ជាតិ
យ៉ាងហោចណាស់ឈើអាយុ៥០ឆ្នាំឡើង ទើបអាចយកធ្វើទូក«ង»បាន
× ភ្នំពេញ៖ យ៉ាងហោចណាស់ឈើ មានអាយុ៥០ឆ្នាំឡើង ទើបអាចយកទៅធ្វើទូកងបាន ហើយឈើដែលមានអាយុកាន់តែច្រើន កាន់តែធ្វើទូកងបានល្អ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ពិបាករកឈើដែលមានអាយុច្រើន យកទៅធ្វើទូកខ្លាំងណាស់ ហើយត្រូវចូលទៅក្នុងព្រៃជ្រៅ ទើបអាចរកបាន។
លោក ជាង វុទ្ធី ដែលជាជាងធ្វើទូកង បានប្រាប់សារព័ត៌មានថ្មីៗថា លោកពុំអាចដឹងច្បាស់ ពីអាយុកាលរបស់ឈើនីមួយៗ ដែលយកមកធ្វើទូកងបានទេ ដ្បិតអីជាឈើដុះក្នុងព្រៃ។ ប៉ុន្តែលោកថា ឈើដែលអាចយកមកធ្វើជាទូកងបានល្អ លុះត្រាណាមានអាយុពី៥០-៦០ឬ១០០ឆ្នាំឡើង។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់ការពន្យល់របស់លោក ជាង វិទ្ធី ជាងធ្វើទូកងបន្ថែម៖
លោក ជាង វុទ្ធី បញ្ជាក់៖«ឈើដុះក្នុងព្រៃ ដូច្នេះខ្ញុំមិនដឹងថាវាដុះតាំងពីពេលណាឡើយ។ ប៉ុន្តែឈើដែលយើងអាចយកមកធ្វើទូកងបាន លុះត្រាណាតែវាមានអាយុចាប់ពី៥០ឆ្នាំឡើង»។
លោក ជាង វុទ្ធី ជាងធ្វើទូកង
ជាងធ្វើទូកង ដែលស្រឡាញ់វិស័យទូកង បានលើកឡើងថា ការធ្វើទូកមានច្រើនដំណាក់កាល ប្រសិនធ្វើមិនប្រយ័ត្ន អាចខូចឈើនោះទាំងស្រុង។ ដំណាក់កាលដំបូង ត្រូវមើលពីដំណេកឈើ ថាត្រង់ឬវៀច ឬកោង។ ដំណាក់កាលទី២ ត្រូវបង្វិលរកដំណេករបស់ឈើ។ បន្ទាប់មកត្រូវយកម៉ែត្រទៅវាស់ ប្រវែងរបស់ឈើ ដោយបែងចែកជា៣ដំណាក់កាល។ ដំណាក់កាលទីមួយបែងចែកចំណុចសូន្យ នៅចំកណ្ដាល ចំណុចទី២ផ្នែកខាងមុខ និងចំណុចទី៣ផ្នែកខាងក្រោយ។
សកម្មភាពលោក ជាង វុទ្ធី ធ្វើទូកង ជាមួយមេជាងរបស់ខ្លួន
«វាស់ឈើរកចំណុចសូន្យចាស់ពីដើមហៅថា ៥ធានមុខ ៥ធានក្រោយ។ បើនិយាយទៅពិបាកយល់បន្តិច ទាល់តែអ្នកធ្វើ អ្នកអនុវត្តិផ្ទាល់បានដឹង។ នៅពេលវាស់ខ្សែបន្ទាត់បានត្រឹមត្រូវហើយ ចាប់ផ្ដើមផែឈើឱ្យចេញជារូបរាងទូក»។ នេះជាការបន្ថែមរបស់លោក វុទ្ធី។
ការធ្វើទូកត្រូវចំណាយពេលប្រមាណ១៥ថ្ងៃ ទៅ២៥ថ្ងៃ ប្រសិនក្នុងអំឡុងពេលធ្វើមិនមានជួបការលំបាក ឬមានផលរំខានផ្សេង ឬពីអាកាសធាតុជាដើម។ ប្រសិនធ្វើចំខែប្រាំ មិនមានផលរំខានពីអាកាសធាតុ អាចធ្វើលឿន។ លោក វុទ្ធី ថាដើម្បីឱ្យសាច់ឈើរីក ធ្វើទូកបានធំល្អ គេត្រូវយកឈើដែលលុងរួច ទៅឆ្អើរភ្លើង៕
© រក្សាសិទ្ធិដោយ thmeythmey.com