អន្តរជាតិ
អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក Henry Kissinger ស្លាប់ក្នុងវ័យ១០០ឆ្នាំ
30, Nov 2023 , 9:18 am        
រូបភាព
អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក Henry Kissinger បានទទួលមរណភាពនៅថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងវ័យ១០០ឆ្នាំ។ ជាអ្នកការទូតដ៏ល្បីម្នាក់ លោក Kissinger ធ្លាប់បម្រើការឱ្យប្រធានាធិបតីច្រើនជំនាន់ជាមួយស្នាដៃជាច្រើន ប៉ុន្តែក៏រងការរិះគន់ចំពោះសង្រ្គាមនៅឥណ្ឌូចិន ពិសេសការទម្លាក់គ្រាប់បែកនៅកម្ពុជា និងឡាវ។



លោក Henry Kissinger ធ្លាប់ឈ្នះរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាសនៅឆ្នាំ១៩៧៣ និងជាប់ឈ្មោះជាអ្នកការទូតឆ្នើមម្នាក់របស់អាម៉េរិក។ លោកបានបម្រើការក្រោមប្រធានាធិបតីពីររូប ហើយបានបន្សល់ទុកស្នាដៃធំធេងចំពោះគោលនយោបាយការបរទេសរបស់អាម៉េរិក។ 
 
បើតាមស្ថាប័ន Kissinger Associates Inc. លោក Kissinger បានស្លាប់នៅផ្ទះនៅរដ្ឋ Connecticut ។
 
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លោក Kissinger ចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកជាច្រើនក្នុងនាមជារដ្ឋមន្រ្តីការបរទេសរបស់ប្រធានាធិបតី Richard Nixon ។ មានដើមកំណើតអាល្លឺម៉ង់ លោក Kissinger ប្រឹងប្រែងបង្កើតទំនាក់ទំនងការទូតអាម៉េរិកជាមួយចិន បង្កើតកិច្ចចរចាគ្រប់គ្រងអាវុធជាមួយសូវៀត ពង្រីកទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាមួយវៀតណាមខាងជើងជាដើម។
 

© រក្សាសិទ្ធិដោយ thmeythmey.com