សង្គមអន្តរជាតិ​
អន្តរជាតិ
ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ សហគមន៍អន្តរជាតិព្យាយាមបន្តបទឈប់បាញ់នៅកាហ្សា
27, Nov 2023 , 5:59 pm        
រូបភាព
រូបភាព ៖  Xinhua
រូបភាព ៖ Xinhua
ប្រទេសជាច្រើនរួមទាំងតួកគី អ៊ីរ៉ង់ អេហ្ស៊ីប និងកាតា បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងត្រូវបានបង្កើន ដើម្បីពង្រីកបទឈប់បាញ់មនុស្សធម៌ នាពេលបច្ចុប្បន្នរវាងកងកម្លាំងអ៊ីស្រាអែល និងហាម៉ាស ។

ខុទ្ធកាល័យប្រធានាធិបតីតួកគី បានប្រកាសនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា ទីក្រុងអង់ការ៉ា និងទីក្រុងតេអេរ៉ង់ បានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតបទឈប់បាញ់រយៈពេលវែង នៅតំបន់កាហ្សា។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីតួកគី Recep Tayyip Erdogan និងសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi ដោយបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់កាហ្សា និងស្ថានភាពជំនួយមនុស្សធម៌ ការណែនាំសម្រាប់ប៉ាឡេស្ទីន និងវិធានការ អាចធ្វើទៅបានដើម្បីសម្រេចបានយូរអង្វែង ស្តីពីបទឈប់បាញ់ក្នុងតំបន់។
បើតាមសេចក្តីប្រកាសខាងលើ ប្រធានាធិបតីតួកគីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់គោលជំហររួបរួមនៃពិភពមូស្លីម ជាពិសេសប្រទេសតួកគី និងអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន។
 
ប្រធានាធិបតី Erdogan បានប្រកាសថា ប្រទេសតួកគី និងអ៊ីរ៉ង់នឹងបន្តខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់បច្ចុប្បន្នជាអចិន្ត្រៃយ៍ និងសម្រេចបានសន្តិភាពយូរអង្វែង។
 
ទន្ទឹមនេះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៃប្រទេសនេះ លោក Abdolrahim Mousavi ដោយប្រកាសថា កងទ័ពអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រជាជន នៅតំបន់កាហ្សា។
 
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោក Bahram Einollahi បានសម្តែងការត្រៀមខ្លួនក្នុងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងគិលានុបដ្ឋាយិកាទៅកាន់តំបន់កាហ្សាដែលហែកហួរដោយសង្រ្គាម។
 
ប្រភពប៉ាឡេស្ទីនដែលសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាក៏បានបញ្ជាក់ផងដែរថាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលត្រូវបានបង្កើនដើម្បីពង្រីកបទឈប់បាញ់មនុស្សធម៌នាពេលបច្ចុប្បន្នរវាងអ៊ីស្រាអែលនិងកងកម្លាំងហាម៉ាស។
 
ប្រភពបានលាតត្រដាងថា កាតា និងអេហ្ស៊ីបបានបញ្ជូនសេចក្តីព្រាងកិច្ចព្រមព្រៀងមួយទៅទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងគោលបំណងបន្តការបន្តបទឈប់បាញ់រយៈពេលបួនថ្ងៃ និងសម្របសម្រួលការផ្លាស់ប្តូរអ្នកទោសជាផ្លូវការ។
 
បើតាមប្រភពបានឱ្យដឹងថា ដំណើរការពិភាក្សាពាក់ព័ន្ធនឹងសំណើដោះលែងចំណាប់ខ្មាំង ៤០ទៅ៥០ នាក់ដែលកំពុងត្រូវបានឃុំខ្លួននៅកាហ្សា រួមជាមួយនឹងការបង្កើនការផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីនេះ ដើម្បីរំងាប់ជម្លោះវិបត្តិមនុស្សធម៌។
 
ក្រុមហាម៉ាស់បានសម្តែងសុច្ឆន្ទៈដំបូងចំពោះសំណើរបស់កាតា និងអេហ្ស៊ីប។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃទី ២៦ខែវិច្ឆិកាពីតំណាងក្រុមហាម៉ាស ចលនានេះ កំពុងស្វែងរកការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់បច្ចុប្បន្ន លើសពីក្របខ័ណ្ឌរយៈពេលបួនថ្ងៃដែលបានព្រមព្រៀងគ្នាពីមុនជាមួយអ៊ីស្រាអែល។
 
កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ក្រុមហាម៉ាស់បានប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់មនុស្សធម៌រយៈពេលបួនថ្ងៃនៅតំបន់កាហ្សាត្រូវបានឈានដល់តាមរយៈតួនាទីសម្របសម្រួលរបស់កាតា និងអេហ្ស៊ីប៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com