ជាតិ
សង្គមជាតិ
យុទ្ធនាការ១៦ថ្ងៃ៖ សង្គមស៊ីវិលទទូចរដ្ឋាភិបាល ឱ្យពិនិត្យទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងស្ត្រីឡើងវិញ
29, Nov 2023 , 9:29 pm        
រូបភាព
ស្ត្រីបម្រើការងារកាស៊ីណូ ប៉ះទង្គិចគ្នាជាមួយអាជ្ញាធរនាពេលកន្លងមក។
ស្ត្រីបម្រើការងារកាស៊ីណូ ប៉ះទង្គិចគ្នាជាមួយអាជ្ញាធរនាពេលកន្លងមក។
ភ្នំពេញ៖ សង្គមស៊ីវិលរួមគ្នា រៀបចំយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ដោយទាមទារឱ្យរដ្ឋាភិបាល ពិនិត្យគោលនយោបាយ និងច្បាប់ពាក់ព័ន្ធសិទ្ធិស្ត្រីឡើងវិញ។ យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានពិនិត្យ អនុវត្ត និងបន្តលើកិច្ចការគាំពារស្ត្រីរហូតមកហើយ។

ចំនួន២០ស្ថាប័ន បានអំពាវនាវឱ្យរដ្ឋាភិបាលអាណត្តិទី៧ ពិសេស ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ក្រសួងអប់រំជាដើម ត្រូវចាត់វិធានការឆ្លើយតបជាអាទិភាព ចំពោះតម្រូវការចាំបាច់របស់ស្ត្រី ក្នុងការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រីនិងក្មេងស្រី។ ពួកគេ សង្កត់ធ្ងន់ថា រដ្ឋចាំបាច់ត្រូវតែចាត់​វិធានការ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងការលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យ ទៅតាមគោលដៅទី៥ នៃផែនការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ 
 
ហេតុនេះ នៅអំឡុងយុទ្ធនាការ១៦ថ្ងៃ ក្រុមសង្គមស៊ីវិល បានលើកយកតម្រូវការនិងដំណោះស្រាយ ចំនួន១៦ចំណុច ទៅរដ្ឋាភិបាលដើម្បីពិនិត្យ។ ចំណុចសំខាន់ ទាំង១៦នេះ មានការស្នើឱ្យធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបច្ចុប្បន្ន និងបង្កើតឱ្យមានជម្រកសុវត្ថិភាពរដ្ឋ សម្រាប់ស្ត្រីរងគ្រោះ ដោយអំពើហិង្សា។ លើសពីនេះ ត្រូវចាត់វិធានការរដ្ឋបាលជាក់លាក់និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិបរិស្ថាន និងសិទ្ធិការងារ។ 
 
បញ្ហាទាំងនេះ គឺសង្គមស៊ីវិលអះអាងថា ពួកគេបានសង្កេតឃើញផ្ទាល់អំឡុងពេលធ្វើការជាមួយប្រជាពលរដ្ឋ ដែលពួកគេលើកបញ្ហាទាំង១៦ចំណុចមក ។ ប៉ុន្តែ ពួកគេអះអាងថា ជាអកុសល លិខិតដែលបានដាក់ទៅរដ្ឋាភិបាល មិនមានការឆ្លើយតបវិញឡើយ។ 
 
ជុំវិញការទទូចស្នើសុំនេះ លោក ប៉ែន បូណា ឆ្លើយតបទៅវិញថា ចាប់តាំងពីរដ្ឋាភិបាលចាស់ ដល់រដ្ឋាភិបាលអាណត្តិថ្មី បានផ្ដោការយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ លើគ្រប់រូបភាពរួចមកហើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃ២៩ វិច្ឆិកានេះ លោកក៏បញ្ជាក់ថា រដ្ឋកំពុងបន្តកិច្ចការទាំងនេះ ។ បើតាមលោក បូណា  ចំនួនស្ត្រី កាន់តួនាទីធំៗ ក្នុងជួររដ្ឋាភិបាល បន្តកើនឡើងដោយសារការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។ 
 
ភាគីក្រុមសង្គមស៊ីវិល ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រកន្លងមក ។ ប៉ុន្តែពួកគេនៅតែសង្កេតឃើញថា មានការរើសអើងលើស្ត្រីស្ទើរគ្រប់វិស័យ គ្រប់ទម្រង់ គ្រប់ទីកន្លែង រួមទាំងនៅតាមផ្ទះ និងសហគមន៍៕ 

© រក្សាសិទ្ធិដោយ thmeythmey.com