អន្តរជាតិ
លោក កៅ គឹមហួន៖ ការដាក់ចេញរូបិយប័ណ្ណអាស៊ាន មិនអាចសម្រេចបានឡើយ
25, Nov 2023 , 9:00 pm        
រូបភាព
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ឆ្វេង) ជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា។ រូបភាពក្លិបអ្នកកាសែតកម្ពុជា
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ឆ្វេង) ជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា។ រូបភាពក្លិបអ្នកកាសែតកម្ពុជា
ប្រមុខអាស៊ាន លោក កៅ គឹមហួន នៅថ្ងៃទី២៥ ខែវិច្ឆិកា បានយល់ឃើញថា រូបិយប័ណ្ណរួមរបស់អាស៊ានទំនងជាមិនអាចដាក់ចេញរួចឡើយ ដោយសារតែពេលបច្ចុប្បន្ន ប្រទេសទាំងអស់ បានវិវដ្តទៅរកការទូទាត់តាមប្រព័ន្ធឌីជីថល។

 
រូបិយប័ណ្ណអាស៊ាន ត្រូវបានអ្នកជំនាញ ឬអ្នកសេដ្ឋកិច្ចមួយចំនួនជជែកជាច្រើនឆ្នាំមកហើយ ខណៈមនុស្សមួយចំនួនចង់ឱ្យអាស៊ានមានរូបិយប័ណ្ណរួមថែមទៀត ដើម្បីងាយស្រួលក្នុងការទូទាត់ទំនិញឆ្លងព្រំដែន។ យ៉ាងណាមិញ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានកត់សម្គាល់ថា រូបិយប័ណ្ណ នឹងមិនអាចដាក់ចេញបានទេ។ 
 
«នៅក្នុងក្របខណ្ឌអាស៊ាននេះ តាមការប្រមើលរបស់ខ្ញុំ គឺថាពេលនេះ មិនអាចចេញរួចទេ»។ ប្រមុខអាស៊ាន បានផ្តល់ចម្លើយបែបនេះទៅអ្នកសារព័ត៌មាន ដែលបានសួរពាក់ព័ន្ធនឹងលទ្ធភាពលើការដាក់ចេញរូបិយប័ណ្ណរួមរបស់អាស៊ាន។ 
 
បើតាមលោក កៅ គឹមហួន ពេលនេះអាស៊ាន បានឈានចូលដល់សម័យថ្មីមួយទៀតហើយ ដោយសមាជិកទាំងអស់ទូទាត់ទំនិញមិនប្រើប្រាស់សាច់ប្រាក់។ ទន្ទឹមនេះ ប្រមុខអាស៊ាន បានបញ្ជាក់ថា ប្រធានបទរូបិយប័ណ្ណអាស៊ាននេះ មិនត្រូវបានជជែកជាផ្លូវការនៅក្នុងអាស៊ាននោះទេ។ 
 
ទន្ទឹមនេះ អគ្គលេខាធិការអាស៊ាន បានប៉ាន់ប្រមាណថា នៅថ្ងៃខាងមុខ ប្រជាជន ជាពិសេសភ្ញៀវទេសចរអាស៊ានអាចនឹងប្រើប្រាស់កាបូបលុយអេឡិចត្រូនិច (E-wallet) ដើម្បីទូទាត់ទំនិញនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់៕

Tag:
 (អាស៊ាន
  រូបិយប័ណ្ណ)
© រក្សាសិទ្ធិដោយ thmeythmey.com