អន្តរជាតិ
ជប៉ុនសម្លាប់មាន់ ៤ម៉ឺនក្បាលក្រោយផ្ទុះជំងឺផ្តាសាយបក្សី
27, Nov 2023 , 10:38 am        
រូបភាព
រូបភាព ៖ KYODO
រូបភាព ៖ KYODO
សត្វមាន់ប្រមាណ ៤ម៉ឺនក្បាលត្រូវបានសម្លាប់នៅភាគខាងត្បូងរបស់ជប៉ុន នៅថ្ងៃទី២៦ ខែវិច្ឆិកា​ បន្ទាប់ពីការផ្ទុះជំងឺផ្តាសាយបក្សីជាលើកដំបូងនៅឆ្នាំនេះ។

 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនបានប្រកាសថា ការផ្ទុះជំងឺផ្តាសាយបក្សីនាពេលថ្មីៗនេះត្រូវបានរកឃើញកសិដ្ឋានមួយក្នុងទីក្រុង Kashima ខេត្ត Saga ភាគខាងត្បូងរបស់ជប៉ុន បន្ទាប់ពីការកើនឡើងនៃចំនួនមាន់ងាប់នៅទីនោះ។
 
អាជ្ញាធរខេត្ត Saga បានចាប់ផ្តើមសម្លាប់សត្វមាន់ប្រហែល ៤០០០០ក្បាលដែលចិញ្ចឹមនៅកសិដ្ឋានក្នុងទីក្រុង Kashima ។ ក្រសួងកសិកម្មជប៉ុនស្នើឱ្យអាជ្ញាធរខេត្ត និងកសិករចិញ្ចឹមមាន់ទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់។ 
 
នាយករដ្ឋមន្ត្រី Fumio Kishida បានណែនាំដល់មន្ត្រីឱ្យធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីការពារការរីករាលដាល ព្រមទាំងប្រមូលព័ត៌មាន ផ្តល់ការណែនាំ និងការគាំទ្រទាក់ទងនឹងវិធានការបង្ការ និងផ្តល់ព័ត៌មានត្រឹមត្រូវដល់សាធារណជនទូទៅ។
 
ដោយព្រមានថាជំងឺផ្តាសាយបក្សីអាចនឹងផ្ទុះឡើងនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន លោក Miyashita បានជំរុញឱ្យកសិដ្ឋានចិញ្ចឹមមាន់នៅទូទាំងប្រទេសអនុវត្តវិធានការបង្ការឱ្យបានហ្មត់ចត់។
 
កាលពីឆ្នាំមុន ជប៉ុនបានបញ្ជាក់ពីករណីជំងឺគ្រុនផ្តាសាយបក្សីដំបូងនៅកសិដ្ឋានក្នុងខេត្ត Okayama និង Hokkaido កាលពីថ្ងៃទី ២៨ ខែតុលា។ ការឆ្លងបានរីករាលដាលដល់ខេត្តចំនួន ២៦ ដែលត្រូវសម្លាប់សត្វមាន់ចំនួន ១៧,៧១លានក្បាល។
 
ការណ៍នេះបណ្តាលឱ្យមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការផ្គត់ផ្គង់ស៊ុត ដែលធ្វើឱ្យតម្លៃ ស៊ុតទំហំមធ្យមនៅក្នុងតំបន់តូក្យូរក្សាកម្រិតខ្ពស់បំផុតគឺ ៣៥០យ៉េន (២,៣៥ដុល្លារ) ក្នុងមួយគីឡូក្រាមនៅចន្លោះខែមេសាដល់ខែឧសភាឆ្នាំនេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com