ជាតិ
សេដ្ឋកិច្ច
គយ និងដៃគូពាក់ព័ន្ធ ត្រៀមចេញវិធានការមួយចំនួន​ ដើម្បីជំរុញពាណិជ្ជកម្ម
29, Nov 2023 , 8:00 am        
រូបភាព
អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ រួមនឹង​ក្រសួង​ស្ថាប័នរដ្ឋ គ្រោងចេញ​វិធានការចាំបាច់​នានា ​ជាមូលដ្ឋាន​សម្រាប់តួអង្គ​ពាក់ព័ន្ធយក​ទៅអនុវត្ត ដើម្បីបន្ត​កែលម្អ​នីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើង​បន្ថែមទៀត​នូវមុខងារស្ថាប័ន។  ការត្រៀមចេញវិធាននេះ គឺដើម្បីជំរុញ​ឱ្យកាន់តែ​មានប្រសិទ្ធភាព​ថែមទៀត​ក្នុងកិច្ចសម្រួល​ពាណិជ្ជកម្ម និងការលើកកម្ពស់​ភាពប្រកួតប្រជែងរបស់​កម្ពុជា។

  
 
បើតាមលោក សែ សុឃន អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា ការអនុវត្តតាមវិធានការ​កំណែទម្រង់​ស៊ីជម្រៅ ​និងមុតស្រួច​ពាក់ព័ន្ធនឹងកិច្ច​សម្រួលពាណិជ្ជកម្មនេះ គឺដើម្បីលើកកម្ពស់​ភាពប្រកួតប្រជែង​កម្ពុជា ដែលក្រសួង​-ស្ថាប័នពាក់ព័ន្ធ​បន្ត​កែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវ​នីតិវិធី​បំពេញបែបបទ​ដែលមានលក្ខណៈ​សាមញ្ញ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅកាត់បន្ថយ​ទាំងពេលវេលា​និងចំណាយរបស់​ធុរកិច្ចពាណិជ្ជកម្ម​នៅកម្ពុជា។  
 
នាសិក្ខាសាលាស្តី​ពីការសិក្សារយៈពេល​បំពេញបែបបទ​បញ្ចេញទំនិញ​ឆ្នាំ២០២៣ ដែលរៀបចំ​ដោយអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា(អគរ) សហការជាមួយ​រដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) និងអង្គការគយ​ពិភពលោក (WCO) កាលពីថ្ងៃទី២៤វិច្ឆិកា សែ សុឃន បានបញ្ជាក់ថា ការសិក្សារយៈពេលនៃ​ការបំពេញបែបបទ​បញ្ចេញទំនិញ​ឆ្នាំ២០២៣នេះ ជាឧបករណ៍មួយ​សម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវ​បញ្ហាប្រឈម​ក្នុងការបំពេញបែបបទ​នៅគ្រប់​ដំណាក់កាល»។
 
លោកបន្តនិយាយយ៉ាងដូច្នេះ ៖ « នេះគឺជាការចាប់ផ្តើម​នៃដំណើរការ​សិក្សារយៈពេល​បំពេញបែបបទបញ្ចេញ​ទំនិញលើកទី៤ ទាំងមូល ដែលការងារ​បន្ទាប់ គឺការប្រមូលទិន្នន័យ​នៅ(អគ្គនាយកដ្ឋាន) និងតាមបណ្តា​ក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់​ផ្តើមពី​ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរៀបចំ​របាយការណ៍​លទ្ធផលនៃ​ការសិក្សាឆ្នាំ២០២៣ ដែលរំពឹងថានឹងផ្សព្វផ្សាយ​ជាសាធារណៈ​នៅត្រីមាសទី១ ឆ្នាំ២០២៤»។
 
ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានស្នើដល់​អង្គភាពគយ​និងរដ្ឋាករ និងតំណាងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធរៀបចំ​នីតិវិធីផ្ទៃក្នុង និងចូលរួមសហការ​ជាមួយក្រុមការងារ និងអ្នកជំនាញការ ដើម្បីឱ្យការសិក្សា​រយៈពេលបំពេញ​បែបបទបញ្ចេញ​ទំនិញ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅ​ដោយរលូន និងទទួលបាន​លទ្ធផលជាផ្លែផ្កា៕

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com