ជាតិ
អ្នក​ចម្រៀងភ្លេងការដ៏ពីរោះ ពេជ្រ រដ្ឋា ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍
29, Nov 2023 , 12:11 pm        
រូបភាព
ភ្នំពេញ៖ លោក ពេជ្រ រដ្ឋា ដែល​ត្រូវ​បានមហាជនស្គាល់សុះសាយ ក្រោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសើរពីទឹកដមសំឡេង បានទទួល​មរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីយ​ប់ម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩នេះ។ រហូតមកដល់ពេលនេះ សពកំពុង​ធ្វើកោសល្យវិច្ច័យ ដើម្បីរកមូលហេតុនៃគ្រោះថ្នាក់។



លោក លី សុខរិន ត្រូវជាបងថ្លៃរបស់សព បានប្រាប់សារព័ត៌មាន​ថ្មីៗថា លោក ពេជ្រ រដ្ឋា គ្រោះថ្នាក់ចរាចរណ៍ ក្រោយពេលលោកចេញពីពិធីមង្គល​គេ។ លោកធ្វើដំណើរកណ្ដាលអធ្រាត្រតែម្នាក់ឯងប៉ុណ្ណោះ។ 
 
«ឥឡូវនេះប៉ុលិស កំពុងធ្វើកោសល្យវិច្ច័យ។ ប៉ូលិសបានដឹងពីគ្រោះថ្នាក់នោះ ហើយ​គាត់មកប្រាប់គ្រួសារ។ គាត់មកពីច្រៀងការគេ។ គ្រោះថ្នាក់ហ្នឹងនៅជិតផ្ទះទេ នៅតែប្រហែល៤០០ម៉ែត្រពីផ្ទះទេ។ គាត់ជិះម៉ូតូមកតែម្នាក់ឯងទេ។

នេះ​ជា​ការ​បញ្ជាក់​បន្ថែមរបស់លោក លី សុខរិន។ សពនឹងធ្វើពិធីបូជា នៅថ្ងៃទី៣០វិច្ឆិកា នាម៉ោង៧ល្ងាច នៅគេហដ្ឋានសព ក្នុងភូមិអូហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
  


មុនជួបគ្រោះថ្នាក់នេះ លោក ពេជ្យ រដ្ឋា ធ្លាប់បានប្រាប់អ្នកសារព័ត៌មាន កន្លងមកថា ព្រោះតែជីវភាពគ្រួសារក្រីក្រ លោកបានឈប់រៀនត្រឹមថ្នាក់ទី១០ ហើយទៅធ្វើការនៅប្រទេសថៃជាកម្មកររោងចក្រ អស់រយៈពេល៥ឆ្នាំ ទើបលោកត្រឡប់មក​វិញ នៅឆ្នាំ២០១៦។ 
 
ក្រោយមកដល់ប្រទេសកំណើតវិញ លោកបានច្រៀងចម្រៀងបង្ហោះនៅតាមហ្វេសប៊ុក ហើយ​ក្រោយមកក៏មានថៅកែតន្ត្រីជាច្រើនរូប បានហៅលោកឱ្យទៅច្រៀងនៅតាមឆាក និងតាមអកកាដង់។ ជាមួយគ្នានោះលោកក៏បានច្រៀងចម្រៀងបង្ហោះតាមយូធូបផងដែរ។ បទចម្រៀងដែលលោកបានផុសក្នុងយូធូប បានជាង១០០បទ ភាគច្រើន គឺជាបទភ្លេងការ។

ច្រៀង​បទភ្លេងការនេះហើយ ដែលធ្វើឱ្យសម្ដេច ហ៊ុន សែន ពេញចិត្ត​ទឹកដមសំឡេងរបស់លោកខ្លាំង។
 
លោក ពេជ្រ រដ្ឋា ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យច្រៀងក្នុងកម្មវិធីធំៗ កាលពីចុងខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ចាប់​តាំងពីពេលនោះមក កេរ្ដិ៍ឈ្មោះរបស់លោក ត្រូវ​បានគេស្គាល់ច្រើន ហើយ​ទីផ្សារការងារក៏មមាញឹកច្រើន ទាំងក្នុងនិងក្រៅប្រទេស៕

Tag:
 សិល្បៈ
  មរណភាព
  អ្នកចម្រៀង
 
© រក្សាសិទ្ធិដោយ thmeythmey.com