RFI
អន្តរជាតិ
តើ​អ្វី​ទៅ​ជា​យុទ្ធនាការ​ Movember ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​បុរស?
28, Nov 2023 , 10:29 am        
រូបភាព
ដោយ៖អៀង សុខម៉ិញ/RFI
 
កូលាប​តុលា​ជា​ខែ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​មហារីក​សុដន់។ ឯវិច្ឆិកា​ជា​​ខែ​បញ្ជ្រាប​ព័ត៌មាន​ឱ្យ​បុរសៗ​ប្រុង​ប្រយ័ត្ន​នឹង​​ជំងឺ​មហារីក​បុរស ឬ​ហៅថា​យុទ្ធនាការ​ Movember។ តើ​អ្វី​ទៅ​ជា​យុទ្ធនាការ ​Movember? ជំងឺ​មហារីក​បុរស​មាន​អ្វី​ខ្លះ?



បន្ទាប់​ពី​ឧទ្ទិសពណ៌​កូលាប​ដល់​​ខែ​តុលា​ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ឱ្យ​ស្ត្រី​បាន​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក​សុដន់ ​ខែ​​វិច្ឆិកាពណ៌​​​ខៀវសូម​​ដាស់​ស្មារតីឱ្យ​គិត​គូរអំពី​​សុខភាព បុរសនិង​យល់​ដឹង​អំពី​ជំងឺ​មនុស្ស​ប្រុស​​ មាន​ជា​អាទិ៍ជំងឺ​មហារីក​ប្រូស្តាត និង​មហារីក​ពងស្វាស ព្រមទាំងជំងឺ​ផ្លូវចិត្តនិង​អត្តឃាត ​តាម​រយៈ​កម្មវិធី ​​Movember​។
 
Movember ជា​កាត់​បញ្ចូល​គ្នា​រវាង​ពាក្យ​Moustache ជា​ភាសាអង់គ្លេស​ដែល​ប្រែ​ពុកមាត់ និង​ពាក្យ​ November​ ខែ​វិច្ឆិកា។ ​ចាប់​កំណើតនៅ​អូស្ត្រាលីក្នុង​​​ឆ្នាំ​២០០៣ ដោយមិត្តសម្លាញ់​ប្រុស​ៗពីរ​នាក់​កំពុង​ជល់​កែវ​គ្នា​សុខៗ​ស្រាប់​តែ​លេច​គំនិតភ្នាល់​​គ្នា​ទៅ​បបួល​មនុស្ស​ប្រុស​ឱ្យ​បាន​៣០នាក់មក​ចូល​រួម​ចលនា​Movember ឈប់​កោរពុកមាត់ពេញ​មួយ​ខែ​វិច្ឆិកា​ ដើម្បី​ឱ្យ​គេ​ឯង​ចាប់​អារម្មណ៍​សួររឿង​ពុកមាត់ ​រួចបាន​ឱកាស​​និយាយ​អំពី​បញ្ហា​សុខភាព​បុរស ពោល​គឺ​ពី​ជំងឺ​មហារីក​ប្រូស្តាត មហារីក​ពងស្វាស​និង​សុខភាព​ផ្លូវ​ចិត្ត​ប្រឆាំងនឹងគ្រោះ​​ធ្វើ​អត្តឃាត ព្រោះ​ជា​ទូទៅ​បុរស​មិន​សូវ​ហ៊ាន​និយាយ​អំពី​បញ្ហា​សុខភាព​នេះ​ទេ។



 
គំនិត​ផ្តួច​ផ្តើម​របស់​មិត្ត​សម្លាញ់​ទាំងពីរ​បាន​ទទួលចំណាប់​អារម្មណ៍យ៉ាង​ខ្លាំងហួស​ពី​ការ​គិត។ នៅ​ឆ្នាំ​បន្ទាប់​ នា​ឆ្នាំ​២០០៤ មិត្ត​ទាំងពីរ​បាន​សម្រេច​បង្កើត​វិបសៃត៍​​មួយ​ដើម្បី​ប្រមូល​ថវិកា​ជួយ​​មូលនិធិ​Prostate Cancer Foundation of Australia។
 
ពេលវេលា​ចេះ​តែ​ទៅ​មុខ កម្មវិធី ​Movember កាន់​តែ​រីក​ធំធាត់ពេញ​ផ្ទៃ​ប្រទេសអូស្ត្រាលី  ហើយ​​ក្លាយ​ជាកម្មវិធី​​​​កំរិត​ពិភពលោកបំផុសឱ្យ​បុរសចាប់​គិត​គូរ​និងយល់​​អំពីគ្រោះ​ថ្នាក់​នៃ​​ជំងឺមហារីក​​របស់មនុស្ស​ប្រុស​។ ចំណែក​ពុក​មាត់​ក៏​បាន​ក្លាយ​ជា​និម្មិតរូប​នៃ​​យុទ្ធ​នាការ​Movember ជា​រហូត​មក។ អ្នក​ចង់​​ចូល​រួម​ក្នុង​កម្មវិធី​Movemberគ្រប់​រូប​ ត្រូវ​កោរ​ពុក​មាត់​ឱ្យ​ស្អាត​នៅ​ថ្ងៃ​ទី​១​វិច្ឆិកា រួច​លែង​ប៉ះពាល់​និង​ទុក​ឱ្យ​ដុះ​តាម​ធម្មជាតិ​រយៈ​ពេល​មួយ​ខែ។
 
​​​​តាំងពី​ពេល​នោះ​មក ជា​រៀង​រាល់​ខែ​វិច្ឆិកា ប្រទេស​នីមួយៗ​តែង​រៀប​ចំ​កម្មវិធី ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ដាស់​ស្មារតី​ បញ្ជ្រាប​មតិ​សាធារណៈ​ឱ្យ​យល់​ដឹង​​អំពី​ជំងឺមហារីក​​បុរស​ និង​ប្រមូល​មូលនិធិ​ដើម្បី​ជួយ​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ។ 
 
យុទ្ធនាការ​ Movember អន្តរជាតិ​បាន​កំណត់​កម្មវត្ថុ​កាត់​បន្ថយអត្រាមរណៈ​មុន​អាយុ​របស់​បុរស​​​ឱ្យ​បាន​២៥% នៅ​ឆ្នាំ​២០៣០។ ជា​ទូទៅ​និង​ជា​មធ្យម បុរស​មាន​អាយុ​ខ្លីឆាប់​ស្លាប់​​ជាង​ស្ត្រី​ប្រមាណពី​​៤ទៅ​៥​ឆ្នាំ។ មាន​មោទនភាពជា​ប្រុស មាន​កម្លាំង​ខ្លាំងក្លា​មាំមួន បុរស​មិន​សូវ​លើក​មក​យក​បញ្ហា​សុខភាព ជាពិសេស​ជំងឺ​មហារីក​ប្រូស្តាត​ឬ​ពង​ស្វាស និង​​បញ្ហា​ផ្លូវ​ចិត្ត​មក​និយាយ​ជា​សាធារណៈ​ទេ​។ 
 
បើ​តាម​អង្គការ​សុខភាពពិភពលោក​ មាន​ការ​សិក្សា​ច្រើន​ណាស់​ដែល​បង្ហាញ​ថា​បុរស​មិន​និយាយស្តី​ទេ ពេលមាន​អាការៈ​មិនស្រួល​ខ្លួន​ ព្រោះ​មិន​ចង់​បាក់​មុខ​ មិន​ចង់​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន។ ទាក់​ទង​នឹង​ការ​សម្លាប់​ខ្លួន​ អត្រា​បុរស​ធ្វើ​អត្តឃាត​មាន​ចំនួន​ច្រើន ជា​ង​ករណី​ស្ត្រី​សម្លាប់​ខ្លួន ដល់​ទៅ​ជាង​​ពីរ​ដងឯណោះ។ អង្គការសុខភាពពិភពលោក​វាយ​តម្លៃ​​ថា​មាន​មនុស្សប្រមាណ​៥សែន​មួយ​ម៉ឺន​នាក់​​សម្លាប់​ខ្លួនក្នុង​មួយ​ឆ្នាំៗ នៅ​លើ​ពិភពលោក ពោល​គឺមួយនាទី​​មាន​ករណី​អត្តឃាត​ម្នាក់។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ទាំងអស់នោះ ពីរភាគ​បី ឬ​​​ ៧៥%​ជា​បុរស។
 
ចំណែក​ជំងឺ​មហារីក​បុរស​វិញ បើ​អង្គការ​សុខភាពពិភពលោក​ដដែល អាចព្យាបាល​បាន​ជា​ស្ទើរ​១០០%​បើ​រក​ឃើញ​ជំងឺ​តាំងពី​ដំបូង។ ប៉ុន្តែ​មូលនិធិ​Movember សម្គាល់​ឃើញ​ថា​បុរស​ទៅ​ពិគ្រោះ​និង​ពិនិត្យ​សុខភាព​តិច​ជាង​ស្ត្រី​ និង​ច្រើន​តែ​ដឹង​ខ្លួន​មាន​ជំងឺ​មហារីក​នៅ​ពេល​មាន​លេច​រោគ​សញ្ញា​ពោល​គឺ​ចង់​ជ្រុល​ពេល​ទៅ​ហើយ។
 
តើគេ​អាច​សម្គាល់​​ជំងឺ​មហារីកប្រូស្តាត​យ៉ាង​ដូចម្តេច?
បើ​តាម​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អេម៉ានុយអែល Emmanuel Chartier-Kastler,ប្រធាន​ផ្នែក​វះកាត់​តម្រងនោម​នៅ​មន្ទីរពេទ្យ​Pitié Salpetriere ជំងឺ​មហារីក​​បុរសដែល​គេ​ជួប​ប្រទះ​​ច្រើន​ជាង​គេ គឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​មហារីក​ពង​ស្វាស។ មហារីកប្រូស្តាត ជា​ជំងឺមហារីក​​​ទី​មួយរបស់​មនុស្ស​ប្រុស ​ដែល​​ច្រើនតែ​កើត​លើ​បុរស​វ័យ​ចំណាស់​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ហើយ​ហានិភ័យ​ឡើង​ខ្ពស់​ជា​លំដាប់​ទៅ​តាម​វ័យ។ ចំណែក​មហារីក​ពង​ស្វាស​វិញ ច្រើន​តែ​កើត​លើ​បុរស​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​២០ទៅ​៤៥​ឆ្នាំ។ ជំងឺ​នេះ​កើតមាន​កាន់​តែ​ច្រើនឡើងៗ តែ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ដឹង​នៅឡើយទេ។
 
ដើម្បី​បាន​ដឹង​ទាន់​ពេល​វេលា គ្រោះ​​លេច​ឡើងនូវ​ជំងឺ​មហារីក​គ្រាប់​ពង ឬ​ពង​ស្វាស គ្មាន​កាយវិការ​អ្វី​ប្រសើរ​ជាង​ការ​ស្ទាបមើលដោយ​ខ្លួន​ឯង​​ជា​រៀង​រាល់​សប្តាហ៍ ឬ​ជា​រៀង​រាល់​ខែ​ទេ។ លោក​វេជ្ជបណ្ឌិត​ Emmanuel Chartier-Kastlerសូមណែនាំ​ឱ្យ​​អស់​លោក​ជា​សុភាព​បុរស​ទាំង​ឡាយ​ឧស្សាហ៍​លុញ​គ្រាប់ពង​ដោយ​ខ្លួន​ឯង​ ក្រោយ​ពេល​មុជ​ទឹក​សម្អាត​ខ្លួន​រួច។ ដាក់​គ្រាប់​ពង​លើ​​ម្រាម​ដៃ​ទាំង​បួន​ហើយយក​​​មេដៃ​ស្ទាប​បង្វិលឱ្យ​ជុំ​។ ពង​ស្វាស​មាន​សុខភាពល្អ ត្រូវ​មូល​រលោង​គ្មាន​គ្រឿមទេ។ តែ​បើ​ស្ទាបទៅ​ឃើញ​មាន​ កន្ទួល មាន​ប៉ោង​ មាន​ពក មាន​ដុំ​ ទោះ​តូច​ប៉ុន​គ្រាប់​សណ្តែកបាយ​ ឬ​ឡើង​ធំ​ ឬ​មាន​អារម្មណ៍​រំខានពេល​ប៉ះពាល់ ឬឡើង​ធ្ងន់​ជាង​ធម្មតា សូម​រួស​រាន់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​តម្រងនោម។
 
ប៉ុន្តែ​សូម​កុំ​ស្លន់​ស្លោ​ ពង​ស្វាស​ខុស​ប្រក្រតី​មិនមែនសុខតែ​មាន​ជំងឺ​មហារីក​ឡើយ។ វា​អាច​ជា​ដុំ​គីស​ស្លូត​ ឬ​ជា​ការ​ហើម​កូន​សរសៃ​ឈាម​តិច​តួច​។ ការ​ថត​ឆ្លុះ​មើល​អេកូ​អាច​ជួយ​ជម្រះ​មន្ទិស​សង្ស័យ​បាន។
 
ចំពោះ​ជំងឺ​​មហារីក​ប្រូស្តាត ដែល​ជា​តំណាងនៃ​​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​សម្រាប់​សុខភាព​សាធារណៈ​ជាង​ជំងឺ​មហារីកពង​ស្វាស​នោះ គឺ​មកពី​ករណី​ភាគ​ច្រើន គ្មាន​រោគ​សញ្ញា​ទេ នៅ​ដំណាក់កាល​ដំបូងៗ។ ជំងឺ​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត។ គេ​អាច​វិភាគ​ដឹង​តាម​រយៈ​ការ​ពិនិត្យ​ឈាម​ និង​ការ​វិនិច្ឆ័យ​រោគ​បន្ថែម​តែ​ប៉ុណ្ណោះ។ ការ​វិភាគ​វែក​រក​ជំងឺ​មហារីក​ប្រូស្តាត គួរ​តែ​ចាប់​ផ្តើម​ធ្វើ​នៅ​ពេល​ចូល​ដល់​វ័យ​៥០ឆ្នាំ​ ឬ​ចាប់​ពី​៤៥​ឆ្នាំ​បើធ្លាប់​មានសមាជិក​​គ្រួសារ​កើត​ជំងឺនេះ។ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​ទៅ​ពិនិត្យ​ឈាម​វាស់​បរិមាណ PSA ​អង់ទីហ្សែន​ពិសេស​របស់​ប្រូស្តាត។ នៅពេល​​កំរិត​PSAឡើង​ខ្ពស់​ខ្លាំង​ ក៏​មិន​ប្រាកដ​ថា​ពិត​ជា​មាន​ជំងឺមហារីក​ដែរ។ ត្រូវ​បន្ត​ធ្វើ​រោគ​វិនិច្ឆ័យ​ផ្សេង​ទៀត​ដើម្បី​ផ្ទៀង​ផ្ទាត់មក​ពី​មាន​ដុំ​សាច់​សាច់​មហារីក​ប្រូស្តាត​ ឬ​មាន​ជំងឺ​ប្រូស្តាត​ផ្សេង​ទៀត​ ទើប​​បណ្តាល​បរិមាណ​PSAឡើង។​
 
សរុបមក​វិញ ពេល​ចូល​វ័យ​៥០​ឆ្នាំ​ បុរស​គួរ​តែទៅ​ជួប​គ្រូពេទ្យដើម្បី​វាស់​ដូស​PSA ឯ​បុរស​វ័យ​ក្មេង​ គួរ​តែ​ឧស្សាហ៍​ត្រួត​ពិនិត្យ​ប្រដាប់​ប្រើប្រាស់​ខ្លួន​ឯង។ ដើម្បីឆាប់​ដឹង​ពី​អាការៈ​សុខភាព​ខ្លួន​ឯង ​ការ​ស្ទាបមិន​សុទ្ធ​តែអាសអាភាស​ទេ តែ​​ជា​កាយវិការ​សុខភាព​។ យុវបុរស​គួរ​​ស្ទាប​មើល​ពង​ស្វាស​​មួយ​ខែ​ម្តង​ ឯ​ស្ត្រី​ត្រូវ​ស្ទាប​សុដន់​​។ គ្រូពេទ្យ​ជំនាញ​អាច​ជួយ​បង្ហាត់​បង្ហាញ​របៀប​ស្ទាបរក​មើលក្រែង​មាន​​ករណី​សង្ស័យ​​ដុះ​ដុំ​មហារីកបាន៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com