សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនធ្វើសមយុទ្ធយោធារួមគ្នា ក្រោយកូរ៉េខាងជើងថតបានមូលដ្ឋានទ័ពខ្លួន
27, Nov 2023 , 4:29 pm        
រូបភាព
នាវាផ្ទុកយន្តហោះ USS Carl Vinson របស់អាម៉េរិក។  រូបថត ៖ Yonhap
នាវាផ្ទុកយន្តហោះ USS Carl Vinson របស់អាម៉េរិក។ រូបថត ៖ Yonhap
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនធ្វើសមយុទ្ធរួមគ្នាដើម្បីការពារខ្លួន និងប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ  ក៏ដូចជាមីស៊ីលដែលកំពុងតានតឹងក្នុងតំបន់ ក្រោយកូរ៉េខាងជើងប្រើផ្កាយរណបឈ្លបយកការណ៍ថតបានមូលដ្ឋានទ័ពរបស់ខ្លួន។

 
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី២៦ ខែវិច្ឆិកា បានរួមគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹក នៅក្នុងដែនទឹកភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដើម្បីពង្រឹងជំហរការពាររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ ដែលកំពុងកើនឡើងនៅក្នុងតំបន់។
 
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ព័ត៌មានពីកងទ័ពជើងទឹកកូរ៉េខាងត្បូងថា សមយុទ្ធរួមគ្នានេះ ធ្វើឡើងនៅសមុទ្រភាគអាគ្នេយ៍នៃកោះចេជូ ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson របស់អាម៉េរិក។
 
លើសពីនេះ នាវាពិឃាតបំពាក់ដោយប្រព័ន្ធប្រយុទ្ធ Aegis នៃកងទ័ពជើងទឹកកូរ៉េខាងត្បូង និងនាវាពិឃាត Murasame នៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ក៏បានចូលរួមក្នុងសមយុទ្ធផងដែរ។
 
បើតាមកងទ័ពជើងទឹកកូរ៉េ សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរួម និងសម្របសម្រួលឥរិយាបថការពារខ្លួន ដែលមានគោលដៅប្រឆាំងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលនៅក្នុងតំបន់។
 
សមយុទ្ធនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា ផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនបានថតរូបមូលដ្ឋានយោធាអាម៉េរិកនៅកូរ៉េខាងត្បូង ទឹកដីអាម៉េរិកនៃកោះហាវ៉ៃ និងកោះហ្គាំក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជារូបភាពរបស់នាវា USS Carl Vinson ដែលមកដល់ទីក្រុងប៊ូសានកាលពីថ្ងៃទី ២១ ខែវិច្ឆិកា៕ 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
 ​ជប៉ុន
  សមយុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com