សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គណៈរដ្ឋមន្រ្តីថៃ​អនុម័ត​ដំឡើង​ប្រាក់បៀវត្សរ៍១០ភាគរយ​ដល់​បុគ្គលិករដ្ឋ
29, Nov 2023 , 8:19 pm        
រូបភាព
ប្រាក់បាតថៃ ។ រូបភាព ៖ AFP
ប្រាក់បាតថៃ ។ រូបភាព ៖ AFP
គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី២៨ ខែវិច្ឆិកា បានអនុម័តលើសំណើរបស់គណៈកម្មការមុខងារស៊ីវិល (OCSC) ដើម្បីបង្កើនប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងបុគ្គលិករដ្ឋថ្នាក់ទាបចំនួន ១០ភាគរយក្នុងរយៈពេលពីរឆ្នាំខាងមុខ ស្របពេលតម្លៃទំនិញកើនឡើងដែរ។

 
ការដំឡើងប្រាក់ខែចំនួន ១០ភាគរយដល់បុគ្គលិករដ្ឋ នឹងចូលជាធរមាននៅខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីកញ្ចប់ថវិកាសារពើពន្ធសម្រាប់ការប្រើប្រាស់ប្រចាំឆ្នាំត្រូវបានអនុម័តនៅខែមេសា ។
 
ការដំឡើងនេះនឹងធានាប្រាក់បៀវត្សរ៍ចាប់ពី១៨ពាន់បាត (៥១៨ដុល្លារ) សម្រាប់មន្ត្រីរាជការដែលត្រូវបានជ្រើសរើសថ្មី និងកែសម្រួលឲ្យត្រូវគ្នាចំពោះប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការដែលមានស្រាប់។ នេះបើតាមលោក Danucha Pichayanan អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC)។ 
 
បើតាមលោក​ Danucha Pichayanan ការិយាល័យថវិកា និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល នឹងពិភាក្សាគ្នាអំពីប្រភពថវិកាសម្រាប់ការដំឡើងប្រាក់បៀវត្សរ៍នេះ។ 
 
ការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការនេះ ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីការបរទេស Parnpree Bahiddha-Nukara ដែលទទួលបន្ទុកការិយាល័យគណៈកម្មការមុខងារស៊ីវិល (OCSC)។
 
OCSC, NESDC, ក្រសួងហិរញ្ញវត្ថុ និងការិយាល័យថវិកាបានយល់ព្រមលើសំណើដំឡើងប្រាក់បៀវត្សរ៍របស់មន្ត្រីថ្នាក់ក្រោមចំនួន ១០ភាគរយនៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក Parnpree កាលពីសប្តាហ៍មុន។
 
គួរបញ្ជាក់ថា ថៃមានមន្ត្រីរាជការ និងបុគ្គលិករដ្ឋប្រហែល ១,៦៨លាននាក់ក្នុងនោះគ្រូបង្រៀន និងបុគ្គលិកអប់រំប្រហែល៤២៧ពាន់នាក់ មន្ត្រីរាជការ៤២១ពាន់នាក់ និងទាហាន៣២៥ពាន់នាក់៕ 
 

Tag:
 ថៃ ​
  ប្រាក់ខែ
  មន្ត្រីរាជការ
  បុគ្គលិករដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com