កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស្នើអាជ្ញាកណ្តាលមានបទពិសោធន៍ World Cup សម្រាប់កាត់សេចក្តីជំនួប Al Hilal-Al Nassr
30, Nov 2023 , 8:39 am        
រូបភាព
Cristiano Ronaldo ប្រធានក្រុម Al Nassr ត្រូវបានគេរាយការណ៍ថា បានស្នើទៅកាន់អាជ្ញាធរក្របខណ្ឌ Saudi Pro League ឱ្យរៀបចំក្រុមអាជ្ញាកណ្តាល ដែលមានបទពិសោធន៍នៅក្នុងព្រឹត្តិការណ៍ World Cup ឱ្យមកកាត់សេចក្តីក្នុងជំនួបលីគកំពូលអារ៉ាប៊ីសាអូឌីតរវាងAl Nassr ទល់នឹងក្រុម Al Hilal។



បើតាមការផ្សាយរបស់កាសែត Marca របស់អេស្ប៉ាញ Ronaldo ចង់បានអាជ្ញាកណ្តាលសញ្ជាតិកូឡុំប៊ីលោក Wilmar Roldan ដើម្បីកាន់កាប់ការប្រកួតជំនួបដ៏ធំរបស់ក្រុមទាំង ២ ស្ថិតក្នុងក្របខណ្ឌ Saudi Pro League។ Al Nassr ប៉ះ Al Hilal ដោយការប្រកួតត្រូវធ្វើឡើងនៅវេលាម៉ោង ១យប់ ថ្ងៃទី២ ខែធ្នូ។
 
ចាប់តាំងពីមកដល់អារ៉ាប៊ីសាអូឌីត​ កីឡាករវ័យ ៣៨ឆ្នាំ បានបង្ហាញការគ្រប់គ្រងបាល់ទាត់លីគកំពូលរបស់ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូពា៍មួយនេះ ដោយចាប់ផ្តើមធ្វើទំនើបកម្មរបស់ខ្លួន សមស្របទៅតាមការប្រកួតលីគកំពូលៗលើពិភពលោក។ Saudi Pro League បាននាំមកនៅបរិក្ខារល្អៗក្នុងការកាត់សេចក្តីការប្រកួត ប្រព័ន្ធត្រួតពិនិត្យរបស់អាជ្ញាកណ្តាលផ្សេងៗ ។
មិនត្រឹមតែប៉ុណ្ណោះក៏មានអាជ្ញាកណ្តាលល្បីៗជាច្រើនបានបំពេញការងារក្នុងលីគ។
 
ជំនួបរវាង Al Nassr ទល់នឹងក្រុមម្ចាស់ផ្ទះ Al Hilal ជាជំនួបដែលត្រូវប្រឈមមុខគ្នាក្នុងការដណ្តើមតំណែង ជាក្រុមកំពូលតារាង។ ចំពោះការប្រកួតដ៏សំខាន់ Ronaldo ចង់បានអាជ្ញាកណ្តាលមានគុណភាពបំផុត សម្រាប់ទទួលបន្ទុកកាត់សេចក្តីការប្រកួតដ៏សំខាន់។ 
 
លោក Wilmar Roldan អាជ្ញាកណ្តាលសញ្ជាតិកូឡុំប៊ី ធ្លាប់បានកាត់សេចក្តីការប្រកួតរវាងក្រុម Al Nassr ទល់នឹងក្រុម Al Raed កាលពីខែកញ្ញាកន្លងទៅ ដោយកាលនោះក្រុម Al Nassr យកឈ្នះការប្រកួតលទ្ធផល ៣-១។ ប្រកួតឈ្នះលើ Al Raed ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះ ក៏រកបានគ្រាប់បាល់ក្នុងការប្រកួតនោះ។
 
លោក Roldan ជាអាជ្ញាកណ្តាលមួយរូបដែលជាប់ចំណាត់ថ្នាក់លេខ ៧ ជាអាជ្ញាកណ្តាលកម្រិតពិភពលោកក្នុងឆ្នាំ ២០១៥ ដោយលោកមានបទពិសោធន៍កាត់សេចក្តីក្នុងការប្រកួតកម្រិតខ្ពស់ជាច្រើនដូចជា World Cup ឆ្នាំ ២០១៤ និង ២០១៨។ មិនត្រឹមតែប៉ុណ្ណោះអាជ្ញាកណ្តាលដដែលរូបនេះក៏បានកាត់សេចក្តីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១២ និង FIFA Club World Cup ក្នុងឆ្នាំ ២០១៥។
 
បច្ចុប្បន្នក្របខណ្ឌ Saudi Pro League មានអាជ្ញាកណ្តាលកម្រិតខ្ពស់ជាច្រើន សម្រាប់កាត់សេចក្តីការប្រកួត ចាប់តាំងពីមានវត្តមានរបស់ Ronaldo មកកាន់តាំងពីខែមករា។ អាជ្ញាកណ្តាលល្បីឈ្មោះទាំងនោះមាន Michael Oliver, Daniele Orsato និង Mateu Lahoz ដែលជាអាជ្ញាកណ្តាលមានបទពិសោធន៍នៅការប្រកួតក្របខណ្ឌ UEFA Champions League៕

Tag:
 Cristiano Ronaldo
  Al Nassr
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com