ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ដាក់ចេញគោលនយោបាយបញ្ឈប់គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅកម្ពុជា
30, Nov 2023 , 11:06 am        
រូបភាព
រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយមិនឱ្យមានរោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅកម្ពុជាឡើយ។ សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ វិច្ឆិកា។



សម្ដេច ហ៊ុន ម៉ាណែត បានលើកទឡ្ហីករណ៍ថា រោងចក្រអគ្គិសនីប្រើធ្យូងថ្មនេះ បង្កផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ស្របពេលដែលកម្ពុជា កំពុងគិតគូយ៉ាងខ្លាំងលើបញ្ហាបរិស្ថាន។

ដើម្បីការពារបរិស្ថាននេះ ប្រមុខរដ្ឋាភិបាល សម្រេចដាក់ចេញគោលនយោបាយ៥ ចំណុច ដោយក្នុងនោះ មានគោលការណ៍បញ្ឈប់សកម្មភាពរោងចក្រអគ្គិសនីដុតធ្យូងថ្មផងដែរ។
 
«បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូង និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូង ដែលមានស្រាប់ បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា។ នេះជាគោលដៅធំ»។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២ វិច្ឆិកា កន្លងមក។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ដោយពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនកាបូនិក បំពុលបរិស្ថានតិចតួចវិញ។
 
«ការប្ដេជ្ញាចិត្តរបស់យើង អត់ចាំពេលណាទេ។ ឥឡូវរោងចក្រដែលមាននេះ ខ្ញុំសម្រេចឱ្យបញ្ឈប់ »។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា បើអ្នកវិនិយោគចង់បោះទុនលើគម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងនេះ មិនចាំបាច់មកកម្ពុជា ព្រោះរដ្ឋាភិបាល មិនអនុញ្ញាតឡើយ។
 
ដោយឡែកគោលនយោបាយ៤ ចំណុចទៀត សម្ដេច ហ៊ុន ម៉ាណែត បានដាក់ចេញឱ្យក្រសួងរ៉ែ និងថាមពល ជំរុញការអនុវត្ត កិច្ចការងារថាមពល ស្របទៅតាមគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២ -២០៣០។ 
 
ក្រសួងរ៉ែ ត្រូវធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។ មិនតែប៉ុណ្ណោះត្រូវលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដែលផ្ដល់ផលប្រយោជន៍សំខាន់ក្នុងកិច្ចការពារបរិស្ថាន ជាពិសេសកាត់បន្ថយការចំណាយលើថ្លៃប្រេង និងសារធាតុពុលផ្សេងៗ ពីឧស្ម័នកាបូនិក។ បន្ថែមពីនេះ ក្រសួងរ៉ែ ត្រូវពិនិត្យរៀបចំការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី បញ្ជរអគ្គិសនីសម្រាប់រថយន្ត EV ដើម្បីជំរុញដល់ការប្រើប្រាស់យានយន្តនេះ។

Tag:
 ហ៊ុន ម៉ាណែត
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com