ជាតិ
បុណ្យអុំទូក
អ្នកកាន់ក្បាលទូក និងកន្សៃទូក ត្រូវតែជាមនុស្សមានអានុភាព ទើបអាចដឹកនាំក្រុមបានល្អ?
27, Nov 2023 , 9:29 am        
រូបភាព
មានទូក ង ល្អមួយហើយ ក៏ត្រូវទាមទារឱ្យក្រុមកីឡាករចំណុះទូកល្អ អមជាមួយការហ្វឹកហាត់ ភាពប៉ិនប្រសប់ និងបច្ចេកទេសខ្ពស់ ក្នុងការអុំទូក ។ វាប្រៀបបានដូចជា «មានសេះល្អហើយ ក៏ត្រូវការអ្នកជិះសេះកាន់ដាវ ដែលមានភាពប៉ិនប្រសប់ ពូកែ» ។ នេះបើតាមសម្តី លោក សាន់ សុខហៀង ដែលបានពន្យល់ អំពីការហ្វឹកហាត់អុំទូក ង ឱ្យបានល្អ និងមានភាពស្វាហាប់ ។

 
ស្ថាបនិកទូក ង រូបនេះ ក៏បានលើកឡើងអំពីបញ្ហានៃការហ្វឹកហាត់នេះ ថា ការហាត់អុំទូក ក៏ត្រូវមានលក្ខខណ្ឌ និងសមស្របតាមកម្រិតកម្លាំងដែរ ពោលគឺមិនអាចហ្វឹកហាត់លើកម្រិតសមត្ថភាព ដែលអាចធ្វើឱ្យកីឡាករថមថយកម្លាំងពេលប្រណាំង និងជួនកាលកីឡាករអាចនឹងភ្លេចក្បាច់អុំទូក អំឡុងពេលប្រកួតជាដើម។
 
ក្រៅពីការហ្វឹកហាត់ហើយ វាក៏ទាមទារឱ្យមេដឹកនាំ ដែលជាអ្នកបញ្ជាក្បាលទូក និងកន្សៃទូក មានគុណធម៌ និងព្រហ្មវិហារធម៌ផងដែរ។ អ្នកបញ្ជាក្បាលទូក និងកន្សៃ ត្រូវតែជាមនុស្សមានអានុភាព ក្នុងការប្រើប្រាស់ពាក្យសម្តី ដែលធ្វើឱ្យក្រុមកីឡាករគោរព ទើបអាចបញ្ជាទៅកាន់កីឡាករចំណុះ ឱ្យអុំទូកបានល្អ។ នេះបើតាមលោក សុខហៀង។
 
អ្នកដឹកនាំក្រុមទូក ង សារាយតេជោសែនជ័យ ស្ថិតក្នុងវត្តពិជ័យរង្សី ខេត្តកណ្ដាលរូបនេះ បានបន្ថែមថា អ្នកកាន់ក្បាលទូក កីឡាករអុំទូក អ្នកកាន់ផ្នែកកន្សៃទូក ទាមទារឱ្យមានភាពសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ទើបអាចសម្រេចគោលដៅរួម និងអាចយកឈ្នះលើការប្រណាំងបាន។ ទូក ង សារាយតេជោសែនជ័យ មានប្រវែងជាង ៣៣ម៉ែត្រ និងមានចំណុះអុំទូកប្រមាណ ៧៥នាក់ ៕
 

Tag:
 បុណ្យអុំទូក
  បណ្ដែតប្រទីប
  អកអំបុក
© រក្សាសិទ្ធិដោយ thmeythmey.com