដោយបញ្ញាសិប្បនិម្មិត
27, Nov 2023 , 8:29 am        
រូបភាព
នៅកូរ៉េខាងត្បូង មានការងារជិត ៤លានការងារកំពុងប្រឈមនឹងការជំនួសដោយបញ្ញាសិប្បនិម្មិត។ © AP
នៅកូរ៉េខាងត្បូង មានការងារជិត ៤លានការងារកំពុងប្រឈមនឹងការជំនួសដោយបញ្ញាសិប្បនិម្មិត។ © AP
ដោយ៖ គួច គន្ធារ៉ា/RFI
នៅ​កូរ៉េខាងត្បូង ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ធនាគារកណ្តាល​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ វិច្ឆិកា​បាន​ឲ្យ​ដឹង​ថា មាន​ការងារ​ជិត ៤លានការងារ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ជំនួស​ដោយ​បញ្ញាសិប្បនិម្មិត​ក្នុង​រយៈពេល ២ទសវត្សរ៍​ខាង​មុខ។ តែ​ទន្ទឹម​នឹង​ជំនួស​ការងារ​ដែល​មាន​ស្រាប់ បច្ចេកវិទ្យាសិប្បនិម្មិត​ក៏​ចូល​រួម​បង្កើត​ការងារ​ថ្មី​ដែរ។

 
ការ​អភិវឌ្ឍន៍​យ៉ាង​លឿន​យ៉ាង​ឆាប់រហ័ស​របស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិមិត្ម​បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​នៅ​ទូទាំង​ពិភពលោក។ បារម្ភ​ព្រោះ​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​អាច​បំផ្លាញ​ការងារ ឬ​និយាយ​បែប​ម្យ៉ាង​ទៀត គឺ​ចូល​ទៅ​ជំនួស​ការងារ​ដែល​មនុស្ស​កំពុង​ធ្វើ​សព្វថ្ងៃ អាច​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​ដែល​មនុស្ស​បាន​បង្កើត​ឡើង ឬ​ក៏​អាច​ចូល​វាយប្រហារ​តាម​អ៊ីនធឺនែត។ កូរ៉េខាងត្បូង​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​ដែល​កំពុង​ប្រឈម​នឹង​ការ​វាយ​លុក​ដោយ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត។
 
ការ​សិក្សា​ថ្មី​មួយ​របស់​ធនាគារកណ្តាល​កូរ៉េខាងត្បូង​បាន​ប្រមើលមើល​ថា ប្រឈម​នឹង​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត មាន​ការងារ​ប្រមាណ​ជា ៣លាន ៩សែន​ការងារ​នៅ​កូរ៉េខាងត្បូង​នឹង​ទទួល​ការ​គំរាមកំហែង ក្នុង​នោះ ការងារ​ជា​មេធាវី ការងារ​ជា​គណនេយ្យករ និង​ការងារ​ជា​គីមីវិទូ​ស្ថិត​ក្នុង​ចំណោម​ការងារ​ដែល​ទទួល​ការ​គំរាមកំហែង​ខ្លាំង​ជាង​គេ។ បន្ទាប់​មក អ្នកជំនាញ​ដែល​មាន​ប្រាក់ខែ​ខ្ពស់ និង​មាន​ការ​រៀនសូត្រ​ខ្ពស់​ជា​អ្នក​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ខ្លាំង​ជាង​គេ​ដោយ​ត្រូវ​ជំនួស​ដោយ​បញ្ញាសិប្បនិម្មិត។
 
ដោយឡែក ក្រុម​មនុស្ស​ដែល​មិន​សូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​គឺ​ក្រុម​មនុស្ស​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​សាសនា វិស័យ​អប់រំ និង​នៅ​តាម​ភោជនីយដ្ឋាន។ តាម​ការ​សិក្សា​របស់​ធនាគារកណ្តាល​កូរ៉េខាងត្បូង​ដដែល ទន្ទឹម​នឹង​គំរាមកំហែង​លើ​ការងារ​ដែល​មាន​ស្រាប់ បញ្ញាសិប្បនិម្មិត​ក៏​បាន​ចូលរួម​បង្កើត​ឱកាស​ការងារ​ថ្មី​ដែរ ពិសេស​ការងារ​សម្រាប់​ក្រុម​វិស្វករ​ដែល​អភិវឌ្ឍ និង​ថែទាំ​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិត រួម​ទាំង​ការងារ​នៅ​ក្នុង​វិស័យ Start-ups ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ញាសិប្បនិម្មិត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com