ជាតិ
សង្គមជាតិ
កីឡាករ​ ទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ប្តេជ្ញាយកជ័យជម្នះ ដើម្បីលើកកម្ពស់កិត្តិនាមខ្មែរក្រោម
26, Nov 2023 , 9:30 am        
រូបភាព
«ខ្មែរក្រោមកម្ពុជាមានជ័យ» ជាទូក ង តែមួយគត់​តំណាងឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ​ចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅរាជធានីភ្នំពេញ អស់រយៈពេល១៣ឆ្នាំមកហើយ។ សម្រាប់ការចូលរួមប្រណាំងទូក ង ដែលធ្វើឡើងពីថ្ងៃទី២៦ដល់២៨វិច្ឆិកា​ក្នុងឆ្នាំនេះ គណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ជាពិសេសកីឡាករ បានប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម ដោយប្តេជ្ញា​ដណ្តើមយកជ័យជម្នះ ដើម្បីលើកកម្ពស់កិត្តិនាមខ្មែរក្រោម។

 
 
ទាំងចំណុះទូក ទាំងកីឡាករបម្រុង ប្រមាណ៣០នាក់ នៃទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ»   តែងតែមកជួបជុំគ្នាក្នុងបរិវេណវត្តវាលស្បូវ ដើម្បីហ្វឹកហាត់ ចាប់ពីម៉ោង២ រហូតដល់ម៉ោង៥ល្ងាច។ ក្រៅពីកីឡាករ ក៏មានវត្តមានអនុប្រធានសមាគមមិត្តខ្មែរកម្ពុជាក្រោម ប្រធានគ្រប់គ្រងគណៈកម្មការទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ និងអ្នកគាំទ្រមួយចំនួនជាពលរដ្ឋខ្មែរកម្ពុជាក្រោម ស្ថិតនៅទីកន្លែងហ្វឹកហាត់របស់កីឡាករ ផងដែរ។ 
 

លោក យ៉េត វីរីស កីឡាករទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ_នៅកន្លែងហ្វឹកហាត់ នាថ្ងៃទី១២វិច្ឆិកា  
 
ក្រុមកីឡាករ ​ហ្វឹកហាត់បានជិតមួយខែ មុននឹងការប្រកួតមកដល់ ពោលគឺ ចំណុះទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ»​ ចាប់ផ្តើមហ្វឹកហាត់​ តាំងពីថ្ងៃទី២៩តុលា ឆ្នាំ២០២៣មក។  ​​លោក យ៉េត វីរីស ដែលជាកីឡាករទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» បានលើកឡើងថា ការហ្វឹកហាត់នេះ គឺដើម្បីយកកម្លាំង និងច្រវា​ ឱ្យស្មើគ្នា រវាងកីឡាករ ឬចំណុះទូកក្នុងពេលប្រកួត។ 
 
«ឆ្នាំនេះ យើងមានភាពអំណោលផល​ជាង​រាល់ឆ្នាំ​ ព្រោះឆ្នាំកន្លងមកយើងហាត់តែនៅលើគោក ប៉ុន្តែឆ្នាំនេះដោយសារព្រះចៅអធិវត្តវាលស្បូវ​ឱ្យយើងខ្ញុំខ្ចីទូក និង ទីតាំង ដើម្បីហ្វឹកហាត់ក្នុងទន្លេផ្ទាល់តែម្តង»។ លោក យ៉េត វីរីស បានរៀបរាប់បែបនេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ដោយជឿជាក់ថា ៖ «ការហ្វឹកហាត់រាល់ថ្ងៃរបស់យើងដែលស្ថិតនៅលើទូកតែមួយនេះ នឹងធ្វើឱ្យយើងមានគំនិតតែមួយ ចិត្តតែមួយ និងច្រវាតែមួយ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ​ ជូន សមាគមខ្មែរកម្ពុជាក្រោម»។​
 
ការប្រឹងប្រែង​ និងការប្តេជ្ញាចិត្តរបស់កីឡាករទូក​ ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ក្នុងការហ្វឹកហាត់ និងចូលរួមប្រណាំងប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ​ ក៏ទទួលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ពីខាងគណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ផងដែរ។ បើតាម លោក គឹម វិសាល អនុគណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» គិតចាប់ពីថ្ងៃទីមួយនៃការហ្វឹកហាត់រហូតថ្ងៃបញ្ចប់នៃការប្រកួតប្រណាំងទូក ង នៅថ្ងៃទី២៨វិច្ឆិកា កីឡាករ ទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ទទួលបានថវិកាលើកចិត្តចំនួន៣០០ដុល្លារក្នុងមួយម្នាក់។  
 
ការចូលរួមប្រណាំងក្នុងពិធីបុណ្យអុំទូកនាឆ្នាំនេះ គណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» មិនត្រឹមចំណាយច្រើនលើការហ្វឹកហាត់របស់កីឡាករប៉ុណ្ណោះទេ តែក៏មានការចំណាយខ្ពស់លើថ្លៃស្នាក់នៅ និងអាហាររបស់កីឡាករ​ ផងដែរ បើធៀបនឹងឆ្នាំកន្លងមក។ លោក គឹម វិសាល បានបន្ថែមថា ៖ « ឆ្នាំហ្នឹង! យើងចំណាយលើថ្លៃម្ហូបអាហារដល់៥០០ដុល្លារក្នុងមួយថ្ងៃ បើធៀបនឹងឆ្នាំ២០១៩ យើងចំណាយអស់តែជាង៣០០ដុល្លារក្នុងមួយថ្ងៃ»។ 
 
គណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ចំណាយខ្ពស់លើថ្លៃម្ហូបអាហារខ្ពស់បែបនេះ ដើម្បីឱ្យកីឡាករបរិភោគបានគ្រប់គ្រាន់ ខណៈទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ។ នេះជាការលើកឡើងរបស់ លោក គឹម វិសាល ដោយបានបន្តនិយាយដូច្នេះ៖ «ឆ្នាំនេះ​យើងចំណាយច្រើន ក៏ព្រោះតែយើងចង់បានជ័យជម្នះ ដោយសារការប្រកួតនាឆ្នាំកន្លងមក យើងបានត្រឹមលេខ២។  តែសម្រាប់ឆ្នាំនេះ គឺយើងចង់បានជ័យលេខ១ ដើម្បីលើកម្ពស់កិត្តិនាមខ្មែរក្រោមយើង»។​ 
 
ទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ជាទូកខ្នាតអន្តរជាតិដែលមានចំណុះទូក ២២នាក់។  ការចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញរបស់ទូកនេះ ក្នុងគោលដៅចង់បង្ហាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​អ្នករស់នៅ​កម្ពុជា​ផ្ទាល់ បានដឹង ឃើញ និង​យល់​ពី​ការខិតខំ​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ដែល​កំពុង​រស់នៅក្នុង​ទឹកដី​ប្រទេស​វៀតណាម​។ លើសពីនេះ​ ការចូលរួមរបស់ទូក ង «ខ្មែរក្រោមកម្ពុជាមានជ័យ» ក៏​ចង់ឱ្យ​ពិភពលោក​បានដឹងថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅតែ​រក្សា​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរបានយ៉ាង​ខ្ជាប់ខ្ជួន​។  នេះ​ជាការ​ពន្យល់​របស់ ​លោក គឹម ឬទី្ធ ប្រធានស្តីទីមិត្តសមាគមខ្មែរកម្ពុជាក្រោម​ ដែល​បាន​បញ្ជាក់ថា​៖ «​ខ្មែរក្រោម ខ្មែរលើ ខ្មែរ​កណ្តាល ជា​ខ្មែរ​តែមួយ មាន​ប្រពៃណី ទំនៀមទម្លាប់ និង​ប្រវត្តិសាស្ត្រ​ តែមួយ​»​។​
 
បើតាមលោក គឹម ឬទី្ធ ការចូលរួម​ប្រណាំងទូក​នៅ​រាជធានី​ភ្នំពេញ ក៏​រង​ការគាបសង្កត់ និង​មិន​ពេញចិត្ត​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ផងដែរ។ ប៉ុន្តែ​ការណ៍នេះ មិនអាច​ទប់​ជាប់​បំណង​ធំ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្នុងការ​បង្ហាញ​ ពី​ការខិតខំ​រក្សា​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួនដល់​ពលរដ្ឋ​ខ្មែរ​កណ្តាលបានឃើញ​នោះឡើយ​។​ 
 
​ជាមួយគ្នានេះ លោកប្រធាន​ទីស្តីមិត្តសមាគម​ខ្មែរ​កម្ពុជា​ បញ្ជាក់​ពី​ទំហំ​ចំណាយ​ក្នុង​ការចូលរួម​ប្រណាំងទូក​​ ង ក្នុងពិធីបុណ្យអុំទូក ដោយក្នុង​មួយឆ្នាំៗ គណៈកម្មការគ្រប់គ្រង«​ទូក ង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បាន​ចំណាយ​ថវិកា​ពី​១,១​ម៉ឺន​ដុល្លារ ទៅ ១,៣​ម៉ឺន​ដុល្លារ​។ ការចំណាយប្រចាំឆ្នាំ២០២៣  គណៈកម្មការ ចំណាយរហូតដល់ជិត១,៦ម៉ឺនដុល្លារ។ លោក គឹម ឬទី្ធ បានបន្ថែមថា ថវិកាសម្រាប់ការចំណាយក្នុងពិធីអុំបុណ្យ គឺបានពីការ​ឧបត្ថម្ភ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមគ្រប់ទិសទី ទាំងអ្នក​កំពុង​រស់នៅទឹកដី​កម្ពុជា​ផ្ទាល់ និង​អ្នកដែល​រស់នៅតាមបណ្តា​ប្រទេសផ្សេងៗ ដូចជា នៅ​ជប៉ុន  អាមេរិក អឺរ៉ុប និង​អូ​ស្រា្ត​លី​...ជាដើម​។ 
 
ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤-១៥​កើត ខែ​ក​ត្កិ​ក នា​ខេត្ត​ឃ្លាំង និងខេត្តព្រះត្រពាំង ប្រទេស​វៀតណាម ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីនោះ ​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ ដូចទៅនឹងពលរដ្ឋខ្មែរកណ្តាលដែរ​។  នេះបើតាមលោក គឹម ឬទី្ធ។ 
 
ដោយឡែក សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលធ្វើឡើងនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ពីថ្ងៃទី២៦ដល់២៨វិច្ឆិកា មាន ទូក ង ចំនួន ៣៣៨ មកពីតាមបណ្តារាជធានី-ខេត្ត នឹងចូលរួមប្រណាំង៕

Tag:
 បុណ្យអុំទូក
 ​ ខ្មែរកម្ពុជាក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com