អន្តរជាតិ
ក្រុមហាម៉ាស ដោះលែងជនជាតិថៃ ៤នាក់បន្ថែម
26, Nov 2023 , 3:00 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន និងមន្រ្តីរបស់លោក។ រូបភាព X_Sretha Thavisin
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន និងមន្រ្តីរបស់លោក។ រូបភាព X_Sretha Thavisin
ស្ថានទូតថៃប្រចាំនៅអុីស្រាអែល នៅថ្ងៃទី២៦ ខែវិច្ឆិកា បានប្រកាសថា ជនជាតិថៃចំនួន ៤នាក់បន្ថែមទៀត ត្រូវបានក្រុមហាម៉ាសដោះលែង។ ពេលនេះ អ្នកទាំង ៤នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅអុីស្រាអែល ដើម្បីពិនិត្យពីសុខភាព។

 
ក្នុងការដោះលែងលើកទីពីរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រុមហាម៉ាស បានដោះលែងជនជាតិថៃចំនួន ៤នាក់ទៀត បន្ថែមពីលើចំណាប់ខ្មាំង ដែលក្រុមសកម្មប្រយុទ្ធមួយនេះ មានជាមួយអុីស្រាអែល។ កន្លងមក ក្រុមហាម៉ាស ក៏បានដោះលែងប្រជាជនថៃ ចំនួន ១០ដែរ។ 
 
ក្រោយដោះលែង ប្រជាជនថៃទាំង ៤នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅអុីស្រាអែល ដើម្បីពិនិត្យមើលសុខភាព។ ថៃ បានប៉ាន់ប្រមាណថា ប្រជាជនខ្លួនចំនួន ១៨នាក់បន្ថែមទៀត គឺស្ថិតនៅក្នុងដៃក្រុមហាម៉ាស និងស្ថិតក្នុងតំបន់កាហ្សា។ 
 
កន្លងមក រដ្ឋាភិបាលថៃ បានប្តេជ្ញាជួយរំដោះប្រជាជនខ្លួនទាំងអស់ ក្រោមការជួយសម្របសម្រួលពីសំណាក់អ៊ីរ៉ង់ ដែលជាបងធំមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា និងគាំទ្រក្រុមហាម៉ាសប្រចាំអុីស្រាអែល។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាមក អុីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមអនុវត្តបទឈប់បាញ់រយៈពេល ៤ថ្ងៃ ដើម្បីដោះលែងចំណាប់ខ្មាំងចំនួន ៥០នាក់ និងអ្នកទោសប៉ាឡេស្ទីន។ ទន្ទឹមនេះ អុីស្រាអែល បានឯកភាព បញ្ជូនជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា សម្រាប់ប្រជាជនប៉ាឡេស្ទីន៕ 
 

Tag:
 ហាម៉ាស
  ថៃ
  អុីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com