ជាតិ
សង្គមជាតិ
លោក ស សុខា ស្នើឱ្យអភិបាលរាជធានី-ខេត្ត ជួយពន្លឿនសេវារដ្ឋបាល ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី
30, Nov 2023 , 12:09 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ដើម្បីឱ្យការចុះបញ្ជីដីធ្លីដំណើរការដោយងាយស្រួលជូនពលរដ្ឋ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅអភិបាលរាជធានី-ខេត្ត ណែនាំដល់រដ្ឋបាលឃុំ-សង្កាត់ ត្រូវលើកលែងការបង់កម្រៃសេវាសម្រាប់ស្នើសុំលិខិតផ្សេងពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។ នេះបើតាមលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ត ចេញថ្ងៃទី២៩វិច្ឆិកា។

 
ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តម្រូវឱ្យពលរដ្ឋរៀបចំឯកសារភ្ជាប់មួយចំនួន ស្ថិតក្រោមសមត្ថកិច្ចសម្រេចរបស់រដ្ឋបាលឃុំ-សង្កាត់ និងរដ្ឋបាលក្រុង-ស្រុក ខណ្ឌ។ ឯកសារទាក់ទិនទាំងនោះ រួមមាន និត្យានូកូលកម្មលើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការចេញសេចក្ដីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្ដីចម្លងឬសំបុត្រអាពាហ៍ពិពាហ៍ សេចក្ដីចម្លងឬសំបុត្របញ្ជាក់មរណាភាព និងចេញលិខិតបញ្ជាក់ទាយាទជាដើម។ 
 
ដោយសារមើលឃើញចំណុចនេះ លោក ស សុខា ស្នើទៅអភិបាលរាជធានី-ខេត្ត ណែនាំដល់រដ្ឋបាលឃុំ-សង្កាត់ រៀបចំនិងដាក់ចេញដីកាណែនាំស្ដីពីការលើកលែងបង់កម្រៃសេវា សម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លី ត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំសង្កាត់នីមួយៗ។ 
 
ជាមួយគ្នាដែរ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវយកចិត្តឱ្យបានខ្ពស់ក្នុងផ្ដល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លី ដល់ពលរដ្ឋឱ្យបានឆាប់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីបញ្ជាឱ្យរដ្ឋបាលខេត្ត ត្រូវចាត់តាំងក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើការងារខាងលើ ទៅក្រសួងមហាផ្ទៃវិញ។ នេះបើតាមលោក ស សុខា។ 
 
សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើយុទ្ធនាការចុះបញ្ជីដីធ្លីដល់ពលរដ្ឋ ឱ្យបានចប់សព្វគ្រប់ទូទាំងប្រទេស។ យុទ្ធនាការនេះ មានបំណងធានាកម្មសិទ្ធិដីធ្លី ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕  

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com