កីឡាជាតិ
ជាតិ
កីឡាការិនី កាំង មុយនីន និង ឃឺន ប៊ុនពេជ្រមរកត បានមេដាយមាស និងសំរឹទ្ធ លើវិញ្ញាសាហែលទឹកជើងទា នៅថៃ
27, Nov 2023 , 10:50 am        
រូបភាព
កីឡាការិនីកម្ពុជា២រូប កាំងមុយនីន សម្រេចបានមេដាយមាស និង ឃឺន ប៊ុនពេជ្រមរកត សម្រេចបានមេដាយសំរឹទ្ធ លើវិញ្ញាសាហែលទឹកជើងទា នៅក្នុងកម្មវិធី Asian Finswimming Championships 2023 លើកទី១៨ នៅខេត្តភូកេត ប្រទេសថៃ។

កីឡាការិនី កាំង មុយនីន សម្រេចភាពជោគជ័យលើវិញ្ញាសា 200m Bi-Fins ក្នុងថេរវេលា ១៖ ៥១.៤១នាទី ។ ចំណែក ឃឺន ប៊ុនពេជ្រមរកត ប្រើថេរវេលា ១៖ ៥៤.៩២នាទី លើវិញ្ញាសា 200m Bi-Finsនេះ។ ឃឺន ប៊ុនពេជ្រមរកត បានសម្រេចមេដាយសំរឹទ្ធទី២ សម្រាប់កម្ពុជា លើប្រភេទកីឡាហែលទឹកជើងទានេះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ធ្វើបាននៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម។
 
ដោយឡែកកីឡាការិនី កាំង មុយនីន គឺជាអត្តពលិកទី២ផងដែរ ដែលអាចសម្រេចបានមេដាយមាស លើប្រភេទកីឡាហែលទឹកនេះ បន្ទាប់ពីលោកព្រឹទ្ធាចារ្យ ហែម ថុន អតីតជម្រើសជាតិហែលទឹកកម្ពុជា។ លោក ហែម ថុន គឺជាអតីតកីឡាករហែលទឹកឆ្នើម ដែលធ្លាប់ឈ្នះមេដាយអន្តរជាតិចំនួន១២ រួមមានមាស១ ប្រាក់៦ និងសំរឹទ្ធ៥ ។ 
 
លោក ហែម ថុន ជាអតីតអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានទទួលមរណភាពនា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ ក្នុងអាយុ៧២ឆ្នាំ ដោយសារបញ្ហាទឹកក្នុងសួត៕
 

Tag:
 ហែលទឹកជើងទា
© រក្សាសិទ្ធិដោយ thmeythmey.com