កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man Utd សល់ឱកាសតិចតួច ទៅវគ្គ១៦ក្រុម ក្រោយស្មើ Galatasaray ៣-៣
30, Nov 2023 , 10:15 am        
រូបភាព
Manchester United មានភាគរយតិចតួចប៉ុណ្ណោះក្នុងការទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយ Galatasaray រកបាន២គ្រាប់ពីក្រោយតាមស្មើ ៣-៣។​ Arsenal ជាក្រុមទី១០ បានកៅអីស្វ័យប្រវត្តិឆ្លងផុតវគ្គចែកពូល។



ក្នុងការប្រកួតទី៥ វគ្គសន្សំពិន្ទុពូល A នៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា អ្នកចាំទី​ Andre Onana ភ្លាត់ស្នៀតធ្វើឱ្យ Man Utd របូតគ្រាប់បាល់ដល់ទៅ២គ្រាប់ នៅពេល Hakim Ziyech ទាត់បាល់ពិន័យ free-kick ទាំងពីរលើកនៅនាទី២៩ និង៦២ បន្ទាប់ពី Alejandro Garnacho និង Bruno Fernandes ស៊ុយម្នាក់១គ្រាប់មុននៅនាទី១១ និង១៨។
 
Scott McTominay សម្រេចគ្រាប់បាល់នាំមុខជាថ្មីសម្រាប់បិសាចក្រហមនៅនាទី៥៥ មុនពេល​ Kerem Akturkoglu ស៊ុតតាមស្មើឱ្យ Galatasaray វិញនៅនាទី៧១។​ ចប់ការប្រកួត Man Utd ស្មើ Galatasaray ៣-៣។
 
តាមរយៈលទ្ធផលនេះ បានធ្វើឱ្យក្រុមលោក Erik ten Hag ពិបាកក្នុងការប្រជែងកៅអីវគ្គ១៦ក្រុមចុងក្រោយ ដ្បិតនៅបាតតារាងមាន៤ពិន្ទុ តាមពីក្រោយ FC Copenhagen និង Galatasaray នៅនៅលេខ២ និងលេខ៣ ចំនួន១ពិន្ទុ។ ក្នុងជំនួបលើកទី៥ពួល A នេះ Copenhagen ស្មើ Bayern Munich ដែលកក់កៅអីរួចស្រេច។
 
នៅជំនួបចុងក្រោយ Man Utd ត្រូវកាឈ្នះ Bayern Munich ដាច់ខាត ហើយការប្រកួតរវាង Copenhagen និង Galatasaray ត្រូវស្មើថែមទៀត ទើបក្រុមអង់គ្លេសមួយនេះបានកៅអីទៅវគ្គបន្ត។
 
ដោយឡែក Arsenal ដែលឈ្នះ Lens ៦-០ នៅជំនួបទី៥ ពូល B ទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយផងដែរ។ គិតត្រឹមពេលនេះ ពាន់រង្វាន់លីគកំពូលអឺរ៉ុបរកឃើញ១០ក្រុមហើយដែលបានកៅអីស្វ័យប្រវត្តិទៅវគ្គខ្វែង ក្នុងនោះមាន Bayern Munic, AT-Madrid, Lazio, Barcelona, Man City, RB Leipzing, Real Sociedad, Inter Milan Real Madrid និង Arsenal។
 
ក្រុមដែលអស់ឱកាសទៅវគ្គ១៦ក្រុម មាន Sevilla, Union Berlin, RB Salzburg, Benfica, Celtic, Feyenoord, Young Boys, Red Star Belgrade និង Royal Antwerp។
លទ្ធផលការប្រកួតគូដទៃ៖
 
Sevilla ២-៣ PSV Eindhoven
Bayern Munich ០-០ FC Copenhagen
Arsenal ៦-០ Lens
Real Madrid​ ៤-២ Napoli
Sporting Braga ១-១ Union Berlin
Benfica ៣-​៣ Inter Milan
Real Sociedad ០-០ RB Salzburg
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com