ជាតិ
បុគ្គលឆ្នើមបីរូប ទទួលបានពានរង្វាន់ពីការចូលរួមអភិវឌ្ឍថាមពលស្អាត នៅកម្ពុជា
25, Nov 2023 , 8:00 pm        
រូបភាព
លោកស្រី Alissar Chaker តំណាង UNDP ប្រគល់ពាន់រង្វាន់ជូន កញ្ញា ខៀវ ធិតា នៅថ្ងៃទី២៣ នៅនិវាសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូស្រ្តាលី។ រូបភាពដោយ តេង យ៉ាលីរ៉ូហ្ស៊ី
លោកស្រី Alissar Chaker តំណាង UNDP ប្រគល់ពាន់រង្វាន់ជូន កញ្ញា ខៀវ ធិតា នៅថ្ងៃទី២៣ នៅនិវាសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូស្រ្តាលី។ រូបភាពដោយ តេង យ៉ាលីរ៉ូហ្ស៊ី
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
 
ភ្នំពេញ៖ សប្តាហ៍ថាមពលស្អាតត្រូវបានបញ្ចប់ដោយជោគជ័យជាមួយនឹងជ័យលាភីឆ្នើមចំនួនបីរូប ក្នុងការរួមចំណែកលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។ ពានរង្វាន់លើបច្ចេកវិទ្យាថាមពលស្អាត, ការគាំទ្រប្រព័ន្ធអេកូឡូស៊ី និងប្រសិទ្ធភាពថាមពល ត្រូវបានប្រគល់ជូនម្ចាស់ជ័យលាភី កាលពីថ្ងៃទី២៣ នៅនិវាសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូស្រ្តាលី។
 
កម្ពុជា រៀបចំសប្តាហ៍ថាមពលស្អាតប្រចាំឆ្នាំកាលពីថ្ងៃ​ទី​១៦ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីផ្សព្វផ្សាយ និងអបអរសាទរឱកាសចម្រុះដែលថាមពលស្អាត​នាំមកដល់កម្ពុជា។ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ពេញនេះ មានបុគ្គលឆ្នើមបីរូបក្នុងវិស័យថាមពលស្អាតត្រូវបានរកឃើញ។ បុគ្គលិកទាំងបីនាក់នោះ  ទទួលស្គាល់ចំពោះស្នាដៃលើកកម្ពស់ និងអភិវឌ្ឍនៃវិស័យថាមពលស្អាត ដែលផ្នែកមួយសំខានទាក់ទាញការវិនិយោគ និងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាពនៅកម្ពុជា។


 
ពានរង្វាន់សម្រាប់ផ្នែកទីមួយបានទៅលើ VERYWORDS ដែលបានចូលរួមចំណែកបង្កើត ឬប្រើប្រាស់បច្ចេកវិទ្យាដែលជំរុញវិស័យថាមពលស្អាត។ VERYWORDS ជាក្រុមហ៊ុនមួយដែលបើករោងចក្រដំឡើង សម្រាបបន្តការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយាលើការប្រើប្រាស់ថាមពលស្អាត។
 
ចំណែកឯពាន់រង្វាន់ផ្នែកទីពីរបានទៅលើ កញ្ញា ខៀវ ធិតា ជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃSOGE ដែលស្វែងរកដំណោះស្រាយសម្រាប់វិស័យកសិកម្មដោយកាប្រើប្រាស់រថាមពលពន្លឺព្រះអាទិត្យ។​ ពានរង្វាន់ការគាំទ្រប្រព័ន្ធអេកូឡូស៊ីនេះ កញ្ញា ធីតា ត្រូវបានទទួលស្គាល់ពីការត្រួសត្រាយគំរូថាមពលពន្លឺព្រះអាទិត្យក្នុងស្រុក និងបំផុសគំនិតដល់ក្មេងស្រីក្នុងការរួមចំណែករកដំណោះស្រាយតាមរយៈថាមពលស្អាត។
 
ពាន់រង្វាន់ចុងក្រោយបានទៅលើលោក នន់ សុផាន់ណា ជានាយកនៃក្រុមហ៊ុន ហ្គ្រីនមូវខនសាលធីង។​ ពានរង្វាន់នេះត្រូវបានប្រគល់ជូនសម្រាប់អាជីវកម្មដែលបានបង្ហាញពីការផ្លាស់ប្តូរឥរិយាបទ និងការលើកកម្ពស់ការយល់ដឹងសម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពល។ លោក  សុផាន់ណា គាំទ្រគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ និងផ្ដល់ការប្រឹក្សាលើការត្រួតពិនិត្យថាមពល និងការលើកកម្ពស់ការអនុវត្តល្អនៅកម្ពុជា។
 


ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា​ លោកJustin Whyatt បានកោតសសើរពីការខិតខំរួមចំណែករបស់បុគ្គលទាំងបីរូបខាងលើ ក្នុងការបង្កើនការយល់ដឹងពីសារៈសំខាន់នៃថាមពលស្អាត។ លោក បានអបអរពីភាពជោគជ័យនៃសប្តាហ៍ថាមពលស្អាតក្នុងឆ្នាំ២០២៣។
 
«យើងបិទបញ្ចប់សប្តាហ៍នេះដោយការទទួលស្គាល់ភាពជោគជ័យតាមរយៈពានរង្វាន់ថាមពលស្អាតឆ្នាំ ២០២៣។ ពានរង្វាន់ទាំងនេះ ទទួលស្គាល់ការងាររបស់បុគ្គលដែលឈានមុខគេលើសុវត្ថិភាពថាមពល តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពថាមពល គំនិតផ្តួចផ្តើមលើកកម្ពស់ការយល់ដឹង និងបច្ចេកវិទ្យាថាមពលស្អាត។» នេះជាការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត។
 
ជាមួយគ្នានេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលស្អាតចំនួន៦២ភាគរយ តាមរយៈថាមពលវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ។ នេះ​ជា​សមិទ្ធផល​ដ៏​គួរ​ឱ្យសាទរ។ លោកបន្តនិយាយដូច្នេះ៖ «វឌ្ឍនភាពដែលកម្ពុជាសម្រេចបានក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសអំឡុងពេលបញ្ហាប្រឈមជាសាកល គឺជារឿងមួយគួរឱ្យកត់សម្គាល់។ នៅពេលដែលយើងបន្តការផ្លាស់ប្តូរ និងប្រើប្រាស់ថាមពលស្អាតរបស់យើង។ យើងប្តេជ្ញាកសាងសមិទ្ធិផលទាំងនេះ និងពង្រីកសមត្ថភាពថាមពលកកើតឡើងវិញបន្ថែមទៀតរបស់យើង។»
 
កម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ រៀបចំឡើងដោយ អង្គការ EnergyLab កម្ពុជា ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយសហស្ថាបនិកអន្តរជាតិ។ ក្នុងនោះរួមមាន រដ្ឋាភិបាលអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងទទួលបានមូលនិធិពីអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPPED, ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក(CzDA)៕

Tag:
 ថាមពលស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com