សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើតួនាទីមូលនិធិរូបិយវត្ថុអន្តរជាតិ ខុសពីធនាគារពិភពលោកដូចម្តេច?
27, Nov 2023 , 8:29 pm        
រូបភាព
ភាពខុសគ្នាសំខាន់រវាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ស្ថិតនៅក្នុងគោលបំណង និងមុខងាររៀងៗខ្លួន។ IMF ត្រួតពិនិត្យស្ថិរភាពនៃប្រព័ន្ធរូបិយវត្ថុរបស់ពិភពលោក ខណៈធនាគារពិភពលោកមានគោលដៅកាត់បន្ថយភាពក្រីក្រដោយផ្តល់ជំនួយដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាប។

 
អង្គការទាំងពីរមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន អាម៉េរិក ហើយត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងប្រ៊ីដតុនវូដ (Bretton Woods) ក្នុងឆ្នាំ ១៩៤៥។ កិច្ចព្រមព្រៀងប្រ៊ីដតុនវូដ ជាប្រព័ន្ធគ្រប់គ្រងរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ដែលព្យាយាមលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធរូបិយប័ណ្ណដែលអាចបំប្លែងបានតាមអត្រាប្តូរប្រាក់ថេរ ជាមួយនឹងការជួញដូរប្រាក់ដុល្លារសម្រាប់មាសក្នុងតម្លៃ៣៥ដុល្លារក្នុងមួយអោន។
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund)
 
មូលនិធិរូបិយវត្ថុអន្តរជាតិត្រូវបានបង្កើតក្នុងឆ្នាំ ១៩៤៤ ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៩០ប្រទេស។ អង្គការនេះមានបេសកកម្មចម្បងដើម្បីធានាស្ថិរភាពរូបិយវត្ថុនៅជុំវិញពិភពលោក។ ប្រទេសសមាជិកធ្វើការរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរូបិយវត្ថុសកល ធានាស្ថិរភាពហិរញ្ញវត្ថុ សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់ការងារ និងកំណើនសេដ្ឋកិច្ច។ វាក៏មានគោលដៅកាត់បន្ថយភាពក្រីក្រនៅជុំវិញពិភពលោកផងដែរ។
 
បេសកកម្មរបស់ IMF គឺធានាស្ថេរភាពប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិតាមរយៈផ្លូវបី។ ទីមួយ តាមដានសេដ្ឋកិច្ចពិភពលោក និងប្រទេសជាសមាជិករបស់ខ្លួន ដោយពិនិត្យមើលហិរញ្ញវត្ថុ និងនយោបាយសេដ្ឋកិច្ច។ ជារៀងរាល់ឆ្នាំ IMF តែងផ្តល់ការវាយតម្លៃសេដ្ឋកិច្ចទៅតាមប្រទេសជាសមាជិក​។ 
 
ចំណែកទីពីរ គឺផ្តល់ជំនួយដល់សមាជិក ព្រមទាំងបញ្ជូនអ្នកបច្ចេកទេសដើម្បីជួយរៀបចំផែនការគោលនយោបាយសារពើពន្ធ ដោយភ្ជាប់មកជាមួយច្បាប់ពន្ធ និងសារពើពន្ធ រួមជាមួយនឹងការត្រួតពិនិត្យសេដ្ឋកិច្ចតាមរយៈការវិភាគ ។ 
 
ឯទីបី គឺផ្តល់កម្ចីដល់ប្រទេសដែលមានបញ្ហាហិរញ្ញវត្ថុ។ ជាទូទៅលក្ខខណ្ឌកម្ចី គឺកាត់បន្ថយឧបត្ថម្ភធនក្នុងស្រុក ធ្វើឯកជនភាវបនីយកម្មសហគ្រាសរដ្ឋ និងធ្វើឲ្យទំនើបនូវនយោបាយពានិជ្ជកម្ម។ 
 
ធនាគារពិភពលោក (World Bank) 
 
ធនាគារពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៤ បច្ចុប្បន្នមានសមាជិក ១៨៧ប្រទេស។ គោលបំណងរបស់ធនាគារពិភពលោក គឺដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ វាមានគោលដៅគាំទ្រទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។ 
 
ដំបូងឡើយ ធនាគារនេះបានផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅអឺរ៉ុបខាងលិចក្រោយសង្គ្រាមលោកលើកទី២ ហើយបន្ទាប់មកបានបង្វែរការយកចិត្តទុកដាក់ប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសដែលមិនទាន់មានការអភិវឌ្ឍ។
 
ធនាគារពិភពលោកមានអង្គការចំនួនប្រាំផ្សេងគ្នា សម្រាប់ជួយបំពេញបេសកកម្ម។ 
 
ទីមួយ គឺធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) ឲ្យខ្ចីដល់ប្រទេសដែលមានចំណូលមធ្យម និងផ្តល់កម្ចីដល់ប្រទេសដែលចំណូលទាប។ ឯទីពីរ សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ផ្តល់ប្រាក់កម្ចី និងជំនួយឥតការប្រាក់ដល់ប្រទេសក្រីក្របំផុតរបស់ពិភពលោក។
 
ចំណែកទីបី គឺសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគ ការកៀរគរដើមទុន និងផ្តល់សេវាកម្មប្រឹក្សាដល់អាជីវកម្ម និងរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ទីបួន ទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA) ផ្សព្វផ្សាយការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
 
ចំពោះទីប្រាំ គឺមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះស្រាយវិវាទវិនិយោគ (ICSID) ផ្តល់ការផ្សះផ្សាវិវាទវិនិយោគ និងអាជ្ញាកណ្តាល។
 
ជំនួយរបស់ធនាគារពិភពលោក ជាធម្មតាមានរយៈពេលវែង ផ្តល់មូលនិធិដោយប្រទេសនានាដែលភាគច្រើនជាប្រទេសអ្នកមានបំផុតរបស់ពិភពលោកតាមរយៈការចេញមូលបត្របំណុល។ ប្រាក់កម្ចីរបស់ធនាគារនេះ មិនត្រូវបានប្រើជាប្រភេទនៃមូលនិធិសង្គ្រោះដូចករណីរបស់ IMF នោះទេ ប៉ុន្តែជាមូលនិធិសម្រាប់គម្រោងដែលជួយអភិវឌ្ឍដល់ប្រទេសជាសមាជិកដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង៕ 

Tag:
 IMF
  World Bank
  ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com