ជាតិ
បុណ្យអុំទូក
ពិធីការិនីកីឡា សុខ លក្ខណ៍ ទទួលបានឱកាសអត្ថាធិប្បាយទូក ជាលើកដំបូង
27, Nov 2023 , 5:29 pm        
រូបភាព
ធ្លាប់តែអត្ថាធិប្បាយពីកីឡាបាល់ទាត់ និងកីឡាផ្សេងៗនោះ សុខ លក្ខណ៍ ទទួលបានឱកាស និងបទពិសោធន៍ថ្មីមួយទៀត ក្នុងនាមជាពិធីការិនី នៃព្រះរាជពិធីប្រណាំងទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ វិច្ឆិកា ។ ជាបទពិសោធន៍ថ្មី វាពិតជាមិនងាយស្រួលឡើយ សម្រាប់ សុខ លក្ខណ៍។ តែយ៉ាងណា ពិធីការិនីរូបនេះ ប្ដេជ្ញាឱ្យបានល្អសម្រាប់ពិធីបុណ្យជាតិមួយនេះ។

 
ក្នុងបទពិសោធន៍លើកដំបូងនេះ សុខ លក្ខណ៍ បានកត់សម្គាល់ឃើញថា ការអត្ថាធិប្បាយទូក មិនងាយស្រួល ដូចជាការអត្ថាធិប្បាយបាល់ទាត់ និងកីឡាផ្សេងៗ ដែលជាជំនាញរបស់ខ្លួន។ មិនងាយស្រួលនោះ ត្រង់ថា ការប្រណាំងទូក គឺត្រូវការភ្នែករហ័ស ក្នុងការពិនិត្យមើលទូក និងគូប្រណាំងនីមួយៗ ខណៈដែលឈ្មោះទូក ក៏វែងៗផងដែរ។
 

ដ្បិតមានការពិបាក តែពិធីការិនីកីឡារូបនេះ សប្បាយចិត្ត ដោយសារទទួលបានឱកាសថ្មីមួយទៀត សម្រាប់អភិវឌ្ឍន៍ខ្លួន ជាពិសេសទទួលបានចំណេះដឹងថ្មី ពីរៀមច្បង។ សម្រាប់ការអត្ថាធិប្បាយលើកដំបូងនេះ សុខ លក្ខណ៍ ទទួលបានបទពិសោធន៍ច្រើន ពីលោកស្រី ប្រាក់ សម្ផស្ស ដែលជាពិធីការិនីជើងចាស់ មានជំនាញជាង២០ឆ្នាំមកហើយ។
 

«តាមពិតទៅជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំដែរ ហើយសប្បាយចិត្តមែនទែន ។ ហើយក៏អរគុណចំពោះក្រុមការងារ ជាពិសេស អ្នកមីង ប្រាក់ សម្ផស្ស គាត់ជាជើងចាស់ អាចថា ជាព្រឹទ្ធាចារ្យហើយ។ ហើយកាលពីមុខយើង ក៏ជាអ្នកគាំទ្រគាត់ដែរ(លោកស្រី ប្រាក់ សម្ផស្ស) តែពេលនេះ យើងមានឱកាសបានអត្ថាធិប្បាយជាមួយគាត់»។ នេះជាការលើកឡើងរបស់ សុខ លក្ខណ៍ ដែលបានបន្ថែមថា លោកស្រី ប្រាក់ សម្ផស្ស តែងតែលើកទឹកចិត្តដល់ខ្លួន និងក្មេងជំនាន់ក្រោយឱ្យមានជំនាញអត្ថាធិប្បាយអំពីការប្រណាំងទូកនេះដែរ ដោយសារពួកគាត់ចាស់ហើយ ដែលត្រូវការយុវជនជំនួសវិញម្ដង។
 


មុនអត្ថាធិប្បាយនេះ សុខ លក្ខណ៍ បានទទួលដំបូន្មានពីលោកស្រី ប្រាក់ សម្ផស្ស ជាច្រើន ទាំងបច្ចេកទេសក្នុងការបរិយាយ ក៏ដូចជាការស្វែងយល់ពីចំណេះដឹងទូទៅ អំពីប្រវត្តិទូកនីមួយៗ ដើម្បីជួយឱ្យការអត្ថាធិប្បាយបានល្អ និងរលូន ក្នុងការទាក់ទាញចំណាប់អារម្មណ៍មហាជន។
 
ក្រៅពីនេះលោកស្រី ប្រាក់ សម្ផស្ស និងលោក កែម ស៊ីហួត បានជួយសម្រួលកិច្ចការងារ ដល់ សុខ លក្ខណ៍ ផងដែរ។ បើតាមពិធីការិនីកីឡារូបនេះ នៅពេលបើកឆាកប្រកួត និងគូពិសេសនានា គឺលោកស្រី ប្រាក់ សម្ផស្ស និងលោក កែម ស៊ីហួត ជាអ្នកអត្ថាធិប្បាយ ដើម្បីឱ្យ សុខ លក្ខណ៍ ក៏ដូចជាពិធីករ និងពិធីការិនីផ្សេងទៀត មើល និងយកគំរូតាម។
 
 
 
 

Tag:
 អកអំបុក
© រក្សាសិទ្ធិដោយ thmeythmey.com