ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
ភ្នំពេញ៖ សហភាពអឺរ៉ុបប្តេជ្ញាចិត្តជួយកម្ពុជា បង្កើនតម្លៃលើផលិតផលរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈចំពោះការប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ (EBA)ទាំងស្រុងនៅពេលសម្រចគ្រប់លក្ខខណ្ឌចាកចេញ ពីតារាងប្រទេសមានការអភិវឌ្ឍតិចតួច។
ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Cambodianess ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans មើលឃើញថា កម្ពុជាអាចបង្កើនភាពជាដៃគូជាមួយអឺរ៉ុបមួយកម្រិតទៀត ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោក ណែនាំឱ្យកម្ពុជាត្រូវពង្រឹងផលិតផលរបស់ខ្លួន ដើម្បីបន្ថែមតម្លៃក្នុងទីផ្សារអឺរ៉ុប។
«នៅពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យម របបពាណិជ្ជកម្មនឹងផ្លាស់ប្តូរដោយស្វ័យប្រវត្តិ។ វាខុសគ្នាសម្រាប់អាម៉េរិក កាណាដា ឬដៃគូផ្សេងទៀតនៅក្នុងពិភពលោក។ សម្រាប់ពួកយើង កម្ពុជា បន្ទាប់ពីក្លាយជាប្រទេសមានចំណូលមធ្យមហើយនោះ នឹងស្ថិតនៅក្រោមអ្វីដែលយើងហៅថាប្រព័ន្ធអនុគ្រោះពន្ធ GSP ដោយស្វ័យប្រវត្តិ។» លោក Igor Driesmans ពន្យល់យ៉ាងដូច្នេះ ដោយបានបញ្ជាក់ថា នៅពេលកម្ពុជា ចាកចេញពីតារាងប្រទេសមានការអភិវឌ្ឍតិចតួច នោះប្រព័ន្ធអនុគ្រោះទាំងនោះ ក៏នឹងអាចបាត់បង់ ផងដែរ។
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៦ ក្នុងតារាងប្រទេសមានការអភិវឌ្ឍតិចតួច ហើយបានបំពេញនូវលក្ខខណ្ឌ២ ក្នុងចំណោម៣ សម្រាប់ការចាកចេញពីតារាងមួយនេះ។ កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកដំបូងក្នុងឆ្នាំ២០២១ ហើយនៅឆ្នាំ២០២៤ កម្ពុជានឹងត្រូវបានវាយតម្លៃម្ដងទៀត ដើម្បីចាកចេញនៅឆ្នាំ២០២៧ និងដើម្បីសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
បន្ទាប់ពីកម្ពុជាចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច នោះសហភាពអឺរ៉ុបនឹងបន្ថយ ឬតម្លើងពន្ធលើទំនិញនាំចូលពីរបស់កម្ពុជា។ លោក Driesmans បានបន្ថែមថា ក្នុងនោះច្បាប់ស្តីពីវិធានដើមកំណើតទំនិញក៏នឹងអាចផ្លាស់ប្ដូរ ផងដែរ។
ក្រោមច្បាប់នៃវិធានដើមកំណើតទំនិញ កម្ពុជាត្រូវតែផលិត និងកែច្នៃផលិតផលរបស់ខ្លួននៅក្នុងស្រុក ពោលគឺ កម្ពុជាមិនអាចនាំចូលផលិតផលរួចនាំចេញបន្តទៅសហភាពអឺរ៉ុប បានទេ។ «ជាផលិតផលកម្ពុជាពិតប្រាកដ អ្នកត្រូវកែច្នៃវាយ៉ាងពិតប្រាកដនៅទីនេះ(នៅកម្ពុជា)»។ លោកឯកអគ្គរដ្ឋទូតបាននិយាយសង្កត់ធ្ងន់បែបនេះ ដោយបានពន្យល់ថា កម្ពុជាមានសក្តានុពលលើផលិតផលស្វាយចន្ទី ហើយផលិតផលទាំងនោះនឹងបាត់បង់តម្លៃ ប្រសិនបើកម្ពុជាកែច្នៃគ្រាប់ស្វាយចន្ទីនៅក្រៅប្រទេស មុនពេលនាំចេញទៅកាន់សហភាពអឺរ៉ុប ឬទីផ្សារពិភពលោក។
«ដូច្នេះ យើងចង់ជួយដល់អ្នកផលិតគ្រាប់ស្វាយចន្ទី ដោយសហការជាមួយរដ្ឋាភិបាលដើម្បីធានាថាដំណើរការនៃការកៃច្នៃត្រូវបានធ្វើនៅទីនេះ នៅកម្ពុជា ប្រកបដោយគុណភាព។ កិច្ចការទាំងអស់នេះគឺ បន្ថែមតម្លៃលើទំនិញដែលពួកយើងហៅថា តម្លៃខ្សែសង្វាក់ក្នុងប្រទេសកម្ពុជា។» លោក Driesmans បានពន្យល់បន្ថែមយ៉ាងដូច្នេះ។
ដំឡើងភាពជាដៃគូជាមួយសហភាពអឺរ៉ុប
លោក Driesmans មានប្រសាសន៍ថា ការចាកចេញពីតារាងប្រទេសអភិវឌ្ឍតិចតួចជាដំណើរឈានទៅកាន់ការអភិវឌ្ឍដ៏ល្អមួយ សម្រាប់កម្ពុជា ក្នុងការបង្កើនតម្លៃរបស់ខ្លួននៅលើឆាកអន្តរជាតិ និងក្នុងចំណោមដៃគូ បើទោះបីជាការអនុគ្រោះពន្ធមួយចំនួនអាចនឹងបាត់បង់ក៏ដោយ។
«ពួកគេនឹងបង្វែរការចាប់អារម្មណ៍មកកម្ពុជាលើភាពរស់រវើកនៃសេដ្ឋកិច្ច។ ជាធម្មតាទេដែលប្រទេសនៅលើពិភពលោកមិនសូវចាប់អារម្មណ៍មានភាពជាដៃគូជាមួយប្រទេសក្រីក្រ។ នេះជាជំហ៊ានដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការឆ្ពោះទៅមុខ។» លោកឯកអគ្គរដ្ឋទូតបានលើកឡើងយ៉ាងដូច្នះ។
ដើម្បីជៀសវាងការលំបាកក្នុងអំឡុងពេលពេលអន្តរកាលទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ លោកបានណែនាំ វិស័យឯកជន និងរដ្ឋាភិបាលចាំបាច់ធ្វើការរួមគ្នា ក្នុងការធានាបាននូវការផ្លាស់ប្តូរមួយដែលប្រសើរ និងកំណើនសេដ្ឋកិច្ច។
កម្ពុជាអាចស្នើសុំធ្វើជាដៃគូ GSP Plus ដែលជាប្រព័ន្ធលើកទឹកចិត្តពិសេសមួយសម្រាប់គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ។ ប្រទេសទាំងនេះត្រូវតែផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិចំនួន ២៧ ស្តីពីសិទ្ធិមនុស្ស សិទ្ធិការងារ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចល្អ ដើម្បីអាចក្លាយទៅជាដៃគូបាន។
លោកឯកអគ្គរដ្ឋទូតបាននិយាយថា៖ «GSP មានការអនុគ្រោះតិចជាង EBA។ ឥលូវនេះ យើងកំពុងឈានចូលទៅក្នុងប្រព័ន្ធមួយដែលស្ថិតនៅចន្លោះ GSP និងEBA។ កម្ពុជាគួរតែតម្លើងភាពជាដៃគូក្នុង GSP Plus នេះ បើទោះបីជាត្រូវអនុវត្តទៅតាមសច្ចាប័នលើអនុសញ្ញាអន្តរជាតិមួយចំនួនក៏ដោយ។»
លោកបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកិច្ចពិភាក្សាពីការតម្លើងភាពជាដៃគូនេះ ដើម្បីប្រាកដថាវិស័យឯកជន ឧស្សាហកម្ម និងវិស័យនានាបានត្រៀមខ្លួនរួចរាល់ នៅពេលកម្ពុជាចាកចេញពីតារាងប្រទេសអភិវឌ្ឍតិចតួច។ នោះហើយជាមូលហេតុដែលសហភាពអឺរ៉ុបនឹងធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឱ្យប្រាកដថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ និងរងនូវផលប៉ះពាល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធតិចតួចបំផុត។
តាមរយៈ EBA កម្ពុជាអាចនាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយគ្មានពន្ធ និងគ្មានកូតា។ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ ស្បែកជើង កង់ អាហារកែច្នៃ និងអង្ករ ដែលស្មើនឹង ៩៥ភាគរយ នៃការនាំចេញទៅកាន់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៩។ ៩៨ភាគរយ នៃតួលេខនេះ ត្រូវបាននាំចេញតាមរយៈប្រព័ន្ធមួយនេះ។ នៅឆ្នាំ២០២០ គណៈកម្មការអឺរ៉ុបបានដក EBA ២០ភាគរយ ដែលប៉ះពាល់ដល់មួយភាគប្រាំនៃការនាំចេញទៅកាន់សហភាពអឺរ៉ុបរបស់កម្ពុជា៕